អាជ្ញាធរខេត្តកណ្តាល អះអាងថា ភាគីវៀតណាមបានរុះរើតង់ចំនួន ៩កន្លែងចេញពីតំបន់ព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល និងខេត្តអានយ៉ាង ប្រទេសវៀតណាម។
ឆ្លើយតបនឹងអ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីម្សិលមិញនេះ អភិបាលខេត្តកណ្តាលថ្មី លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៨ ខែឧសភានេះ គឺភាគីវៀតណាមបានរុះរើតង់ចំនួន ៩កន្លែង ក្នុងចំណោមចំនួន ៣១កន្លែងដែលបោះនៅតំបន់ព្រំដែន។ លោកថា នៅសល់ចំនួន ២២តង់ទៀតដែលមិនទាន់រុះរើនោះ គឺស្ថិតនៅទីតាំងទឹកដីដែលមានប្រជាពលរដ្ឋវៀតណាមកំពុងរស់នៅ។
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ យោធាវៀតណាមបានបោះតង់ចំនួន ៣១កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាល ទល់នឹងខេត្តអានយ៉ាង ប្រទេសវៀតណាម ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ តាមច្រករបៀងព្រំដែន។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាលបានចុះពិនិត្យតាមបណ្ដោយព្រំដែនស្ថិតនៅស្រុកកោះធំ ហើយបានរកឃើញតង់ចំនួន ៩កន្លែង ត្រូវបានទាហានវៀតណាមសាងសង់នៅតំបន់ដែលភាគីកម្ពុជា និងវៀតណាមមិនទាន់ឯកភាពគ្នា៕