កម្ពុជា​​ស្នើ​​វៀត​ណាម​​គោរព​ច្បាប់​​អន្តរ​ជាតិ​​ករណី​​ផ្សាយ​​កូ​វីដ​១៩​

មន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តន៍នៃជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

​កម្ពុជា អំពាវនាវ​ទៅ​«ភាគី​មិត្ត​វៀតណាម»ឱ្យគោរព​បទដ្ឋាន​បច្ចេកទេស និង​គោលការណ៍​អន្តរជាតិ ដោយ​ថា ការ​ចុះផ្សាយ​កន្លងទៅលើករណី​អ្នក​ផ្ទុក​កូ​វីដ១៩ ដោយ​មិនបាន​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​កម្ពុជា។ 

សេចក្តី​ថ្លែងការណ៍​ចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួងសុខាភិបាល​កម្ពុជា បាន​ច្រានចោល​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​មួយ ដែល​ថា ​ករណី​ជនជាតិ​វៀតណាម​អាយុ ១៨ឆ្នាំ ធ្វើតេស្តវិជ្ជមាន​កូ​វីដ១៩ ចេញពី​កម្ពុជា។

ថ្មី​ៗនេះ សារព័ត៌មាន​វៀតណាម​ឈ្មោះ លុយ​អាត​វៀតណាម​ (Luatvetnam.vn​) ចុះផ្សាយ​ថា បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​អាយុ ១៨ឆ្នាំ ​ជា​អ្នកជំងឺ​កូ​វីដ១៩ ធ្វើដំណើរ​ពី​កម្ពុជា​ចូល​វៀតណាម តាម​ច្រក​ទ្វារ​ព្រំ​ដែន​ ថុង​ហ្វើ​ក (Thuong Phuon​) នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវបាន​ធ្វើតេស្ត​រក​ឃើញវិជ្ជមាន​វី​រុសកូវីដ១៩។

សារព័ត៌មាន​វៀតណាម​ដដែល​ឱ្យដឹង​ដែរ​ថា បុរស​នោះ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌលសុខភាព ង្វាន​ហុង​ងី ប្រទេស​វៀតណាម នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​នេះ​ថា​ «ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ច​ខំប្រឹង​ប្រែង​របស់​កម្ពុជា» និងអំពាវនាវ​ឱ្យវៀតណាមគោរព​តាម​បទ​ដ្ឋាន​បច្ចេ​កទេស និង​គោលការណ៍​និយ័ត​កម្ម​ (បញ្ញត្ត​ិ) អន្តរជាតិ​ លើ​ករណី​ជំងឺឆ្លង មុននឹង​ធ្វើការ​សន្និដ្ឋាន ឬចុះផ្សាយ ដើម្បី​ផលប្រយោជន៍​ប្រជាជន​ទាំងពីរ​ប្រទេស។

បើ​តាម​ក្រសួង បុរស​ជនជាតិ​វៀតណាមដែល​អះអាង​ថាផ្ទុក​កូ​វីដ១៩ពី​កម្ពុជា​នោះ រស់នៅ​ក្នុង​ប្រទេស​វៀតណាម ស្ថិត​ក្នុង​ឃុំ​ថុង​ហ្វុ​ក ស្រុក​ហ្វៀ​នហុង​ងី ខេត្ត​ដុង​ថាប់ ហើយ​ថា ​«ការដែល​ចម្លង​នេះ គឺ​មានការ​ឆ្លង​នៅ​ប្រទេស​វៀតណាម​នេះ​តែម្តង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ