អ្នក​យក​ព័ត៌មាន​១៣​នាក់​​ត្រូវ​​បាន​​ដោះ​លែង ក្រោយ​​សន្យា​​ថា​​ឈប់​​ចុះ​​យក​​ព័ត៌មាន​​នៅ​​ទី​តាំង​​ជល់​មាន់​​

អ្នក​សារព័ត៌មានទាំង១៣នាក់ដែល​ត្រូវ​បានសមត្ថកិច្ច​ឃាត់ខ្លួន​ នៅក្នុងប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

ចាងហ្វាង​របស់​សារព័ត៌មាន​មួយចំនួន ​អះអាង​ថា សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​ដោះលែង​អ្នកសារព័ត៌មាន​ចំនួន ១៣នាក់​ឱ្យមាន​សេរីភាព​វិញ ក្រោម​លក្ខខណ្ឌ​ឈប់​ឱ្យទៅ​យក​ព័ត៌មាន​នៅកន្លែង​ខុសច្បាប់ ហើយ​អ្នក​ទាំងនោះ​ប្រឈម​នឹង​អង្គភាព​បញ្ឈប់​ពី​ការងារ​ជាដើម។

អ្នកសារព័ត៌មាន ១៣នាក់ មក​ពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន ១០ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន​ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​ជល់មាន់​មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាយ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។ ពួក​គេ​ស្ថិត​ក្នុងចំណោម​មនុស្ស​សរុប ២៧នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នា​ពេលនោះ។

អ្នកយកព័ត៌មាន ៣រូប​នៃ​កាសែត​ផ្សះ​ផ្សា​ជាតិ និង​សារព័ត៌មាន​អន​ឡា​ញសេនាបតី ស្ថិត​ក្នុងចំណោម​អ្នកយកព័ត៌មាន ១០នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេលនោះ។

លោក សុខ ប៊ុ​នសំណាង និពន្ធ​នាយក​កាសែត​ផ្សះ​ផ្សាជាតិ និង​គេហទំព័រ​ព័ត៌មាន​សេនាបតី បានឱ្យ​ដឹង​ថា សហការី​ទាំង ៣រូប​របស់​លោក ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​ហើយ​កាលពី​ថ្ងៃទី២៦ ខែឧសភា។ លោក​បន្ថែម​ថា អ្នកកាសែត​ទាំងអស់​ត្រូវ​បាន​ដោះលែង ក្រោយពី​ផ្ដិតមេដៃ​លើ​កិច្ចសន្យា​ថា កុំ​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ទីតាំង​បែប​នោះ​ទៀត។

លោក សុខ ប៊ុ​នសំណាង ប្រាប់​ថា៖ «និយាយរួម ពួក​គាត់​មានការ​ដោះលែង​ហើយ ដោយសារ​និយាយ​ឱ្យចំ​ទៅ គាត់ ​[អាជ្ញាធរ​] ឱ្យ​យើង​ផ្តិត​មេដៃ កែប្រែ​កុំ​ឱ្យលើកក្រោយ ​យើងអ្នក​ព័ត៌មាន​យើង​ចូល​ទៅ​កន្លែង​អ៊ីចឹង ​[កន្លែង​លេងល្បែង កន្លែង​ជល់មាន់ កន្លែ​លេង​អាប៉ោង​] មាន​ហានិភ័យ​ច្រើន។ បើសិនជា​អ្នកណា​មិន​ធ្វើ​នីតិវិធី​អញ្ចឹង​ទេ អ្នក​ព័ត៌មាន​យើង​មួយចំនួន អ្នកខ្លះ​គាត់​អត់មាន​វិជ្ជាជីវៈ​ច្បាស់លាស់ អញ្ចឹង​ទេ​ គាត់​ចេះតែ​ដើរចូល​ផ្ទះ​គេ​…កន្លងមក​ មាន​ច្រើនណាស់​បង»។

លោក សុខ ប៊ុ​នសំណាង បានឱ្យ​ដឹង​បន្ថែម​ថា លោក​នឹង​បញ្ឈប់​សហការី​ទាំង ៣រូប​នោះ​ពី​តួនាទី​ជា​អ្នកយកព័ត៌មាន​របស់​ស្ថាប័ន​លោក ដោយ​លោក​ប្រាប់​ថា ពួក​គាត់​ពុំ​ធ្លាប់​បាន​រាយការណ៍​ព័ត៌មាន​មក​ស្ថាប័ន​នោះ​ឡើយ។

អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​ដែល​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​ព្រះចន្ទ​កម្ពុជា (PCK​-News​) ក៏​ស្ថិត​ក្នុងចំណោម​អ្នករាយការណ៍​ព័ត៌មាន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ។

លោក ប៉ាត សុខ ជា​ចាងហ្វាង​សារព័ត៌មាន​ព្រះច័ន្ទ​កម្ពុជា​ ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ខេត្តសៀមរាប និយាយ​ថា លោក​នឹង​ហៅ​បុគ្គលិក​របស់​ខ្លួន​ប្រាប់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ក្នុង​ការ​បំពេញការងារ​ផលិត​ព័ត៌មាន​ឱ្យ​អង្គភាព​នៅក្នុង​សប្តាហ៍​នេះ។ លោក​បញ្ជាក់​ថា បុគ្គលិក​របស់​គាត់​ អាច​ប្រឈម​នឹង​បញ្ឈប់​ពី​ការងារ​ ដោយសារតែ​បុគ្គលិក​រូប​នោះ​ចូល​ធ្វើការងារ​រយៈពេល​ចន្លោះ ៥ ទៅ ៦ខែ ប៉ុន្តែ មិនដែល​ផលិត​ព័ត៌មាន​ឱ្យអង្គភាព​យក​ទៅ​ផ្សព្វផ្សាយ​នោះ​ទេ។

លោក ប៉ាត សុខ ប្រាប់​ថា៖ «វា​ចូល​ប្រហែលជា ៥ ទៅ ៦ខែ មិនដែល​ផលិត​ព័ត៌មាន​មក​អង្គភាព​សោះ។ ខ្ញុំ​ខល​ទៅ​រក​ព័ត៌មាន​អ្វី​ គាត់​ថា មិនដែល​ដើរ នៅតែ​ផ្ទះ​កូន​ឈឺ ដល់ពេល​បែក​ការណ៍​សមត្ថកិច្ច​ចាប់។ ពេល​រួចរាល់​ការងារ​នេះ​ហើយ ខ្ញុំ​ផ្អាក​មិន​អាច​ឱ្យបន្តការងារ​នេះ​បន្ត​ទៀត​ទេ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពីអ​ធិការ​ខណ្ឌមានជ័យ លោក ម៉េ​ង វិមាន​តារា និង​ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត បានទេ​នៅ​ថ្ងៃនេះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេម​បូ​ចា​) លោក ណុប វី មានប្រសាសន៍​ថា លោក​គាំទ្រ​ការ​ដោះលែង​អ្នកសារព័ត៌មាន​ទាំង ១៣នាក់​ឱ្យមាន​សេរីភាព​វិញ ប៉ុន្តែ លោក​មិន​យល់ស្រប​ត្រង់​ចំណុច​ដែល​សមត្ថកិច្ច​ដាក់លក្ខខណ្ឌ​មិន​ឱ្យ​អ្នកសារព័ត៌មាន​ចុះទៅ​យក​ព័ត៌មាន នៅ​ទីកន្លែង​ដែល​ខុសច្បាប់ ដោយ​លោក​ចាត់ទុកថា ជា​ការ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ទៅវិញ។

លោក ណុប វី ប្រាប់​ថា៖ «បើសិនជា​ទីតាំង ឬទីកន្លែង​ដែល​មានការ​បើក​ប្រតិបត្តិ​ការ​ទៅទៀត វា​កាន់តែ​ជា​ចំណុច​សំខាន់ ឬមួយ​ជាទី​តាំង​ដែល​គាត់​គួរតែ​សរសេរ​រឿង គាត់​គួរតែ​បក​អា​ក្រា​តរឿង​មិន​ស្របច្បាប់​ទាំងអស់ ឱ្យសាធារណជន​បានដឹង ហើយ​ឱ្យមាន​វិធានការ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ។ ដូច្នេះ ការ​ហាមប្រាម​មិន​ឱ្យអ្នកសារព័ត៌មានឱ្យគាត់​ទៅ​ទីតាំង​ហ្នឹង​ទៀត ឬក៏​គាត់​ទៅ​យក​ព័ត៌មាន​នៅកន្លែង​ខុសច្បាប់​ហ្នឹង មិន​ត្រឹមត្រូវ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ