បទ​​យក​ការណ៍​៖​ ខ្មែរ​ក្រោម​​បន្ត​​រំលឹក​​ពី​​ការ​បាត់​បង់​​ដី​​កម្ពុជា​ក្រោម​ ដើម្បី​​ជំរុញ​​ពល​រដ្ឋ​​ឱ្យ​​សិក្សា​​ពី​​ប្រវត្តិ​សាស្ត្រ​​ដ៏​​ឈឺ​​ផ្សា​នេះ​​

ទិដ្ឋភាពក្នុងថ្ងៃខួប ៧១ឆ្នាំ នៃ​ការបាត់បង់​ដី​កម្ពុជា​ទៅ​ឱ្យ​វៀតណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២០​) ដែល​ធ្វើឡើង​ក្នុង​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ (KKKHRDA-Center/ Screenshot)

ក្នុង​ឆ្នាំ១៩៤៩ ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​កណ្ដាល ​កំពុង​ត្រៀម​អបអរ​ពី​ពន្លឺ​ឯករាជ្យ​របស់​ខ្លួន​នោះ ឈាម​ខ្មែរ​មួយ​ក្រុម​ទៀត​ដែល​ស្ថិតនៅ​ដែន​ដី​សណ្ដ​ទន្លេមេគង្គ​ កំពុង​យំ​ឱ្យ​គ្នា​បន្ទាប់ពី​ទទួល​ដំណឹង​ពី​ការ​កាត់​ដី​កូសាំងស៊ីន​ ឱ្យទៅ​ជា​កម្មសិទ្ធិ​របស់​វៀតណាម។ ទឹកដី​កូសាំងស៊ីន​នេះ​ហើយដែល​ជា​ទឹកដី​ខ្មែរ​ដែល​មាន​ជីជាតិ​បំផុត ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​ប្រទេស​កម្ពុជា​សព្វថ្ងៃ ទឹកដី​នេះ​ហើយដែល​ខ្មែរយើង​ហៅថា​ជា «កម្ពុជាក្រោម»

រហូតមកដល់​ពេលនេះ ​គឺ​មាន​រយៈពេល ៧១ឆ្នាំ​ហើយដែល​សភា​បារាំង​កាត់ទឹក​ដីខ្មែរ​ទំហំ​ប្រមាណ ៦៧ ៧០០គីឡូម៉ែត្រ​ក្រឡា ទៅ​ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង។ បើ​ទោះជា​បាត់បង់​ទៅ​ជាង ៧០ឆ្នាំ​ហើយ​ក្ដី ក៏​ខ្មែរ​កម្ពុជាក្រោម​នៅតែ​រំលឹក​ពី​ថ្ងៃ​ឈឺចាប់​នេះ​ដដែល។

សំឡេង​ប្រកាស​តាម​មេក្រូ៖ «អ្វី​ដែល​យើង​មក​ជួបជុំគ្នា​នា​ថ្ងៃនេះ​ គឺទី១ ដើម្បី​រំលឹក​ដល់​ថ្ងៃ​អនុស្សាវរីយ៍​នៃ​ការ​កាន់ទុក្ខ​រំលឹក​ដល់​ការ​គម្រប់​ខួប​ទី៧១ឆ្នាំ។ ទី២ ដើម្បីរំលឹក​នឹកដល់​គុណ​នៃ​វរជន វរ​សមណ យុទ្ធជន យុទ្ធនា​រី ទាំង​បងប្អូន​ខ្មែរ​កម្ពុជាក្រោម​យើង​គ្រប់​ៗជំនាន់​ទាំងអស់​ ដែល​ពួក​គាត់​បាន​បូជា​ឈាម​ស្រស់​សាច់​ស្រស់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។ ទី៣ ក៏​ជា​សារ​មួយ​ដើម្បី​បង្ហាញ​ទៅដល់​បងប្អូន​ខ្មែរ​ទាំងអស់ ទាំង​ខ្មែរ​កម្ពុជាក្រោម ក៏ដូចជា​ខ្មែរយើង​គ្រប់ទិសទី​ឱ្យ​បាន​ជ្រាប​ថា​ នេះ​ជា​សារ​មួយ​ដើម្បី​រំលឹក​នឹកដល់​ថ្ងៃ​នៃ​ការបាត់បង់ ​ហើយក៏​ជា​សារ​មួយ​ដើម្បី​ដាស់តឿន​ដល់​ខ្មែរយើង​គ្រប់​ស្រទាប់​ទាំងអស់ ​ដើម្បី​ការពារ​កេរមរតក​ដែល​នៅ​សេសសល់​កុំឱ្យ​បាត់បង់​តទៅទៀត​»។ 

នេះ​ជា​ការ​រំលឹក​ពី​កម្ម​វត្ដុ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី៧១ (៤ មិថុនា ១៩៤៩ ដល់ ៤ មិថុនា ២០២០) នៃ​ការបាត់បង់​ដី​កម្ពុជា​ទៅ​ឱ្យ​វៀតណាម ដែល​ធ្វើឡើង​ក្នុង​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ 

ប្រធាន​សមាគម​ខ្មែរក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ លោក សឺន យឿង បាន​ផ្ដល់​បទសម្ភាសន៍​ដល់ VOD ថា ​អស់​រយៈពេល ២០ឆ្នាំ​ហើយ ដែល​សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា ​បន្ត​រំលឹក​ពី​ការ​បាត់​បង់​ដី​ទាំង ២១ខេត្ត​នេះ។ លោក​បន្ថែម​ថា ​មូលហេតុ​ដែល​លោក និង​ជនជាតិ​ខ្មែរក្រោម​ផ្សេងទៀត​បន្ត​រំលឹក​ទិវា​នេះ ​គឺ​ដោយសារ​ចង់​ដាស់​ស្មារតី​ជនជាតិ​ខ្មែរ​ទាំងស្រី​ប្រុស​នឹកដល់​ប្រវត្តិសាស្ត្រ​ដែល​ឈឺចាប់​នេះ និង​បន្ត​សិក្សា​ពី​ប្រវត្តិសាស្ត្រ​នេះ​ ដើម្បី​កុំឱ្យ​ប្រវត្តិសាស្ត្រ​ជាន់​ដាន​បន្ត​ទៀត។ 

លោក សឺន យឿង៖ «យើង​នៅ​កម្ពុជាក្រោម​ យើង​អត់​អាច​ធ្វើ ​[ពិធី​] បានទេ​! ទាល់តែ​យើង​មក​នៅ​ស្រុកខ្មែរ​ ទើប​អាច​ធ្វើ​បាន។ បើ​គិត​រហូតមកដល់​ពេលនេះ ​គឺ​មាន​រយៈពេល ២០ឆ្នាំ​ហើយ​បន្ទាប់ពី​ឆ្លង​សហ​សវ​ត្ស​មក​ យើង​ក៏​ចាប់ផ្ដើម​រំលឹក​ខួប​ថ្ងៃ៤ខែ៦ពី​ពេល​ហ្នឹង​រហូត​មក។ […] ទោះបី​ប្រទេស​ណា ​ជនជាតិ​ណាក៏ដោយ ​ក៏​គេ​មាន​អនុស្សាវរីយ៍​សម្រាប់​ប្រជាជន​របស់​គេ ហើយ​យើង​ក៏​ដូចគ្នា យើង​គួរតែ​រំលឹក ​ហើយ​មិន​អាច​បំភ្លេច​បានទេ ព្រោះ​ថ្ងៃ៤ខែ៦នេះ​ហើយដែល​បារាំង​បាន​ប្រគល់​ទឹកដី​កម្ពុជា​ឱ្យ​យួន​ធ្វើអាណានិគម​ត្រួតត្រា​រហូត​ធ្វើ​ឱ្យ​យើង​បែកបាក់​ព្រាត់​ប្រាស​បងប្អូន​រហូតមកដល់​សព្វថ្ងៃ​នេះ»។

អគ្គលេខាធិការ​នៃ​សមាគម​ខ្មែរក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ លោក សឺន ជុំ​ជួន មានប្រសាសន៍​ប្រាប់ VOD ថា៖ «ក្នុង​ភាព​ចាំបាច់​របស់​យើង ជា​ការ​រំលឹកដល់​ប្រជាជន សិស្ស​និស្សិត​ទាំងអស់ឱ្យ​ដឹង​ថា​ កម្ពុជាក្រោម​គឺជា​របស់​កម្ពុជា​យើង​កាលពី​អតីតកាល ដែល​បារាំង​ធ្វើការ​ផ្ទេរ​អាណានិគម​របស់​ខ្លួន​ ធ្វើអាណានិគម​បន្ត​ មិនមែន​ផ្ទេរ​ឱ្យ​ផ្ដាច់​ជា​កម្មសិទ្ធិ​វៀតណាម​ទេ​! គឺ​ចង់​រំលឹកអ៊ីចឹង ​ហើយ​ចង់​ដាស់តឿន ផ្ចង់ស្មារតី​ដល់​កូនខ្មែរ​ទាំងអស់​ឱ្យ​ក្រោក​ឡើង ​ដើម្បី​សិក្សា​ស្វែងយល់​នូវ​អ្វី​ដែល​ជា​សិទ្ធិ​របស់​យើង​ ហើយ​ទាមទារ​នូវ​អ្វី​ដែល​ជា​សិទ្ធិ​របស់​យើង​ដែល​បាត់ ​ឱ្យ​បាន​មកវិញ»។ 

ប្រធាន​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម ​អ្នកស្រី ផន ឈុន​លី ដែល​បាន​ចូលរួម​កម្មវិធី​រំលឹក​ខួប​បាត់បង់​ដី​កម្ពុជា​នៅ​ថ្ងៃនេះ ​មានប្រសាសន៍​ថា អ្នកស្រី​បាន​ចូលរួម​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ ដោយ​ថា ​ដើម្បី​រំលឹកពី​ការបាត់បង់​ដីខ្មែរ​ដ៏​ធំ​សម្បើម​នេះ ក៏ដូចជា​ដើម្បី​បំផុសគំនិត​របស់​យុវជនយុវនារី​ខ្មែរ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម ​ក៏ដូចជា​ចេះ​ជួយការ​ពារ​សាច់ឈាម​ខ្លួន​ផង​ដែរ។ 

អ្នកស្រី ផន ឈុន​លី៖ «ត្រូវតែ​រំលឹក ព្រោះអី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ ក៏ដូចជា​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គាត់​អត់​ទាន់​ដឹង ហើយ​ជាពិសេស​ពិភពលោក​ឱ្យ​គាត់​បានដឹង​ថា ​ទឹកដី​កម្ពុជាក្រោម​ជា​ទឹកដី​របស់​ខ្មែរ​ដែល​បារាំង​កាត់​ឱ្យ​វៀតណាម​ដោយ​ខុសច្បាប់​! ហើយក៏​ជា​ការ​រំលឹក​ដល់​យុវជន​ក៏ដូចជា​កូនខ្មែរ​ជំនាន់​ក្រោយ​ទៀត​ ឱ្យ​សិក្សា​ពី​ប្រវត្តិ និង​ទំនៀម​ទំ​លាប់​របស់​ខ្មែរ​កម្ពុជា​ក្រោមយើង ​ដែល​គាត់​ពេលនេះ​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​សព្វថ្ងៃ។ ហើយ​សព្វថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរយើង​គឺ​ជួប​ផល​លំបាក​ច្រើន​មែនទែន​ទាំងគ្រប់​វិស័យ​ទាំងអស់»។ 

យោង​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​អ្នកស្រី​ ត្រឹង ងា ឱ្យ​ដឹង​ថា ​ប្រវត្តិ​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ ​គឺ​កើតឡើង​តាំងពី​សតវត្ស​ទី១៧មក​ម៉្លេះ នៅពេល​ដែល​ខ្មែរ​មាន​វិបត្តិ​រា​ជប​ល្ល័ង្ក ​ជម្លោះ​ដណ្ដើម​អំណាច​ញឹកញយ ស្ដេច​ខ្មែរ​រវល់​តែ​ទៅ​ពឹង​ប្រទេស​ជិត​ខាងឱ្យ​អន្តរាគមន៍​លើបញ្ហាផ្ទៃក្នុង​របស់​ខ្លួន។ 

អ្នកស្រី​សរសេរ​ថា៖ «អ្នកដឹកនាំ​ជាតិ​ក្នុង​សម័យ​នោះ​ពុំ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​វាសនា​ប្រទេសជាតិ ចំពោះ​ជីវភាព​របស់​ប្រជារាស្ត្រ គឺថា​ ពុំ​បាន​គិតដល់​ប្រយោជន៍​រួម​ទេ តែ​គិត​ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន​អំណាច​ បាន​យស​ស័ក្កិ បាន​រាជបល្ល័ង្ក បាន​ស្នេហា បាន​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ម៉្លោះ​ហើយ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​បំណង​រៀងខ្លួន គេ​មិន​និយម​សម្របសម្រួល​ផ្សះផ្សា​រា​ជរង្សានុ​វង្ស​ទេ គេ​សុខចិត្ត​កេណ្ឌរាស្ត្រ​ឱ្យ​បង្ហូរឈាម​គ្នា រួច​រត់​ទៅ​ពឹង​បរទេស​ជិតខាង​ឱ្យ​គេ​ជួយ​គាំទ្រ ឱ្យ​គេ​ជួយ​ជំនួយ​ជា​ទ័ព​យក​មក​ជិះជាន់​ស្រុកទេស​ខ្លួន យក​មក​កាប់សម្លាប់​តែ​ជាតិ​ឯង»។ 

យោង​តាម​សៀវភៅ រឿង​រ៉ាវ​ទឹកដី​កម្ពុជាក្រោម សរសេរ​ដោយ​លោក ទៀន ថេន បាន​សរសេរ​ថា បើ​ទោះបី​ទឹកដី​កម្ពុជាក្រោម​នៅ​សតវត្ស​ទី១៧ ត្រូវ​បាន​យួន​យក​ទៅ​គ្រប់គ្រង​ក៏ដោយ​ក្ដី តែ​អំណាច​រាជាធិបតេយ្យ​កម្ពុជា​នៅតែ​រក្សា​កិត្យានុភាព​របស់​ខ្លួន​នៅ​ជិត​ប្រជាជន​ខ្លួន​ដដែល ហើយ​អ្វី​ដែល​រក្សា​ឥទ្ធិពល​ខ្មែរ​នៅ​កម្ពុជាក្រោម​នោះ​គឺ ព្រះពុទ្ធ​សាសនា។

កម្ពុជា ក្រោម​ការដឹកនាំ​របស់​ព្រះបាទអង្គឌួង ​(១៨៤១ ដល់​ ១៨៦០​) បាន​ព្យាយាម​វាយ​យក​ទឹកដី​កម្ពុជាក្រោម​ពី​វៀតណាម​វិញ។ នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៨៥៣ ព្រះអង្គ​បាន​លាយ​លក្ខណ៍​អក្សរ​ទៅព្រះចៅ​ណា​ប៉ូ​ឡេ​អុង​ទី៣ អធិរាជ​នៃ​ប្រទេស​បារាំង ពី​ការ​ស្នើសុំ​ពឹងពាក់​បារាំង​ដើម្បី​ជួយឧបត្ថម្ភ ការពារ ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ត្រូវ​បាន​ញាំញី​ដោយ​ប្រទេស​សៀម និង​យួន ក៏ដូចជា​ប្រមូល​មកវិញ​នូវ​ដី​ដែល​ត្រូវ​បាន​ដកហូត​ដោយ​អយុត្តិ​ធម៌​ពី​ដៃ​បុព្វបុរស​ខ្មែរ វា​ត្រូវការ​ពេល​ដល់ទៅ ៦ឆ្នាំ ​ដើម្បី​ចេញ​ជា​ផ្លែ​ផ្កា​។

បារាំង​ចាប់ផ្ដើម​វាយ​យក​ព្រៃនគរ​ពី​យួន​ដំបូង​នៅ​ខែកុម្ភៈ ឆ្នាំ១៨៥៩ និង​ចាប់ផ្ដើម​វាទី​ជា​បន្ដ​បន្ទាប់​យក​ដី​កម្ពុជាក្រោម​ទាំងមូល​ពី​វៀតណាម​បាន​ទាំងស្រុង​នៅ​ឆ្នាំ១៨៧៤។ ក្រោយពី​បោះ​ជើង​ក្នុងទឹក​ដី​កម្ពុជាក្រោម នៅ​ឆ្នាំ១៨៦២ ប្រទេស​បារាំង​បាន​យក​ទឹកដី​នេះ​ធ្វើជា​ទឹកដី​ខ្លួន​នៅ​ឯនាយ​សមុទ្រ​ ដែល​ហៅថា កូសាំងស៊ីន។ ហើយ​ក្រោយ​ការ​កាន់កាប់​ដី​នេះ​ជិត​មួយ​សតវត្ស​ប្រទេស​បារាំង​បានសម្រេច​ប្រគល់​ដី​នេះ​ឱ្យ​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។

លោក​ ត្រាំង​ឆាត ប៊ុត បាន​សរសេរ​ក្នុង​សៀវភៅ​កម្ពុជាក្រោម​ខ្មែរ និង​វិបត្តិ​អន្តរជាតិ ​ថា លោក​ប្រធានាធិបតី​បារាំង វាំង​សង់​អូ​រី​យូល ដែល​ត្រលប់​ពី​ប្រទេស​អាល់ហ្សេរី​វិញ មកដល់​ទូ​ឡុង បាន​ចុះហត្ថលេខា​ឱ្យ​ប្រើជា​ផ្លូវការ​ភ្លាម​នូវ​ច្បាប់​លេខ៤៩ ៧៣៣ ចុះ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ កែ​ប្រែ​លក្ខ​ន្ដិ​កៈ កូសាំងស៊ីន នៅក្នុង​សហភាព​បារាំង។ 

មាត្រា២ នៃ​ច្បាប់​នោះ ​ចែងថា៖ «ដែនដី​កូសាំងស៊ីន ត្រូវ​ភ្ជាប់​ទៅ​នឹង​រដ្ឋ​សមាគម​វៀតណាម ស្របតាម​ពាក្យ​នៃ​សេចក្តី​ថ្លែងការណ៍​រួម កាលពី​ថ្ងៃទី៥ មិថុនា ១៩៤៨ និង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី១៩ សីហា ១៩៤៩។ ដូចនេះ ​កូសាំងស៊ីន អស់​មាន​លក្ខ​ន្ដិ​កៈ​ជា​ដែនដី​(បារាំង​) នាយ​សមុទ្រ​ទៀតហើយ»។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​ខ្មែរក្រោម ​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​ តាំង សារៈ ថា​ការបាត់បង់​ដី​កម្ពុជាក្រោម ​មិនមែន​រងគ្រោះ​តែ​ខ្មែរក្រោម​ទេ​ គឺ​រងគ្រោះ​នៃ​អំបូរ​ខ្មែរ​ទាំងមូល ដែល​ពលរដ្ឋ​ត្រូវ​សិក្សា និង​ស្វែងយល់​ឱ្យ​បាន​ច្រើន​ពី​រឿង​នេះ។ 

លោក​ថា៖ «ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​មិនមែន​រងគ្រោះ​តែ​ខ្មែរ​កម្ពុជាក្រោម​ទេ ​គឺ​រងគ្រោះ​រហូតដល់​ជនជាតិ​ដែល​ស្ថិត​ក្នុង​អំបូរ និង​អំបូរ​ខ្មែរ​មន​ផង ព្រោះតែ​ជា​ទឹកដី​តែមួយ។ ហើយ​ខ្ញុំ​ចាំ​បាន​ថា​ បញ្ហា​នេះ ​កាលពី​ឆ្នាំ១៩៩៤ នៅពេល​ដែល​មានកម្ម​វិធី​ព្រះរាជ​សវនាការ​ជាមួយ​ព្រះមហាក្សត្រ​ សម្ដេចព្រះ​នរោត្តម​ សីហនុ គឺ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​បាន​ស្នើ​ក្នុង​ព្រះរាជ​សវន​ាការនោះ​ សុំ​ឱ្យ​បញ្ចូល​រាល់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជាក្រោម ​ក្នុង​នោះ​គឺ​មានដល់​ថ្ងៃទី៤ ខែមិថុនា​នេះ ​ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​នៃ​ក្រសួង​អប់រំ ​តែរ​ហូត​មកដល់ពេលនេះ​ គឺ​មិនទាន់​ឃើញ​ទទួលលទ្ធផល​នោះ​ទេ»។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​លោក ផៃ ស៊ី​ផាន មានប្រសាសន៍​ថា ​ការបាត់បង់​ដី​កម្ពុជាក្រោម គឺជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​មួយ ខណៈ​លោក​បន្ទោស​ទៅលើ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ជំនាន់​នោះ ​ដែល​ធ្វើឱ្យបាត់​បង​់ដី​ដ៏​ធំ​សម្បើម​នេះ​ទៅ​វៀតណាម។ 

លោក​ថា៖ «សុំ​អរគុណ​អ្នកសារព័ត៌មាន​ដែល​រំលឹក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម ​ក៏ប៉ុន្ដែ​ គ្មានអ្វី​ក្រៅពី​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ជា​ផលប្រយោជន៍​របស់​ខ្មែរ​ដែល​នៅ​លើ​ដី​វៀតណាម​ហ្នឹងឯង ក្រៅពីហ្នឹង​ យើង​អត់មាន​ធ្វើ​អី​ទេ។ ហើយ​យើង​មិន​យក​រឿង​កម្ពុជាក្រោម​ធ្វើជា​មធ្យោបាយ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ទេ ដែល​យើង​ដោះស្រាយ​ដោ​យស​ន្ដិ​វិធី​ជាមួយ​ប្រទេសជិតខាង ហើយក៏​យើង​សំណូមពរ​ឱ្យ​បងប្អូន​ខ្មែរ​កម្ពុជាក្រោម ​គ្មានអ្វី​ក្រៅពី​ការអនុវត្ត​ច្បាប់​ផ្ទៃក្នុង​វៀតណាម យើង​មិន​អាច​ធ្វើអ្វី​ហួសពី​ដែន​អធិបតេយ្យ​ភាព​របស់​យើង​នោះ​ទេ វៀតណាម​គេ​ជា​ប្រទេស​ឯករាជ្យ និង​ជា​ប្រទេស​អធិបតេយ្យ​ភាព​មួយ។ យើង​មិន​មានការ​ពិចារណា​ដាក់​ថ្ងៃ៤ មិថុនា​ ជា​ថ្ងៃ​រំលឹក​អ្វី​ទេ ពី​ព្រោះ​គ្រាន់តែ​ជា​ការ​ដឹងការ​យល់​របស់​ប្រជាពលរដ្ឋ​យើង​គឺ​គ្រប់គ្រាន់​ហើយ សៀវភៅ​ប្រវត្តិសាស្ត្រ​ក៏​គេ​បាន​សរសេរ​ច្រើន​ដែរ​ក្នុង​សាច់រឿង​ហ្នឹង ដូច្នេះ​ យើង​មិន​ចង់​ស្ដោះ​ទឹកមាត់​មួយ​ដែល​វា​ធ្លាក់​មក​លើ​ខ្លួន​យើង​ទេ ពីព្រោះ​ឱកាស​ដែល​យើង​អាច​ទាមទារ​ទឹកដី​កម្ពុជាក្រោម​នោះ ​គឺ​ខ្មែរ​នៅ​ជំនាន់​នោះ​គឺ​មិនបាន​ធ្វើ​កិច្ចការ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​ជំនាន់​ហ្នុង»។ 

ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា​ លោ​កបណ្ឌិត សុខ ទូច មានប្រសាសន៍​ប្រាប់ VOD ថា​ ការបាត់បង់​ទឹកដី​កម្ពុជា​ ផ្ដល់​មេរៀន​មួយចំនួន​ដល់​អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​ថា​ ដើម្បី​អាច​រក្សា​ប្រជាជាតិ​មួយ​ឱ្យ​ស្ថិតស្ថេរបាន វា​ត្រូវការ​ឯកភាព​ផ្ទៃក្នុង ត្រូវ​ស្គាល់​ពី​ខ្លួនឯង ឈប់​បង្ហាញ​ចរិត​តួឯក​និយម និង​ត្រូវ​ចងក្រងសិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់។

លោក​ថា៖ «យើង​ឃើញថា​ ក្រោយ​សម័យ​ព្រះបាទ​ជ័យវរ្ម័នទី៧មក ​គឺ​ចប់តែម្ដង ហើយ​បន្តម​កគឺ​ឃើញ​សម្តេច​ព្រះ​នរោត្តម សីហនុ​ ច្រើនតែ​ជា​ជំងឺ​តួឯក។ ហើយ​ចំនុច​ចុងក្រោយ ចូរយុវជនទាំងអស់​ត្រូវ​រៀន​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់ អាន​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ច្រើន ហើយ​យក​បទពិសោធន៍​នូវ​អ្វី​ដែល​កើតមាន​នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរយើង ​ដើម្បី​កុំឱ្យ​ជាន់​ដាន​ដដែល»។ 

ក្នុងនាម​ជា​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់​ លោក សឺង ជុំ​ជួន ចង់​ឃើញ​អនាគត​កម្ពុជាក្រោម​មួយ​ដែល​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​ជនជាតិ​ដើម ក្នុង​ការអនុវត្ត​ប្រពៃណី វប្បធម៌ ភាសា ដោយខ្លួនឯង។ 

លោក​ថា៖ «គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការប្រើ​ប្រាស់​ទំនៀម​ទំ​លាប់​ប្រពៃណី ភាសា​របស់​ខ្លួន​ដូចជា​ប្រទេស​គេ​ដទៃទៀត។ ដែល​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​បន្ត មានន័យថា​ ទំនៀម​ទំ​លាប់​ ប្រពៃណី អក្សរសាស្ត្រ​របស់​ខ្លួន​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​យើង​ជា​ជនជាតិ​ដើម នេះ​ដែល​ខ្ញុំ​ចង់​ឃើញ។ សុំ​ឱ្យ​វៀតណាម​ហ្នឹង​ប្រគល់​មក​ឱ្យ​យើង​នូវ​សិទ្ធិ​របស់​យើង​ កន្លែង​នេះ​ជា​ជំហាន​ដំបូង ដែល​នេះ​ជា​សិទ្ធិ​របស់​យើង​ដែល​អាច​ជា​ស្វយ័ត​ ដែល​ជា​ជំហាន​ដំបូង​ក៏បាន​ដែរ ព្រោះ​យើង​ជា​ម្ចាស់​ដើម​ ជា​ម្ចាស់​ទឹកដី ​អ៊ីចឹង​អ្វី​ដែល​យើង​ចង់បាន ​រចនាសម្ព័ន្ធ គឺ​សុំ​ឱ្យ​មានការ​គ្រប់គ្រង​ដោយខ្លួនឯង»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ