ប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនូន៦០នាក់ដែលកំពុងជាប់គាំងនៅប្រទេសឥណ្ឌានឹងត្រូវដឹកត្រលប់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ។
ការអនុញ្ញាតិឱ្យយន្តហោះដឹកពលរដ្ឋខ្មែរទាំង៦០នាក់មកប្រទេសកំណើតវិញធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជានិងប្រមុខដឹកនាំឥណ្ឌា បានសម្រេចសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញរៀងៗខ្លួន ក្រោយពេលពួកគេខកខានឬជាប់នៅប្រទេសមួយទៀតដោយជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញនៅថ្ងៃទី១១មិថុនានេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «យន្តហោះមួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីឥណ្ឌាមកកម្ពុជាវិញនៅថ្ងៃទី១២មិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងត្រឡប់ទៅស្រុកវិញតាមជើងយន្តហោះនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀតនៅថ្ងៃទី ១៩ខែមិថុនា ដែលមានចំនួនសរុប២៨០នាក់»។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញ។ មេដឹកនាំប្រទេសទាំងពីរ ក្រៅពីថ្លែងអំណរគុណគ្នាក្នុងការសម្របសម្រួលឱ្យពលរដ្ឋប្រទេសរៀងខ្លួនបានត្រលប់ទៅស្រុកវិញ ក៏បានពិភាក្សាគ្នាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបានពិភាក្សាពីទំនាក់ទងទ្វេភាគី និងក្នុងតំបន់ផងដែរ៕