អង្គការខុមហ្វ្រែលស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើវិសោធនកម្មឬកែច្បាប់បោះឆ្នោត ដើម្បីផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះនិងមានសិទ្ធិបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា(ខុមហ្វែ្រល) ឱ្យដឹងថា ចាប់តាំងពីមានការកែទម្រង់បញ្ជីបោះឆ្នោតនិងចុះឈ្មោះកាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩មក ខុមហ្វែ្រលរកឃើញថា គុណភាពនៃបញ្ជីចុះឈ្មោះបោះឆ្នោតមានភាពល្អប្រសើរ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធ្វើចំណាកស្រុកនៅតែជួបបញ្ហាប្រឈមដដែល។
ខុមហ្វែ្រល ឱ្យដឹងថា បញ្ហាប្រឈមគឺប្រជាពលរដ្ឋធ្វើចំណាកស្រុកនោះ គឺពួកគេមិនអាចទទួលបានការសម្របសម្រួលមកចុះឈ្មោះបានឡើយ។ ខុមហ្វ្រែលស្នើទៅ គ.ជ.ប. ឱ្យមានការជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឬបង្កើតនីតិវិធី ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេស ដែលមិនទាន់បានចុះឈ្មោះ អាចមានលទ្ធភាពចុះឈ្មោះ បោះឆ្នោតនៅខាងក្រៅប្រទេស។
នៅថ្ងៃនេះវីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណៈកម្មាធិការជារៀបចំការបោះឆ្នោតជាតិ លោក ហង្ស ពុទ្ធា បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ដោយឡែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិលោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា ជាប់រវល់។
ខុមហ្វែ្រល ឱ្យដឹងថា ការចុះឈ្មោះរយៈពេល២២ ថ្ងៃ ក្នុងឆ្នាំ២០១៩ មានប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតចំនួន១០ ១៧៨ ៨០៩ នាក់ដោយមានការិយាល័យបោះឆ្នោតចំនួន ២៣៣៦៤ ការិយាល័យ។
បើតាមខុមហ្វ្រែលបានរកឃើញដែរថា ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលមានឈ្មោះស្ទួន ក៏មានការថយចុះ គឺថយថុះពី៨៩ឈ្មោះ នៅឆ្នាំ២០១៨ មកនៅ ៤៤ឈ្មោះ នៅឆ្នាំ២០១៩ ក្នុងចំណោមឈ្មោះអ្នកបោះឆ្នោតដែលមាននៅក្នុងបញ្ជីជាង ៨,៦លាននាក់៕