កម្មករ-កម្មការិនីរោងចក្រ ញូបែស គ្លូប៊ល ថេកស្ថាយ (New best Global Textile) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចោទតុលាការថា អនុញ្ញាតឱ្យរោងចក្រដឹកសម្ភារចេញ ហើយបិទរោងចក្រទាំងមិនទាន់បានផ្តល់សំណងដល់ពួកគាត់។
កាលពីខែកុម្ភៈ កម្មករជាង ៧០០នាក់របស់រោងចក្រនេះ បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារប្រាក់ឈ្នួលចុងក្រោយ និងអត្ថប្រយោជន៍ផ្សេងៗ ក្រោយថៅកែរត់ចោលដោយមិនបានដោះស្រាយសំណងជូនពួកគេ។
ប្រធានក្រុមផ្នែកត្រួតពិនិត្យដែលបម្រើការងារនៅរោងចក្រ New best Global Textile ៤ឆ្នាំអ្នកស្រី ព្រំ តុលា ប្រាប់វីអូឌីថា ក្រោយកើតវិវាទ គឺក្រុមកម្មករបានដាក់បណ្តឹងទៅមន្ទីរការងារខេត្តកំពង់ស្ពឺឱ្យដោះស្រាយ ប៉ុន្តែ រហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយទេ។
ប្រធានក្រុមផ្នែកត្រួតពិនិត្យរូបនេះ បន្ថែមថា រឿងអយុត្តិធម៌មួយនេះ គឺក្រុមកម្មករបានប្តឹងទៅតុលាការខេត្តកំពង់ស្ពឺដែរ ហើយតុលាការមួយនេះ បានចេញដីការក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ប៉ុន្តែ អ្នកស្រី ព្រំ តុលា ថា តុលាការមិនអនុវត្តដីកានោះឡើយ ដោយបណ្តែតបណ្តោយ ទុកឱ្យបក្ខពួករបស់ថៅកែរោងចក្រ លួចដឹកអីវ៉ាន់ក្នុងក្រុមហ៊ុនចេញអស់ថែមទៀតផង។
អ្នកស្រីបន្ថែមថា៖ «អ្វីដែលអយុត្តិធម៌បំផុតនោះគឺ តុលាការគាត់បានចេញដីការក្សាការពារហើយ ប៉ុន្តែ គាត់មិនបានចុះទៅអនុវត្តទេ ទុកឱកាសឱ្យក្រុមហ៊ុនលួចដឹកអីវ៉ាន់ចេញអស់។ បើគាត់ចុះអនុវត្ត វានៅសល់សម្ភារខ្លះ នោះកម្មករមានសង្ឃឹមឆាប់ទទួលបានសំណង។ ឥលូវ រោងចក្រហ្នឹងត្រូវបានម្ចាស់អគារគេជួលឱ្យថៅកែថ្មី ហើយគេបើកដំណើរការវិញហើយ។ និយាយទៅ អ្វីដែលពួកខ្ញុំប្តឹង គឺគ្មានប្រសិទ្ធភាពសោះហ្មង គេមិនចាប់អារម្មណ៍សោះហ្មង»។
ប្រធានក្រុមផ្នែកដេរដែលបម្រើការងារនៅរោងចក្រ New best Global Textile ជាង ៣ឆ្នាំ អ្នកស្រី ង៉ែត ស្រីណាក់ និយាយថា ក្រុមកម្មករមិនបញ្ចប់វិវាទ ឬឈប់តវ៉ានោះទេ ប្រសិនបើពួកគេមិនទទួលបានសំណងតាមផ្លូវច្បាប់។
អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំនៅតែតវ៉ា ពួកខ្ញុំមិនអាចបញ្ឈប់ការតវ៉ាទេ។ ពួកខ្ញុំចាំមើលខាងក្រសួងការងារ គេហៅពួកខ្ញុំដែលជាតំណាងទៅដោះស្រាយ។ ពួកខ្ញុំនឹងចាំមើល១អាទិត្យហើយ១អាទិត្យទៀត។ ប្រសិនបើអត់ឃើញគេហៅទេ ពួកខ្ញុំជាកម្មករទាំងអស់ នឹងឡើងក្រសួង ឬរកវិធីអ្វីផ្សេងដែលអាចឱ្យគេដោះស្រាយជូនពួកយើងឱ្យបានលឿន»។
ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន មានប្រសាសន៍ថា ថៅកែរោងចក្រ New best Global Textile បានបិទអាជីវកម្ម រត់ចោលរោងចក្រ ដោយនៅជំពាក់ប្រាក់សំណងកម្មករបន្តិចបន្តួចប៉ុណ្ណោះ។ លោកថា ថៅកែនៅជំពាក់ប្រាក់ឈ្នួលកម្មករចំនួន ៨ថ្ងៃ ប្រាក់ព្យួរការងារចំនួន ១០ថ្ងៃ និងប្រាក់បំណាច់ឆ្នាំ។
បើតាមប្រធានមន្ទីរការងាររូបនេះ គឺម្ចាស់អគារបានចេញមុខដោះស្រាយសំណងដែលនៅសេសសល់នោះជំនួសថៅកែហើយ ប៉ុន្តែ ក្រុមកម្មករមិនព្រមមកបើក ដោយលោកថា កម្មករបានស្តាប់តាមការញុះញង់របស់សហជីពដែលថា នឹងទទួលបានសំណងច្រើនជាងនេះ។
លោកបន្ថែមថា៖ «ម្ចាស់អគារគេបានចេញមុខដោះស្រាយ ដើម្បីកុំឱ្យមានបញ្ហាថ្ងៃក្រោយ។ ហើយគេចង់យកអគារគេជួលបន្តទៅឱ្យថៅកែថ្មី។ តែដោយសារមានជនសហជីពខ្លះ បានទៅប្រាប់កម្មករថា ត្រូវបានលុយម្នាក់ៗរាប់ពាន់ដុល្លារ។ អីចឹង បងប្អូនកម្មករគាត់គិតថា គាត់ត្រូវបានច្រើនជាងហ្នឹងទៀត គាត់ក៏អត់ទាន់បើកទៅ។ ឥលូវ បើបងប្អូនកម្មករគាត់ចង់មកបើក គាត់មកចុះឈ្មោះ យើងបើកឱ្យលុយដែលថៅកែនៅជំពាក់តិចតួចហ្នឹង»។
វីអូឌីមិនអាចរកការឆ្លើយតបពីមន្ត្រីតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីនេះបានទេ ខណៈប្រធានលេខាធិការដ្ឋានរដ្ឋបាលនៅសាលាដំបូងខេត្តមួយនេះ គឺលោក ស៊ន វីរៈ ប្រាប់ថា លោកត្រូវបានផ្លាស់ចេញពីកំពង់ស្ពឺទៅកាន់នៅខេត្តបាត់ដំបងយូរហើយ។
មន្ត្រីចងក្រង និងដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី ម៉ន ចាន់ណា ដែលឃ្លាំមើលវិវាទការងារនៅរោងចក្រ New best Global Textile នេះ មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងមុន ត្រូវដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់ជំងឺចិត្ត ប្រាក់ជូនដំណឹង និងប្រាក់អតីតភាពការងារដែលនៅសល់។
មន្ត្រីសហជីពរូបនេះបន្តថា ករណីវិវាទការងារនៅរោងចក្រនេះ គឺនៅពេលដោះស្រាយមិនត្រូវគ្នា មន្ទីរការងារខេត្តកំពង់ស្ពឺមិនបានបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្តនោះទេ។
អ្នកស្រី ម៉ន ចាន់ណា បន្ថែមថា កាលពីដំបូងឡើយ ពេលកម្មករតវ៉ានោះ គឺរោងចក្រនៅសល់សម្ភារច្រើនដែលអាចលក់ឡាយឡុងដោះស្រាយសំណងជូនកម្មករគ្រប់គ្រាន់ ប៉ុន្តែ ក្រោយពីតុលាការចេញដីការក្សាសម្ភាររបស់ក្រុមហ៊ុន គឺម្ចាស់ទីតាំងបានលួចដឹកសម្ភារចេញអស់។
អ្នកស្រីបន្ថែមថា៖ «កម្មករទាមទារដោះស្រាយតាមផ្លូវច្បាប់ មានមន្ទីរការងារជាអ្នកសម្របសម្រួល។ ហើយបើអត់សះជាគ្នាទេ មន្ទីរការងារត្រូវរុញទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត ប៉ុន្តែ មន្ទីរការងារមិនបានរុញសំណុំរឿងយើងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមនីតិវិធីទេ។ អីចឹង កម្មករគាត់ត្រូវបានបាត់បង់អត្ថប្រយោជន៍នូវអ្វីដែលពួកគាត់ត្រូវទទួលបានតាមផ្លូវច្បាប់។ ហើយយើងនៅតែជំរុញរឿងនេះ ប៉ុន្តែ ពួកគាត់នៅផ្អឹបរឿងយើង មិនដឹងជាក្នុងគោលបំណងអ្វី»។
បើតាមកម្មករ រោងចក្រ New best Global Textile ជារោងចក្រផលិតសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងកម្មករជាង ៧០០នាក់ ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មដោយមិនបើកប្រាក់ឈ្នួលចុងក្រោយ និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ឡើយ៕