ក្រសួង​សុខាភិបាល​ក្រើន​​រំឭក​​ពលរដ្ឋ​ឱ្យ​​រួម​គ្នា​ទប់ស្កាត់​​រលក​ទី​ពីរ​នៃ​ការ​ឆ្លង​​រីក​រាល​ជំងឺកូវីដ១៩

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលអំពាវនាវទៅប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្ត​មួយចំនួន ប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់កុំឲ្យ​មានរលកទីពីរ​នៃការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃនេះថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ឬមានការជួបជុំគ្នាច្រើន ដោយមិនបាន ឬភ្លេចខ្លួនអនុវត្តការពារខ្លួន​ពីការចម្លងជំងឺកូវីដ១៩ ជាការធ្វេសប្រហែស អាចជាហានិភ័យមួយកើតមានឡើងចម្លងរោគក្នុងចំណោមនុស្សនៅទីកន្លែងណាមួយ ពេលណាមួយ កាលៈទេសៈណាមួយ ដែលអាចឈានទៅកើតនូវរលកទីពីរនៃការចម្លងវីរុសកូវីដ១៩នៅកម្ពុជាផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​សេខក្ដី​ប្រកាស​ព័ត៌មាន​ថា ដើម្បីបញ្ជៀសកុំឲ្យកើតមានឡើងរលកទីពីរនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបទទួលបានផលវិជ្ជមាន។

លោក ម៉ម ប៊ុនហេង ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា៖ «ត្រូវនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តវិធានការសាមញ្ញៗ ដូចជា ការរក្សាអនាម័យ ដៃស្អាតជាប់ជានិច លាងអាល់កុល សាប៊ូ ទឹកលាងដៃ ប្រើម៉ាស់ កន្លែង ក្រម៉ា ក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ រក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច ១.៥​ម៉ែត្រ​ឡើងទៅ»។

បន្ថែមពីនេះ នៅពេលមានពិធីបុណ្យ បុណ្យសាសនា ខួបកំណើត ឡើងផ្ទះ ឬអាពាហ៍ពិពាហ៍ ដែលមានទ្រង់ទ្រាយធំ ហើយការឈរ អង្គុយ រង់ចំាំ និងជជែកគ្នា ត្រូវរក្សាគម្លាតពីកន្លែង ១.៥ម៉ែត្រឡើងទៅ។ ពេលជួបគ្នា ជៀសវៀងឱបថើប ចាប់ដៃ ដោយជំនួសមកវិញលើកដៃសំពះ លើកដៃធ្វើជាសញ្ញា ឬងក់ក្បាលដាក់គ្នាជាដើម។

ចំណែក​កន្លែងសិក្ខាសាលា ត្រូវរៀបចំបន្ទប់ធំ មានខ្យល់ចេញចូល និងរក្សាគម្លាតពីគ្នា១.៥ម៉ែត្រឡើងទៅ មុនចូលរួមត្រូវវាស់កម្តៅអ្នកចូលរួម ត្រូវពាក់ម៉ាស់ និងអនុវត្តលាងដៃជាប្រចាំ ចំពោះអ្នកមានបញ្ហាសុខភាពមិនត្រូវឲ្យចូលរួមនោះទេ ទើបទប់ស្កាត់កុំឲ្យមានរលកទីពីរនៃការចម្លងជំងឺវីរុសកូវីដ១៩ក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា គិតមកថ្ងៃទី០៧ ខែមិថុនានេះ ចំនួនអ្នកមានមេរោគកូវីដ១៩ដែលរកឃើញនៅកម្ពុជា សរុប ​១២៦នាក់​ ក្នុងនោះព្យាបាលជាសះស្បើយបាន១២៣នាក់។

ចំណែក ៣នាក់ទៀត រួមមាន បុរសជនជាតិខ្មែរ ១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និងបុរសជនជាតិខ្មែរ-បារំាំង ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបុរសជនជាតិខ្មែរម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី នៃខេត្តបន្ទាយមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ