ប្រទេសស៊ុយអែត នឹងផ្អាកការគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេរភាគីជាមួយកម្ពុជាលើវិស័យផ្សេងៗចាប់ពីដើមខែកក្កដា ឆ្នាំ២០២១ ដោយងាកមកជួយលើសកម្មភាពពង្រឹងប្រជាធិបតេយ្យ នីតិរដ្ឋ និងការលើកកម្ពស់សិទ្ធិមនុស្សវិញ។
ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាកត់សម្គាល់ក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនថារាជរដ្ឋាភិបាលស៊ុយអែតបានសម្រេចផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជាលើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ប្រភពដដែលបន្តថាសកម្មភាពនានាដែលទាក់ទងនឹងបញ្ហាទាំងនោះនៅតែទទួលបានការគាំទ្រពីស៊ុយអែត ហើយគំនិតផ្តួចផ្តើមថ្មីៗនឹងត្រូវបានពិចារណាផងដែរ។ ដោយឡែកកិច្ចសហប្រតិបត្តការផ្សេងពីនេះដែលបច្ចុប្បន្នទទួលបានការគាំទ្រពីប្រទេសស៊ុយអែតនឹងត្រូវលុបចោល។
បន្ថែមលើនេះក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាចេញផ្សាយនៅថ្ងៃទី១២មិថុនា ឆ្នាំ២០២០បានលើកឡើងថាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និង អង្គការសង្គមស៊ីវិលនៅកម្ពុជាត្រូវបានរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សេចក្ដីប្រកាសដដែលបានដកស្រង់ប្រសាសន៍រដ្ឋមន្ត្រីផ្នែកកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត លោកភីតធើ អេរិកសាន់(Peter Eriksson) ដែលបានលើកឡើងថា៖ «លំហរប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជាហេតុធ្វើឱ្យពិបាកក្នុងការបន្តកិច្ចសហប្រតិបត្តិការទូលំទូលាយនិងជិតស្និទ្ធ (រវាងស៊ុយអែត និងកម្ពុជា)។ រដ្ឋាភិបាល(ស៊ុយអែត)ជ្រើសរើសដោយប្តូរទិសដៅនៃការអភិវឌ្ឍន៍របស់យើង ដើម្បីផ្តល់ជូននូវការផ្លាស់ប្តូរប្រសើរជាងមុននូវស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេស(កម្ពុជា)។
លោកភីតធើ អេរិកសាន់បន្តថា ៖«យើងនឹងនៅតែបន្តជួយដល់សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្សសកម្មជនប្រជាធិបតេយ្យ នៅកម្ពុជា។ស៊ុយអែតនៅតែការពារគោលការណ៍ប្រជាធិបតេយ្យនិងនៅតែនិយាយចេញមកដោយបើកចំហរ នៅពេលដែលការគោរពលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ»។
បច្ចុប្បន្នទីភ្នាក់ងារអភិវឌ្ឍន៍ស៊ុយអែតប្រចាំនៅកម្ពុជាបានផ្ដល់ជំនួយឱ្យកម្ពុជាលើវិស័យអាទិភាពមួយចំនួនរួមមាន បម្រែបម្រួលអាកាសធាតុ ប្រជាធិបតេយ្យនិងអភិបាលកិច្ច ការអប់រំ សិទ្ធិមនុស្ស សេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម។ គេហទំព័រស្ថានទូតស៊ុយអែតបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ស៊ុយអែតផ្ដល់ជំនួយមកកម្ពុជាសរុបចំនួនមាន២៤លាន ដុល្លារ។ ក្នុងនោះផ្នែកបរិស្ថាននិងបម្រែបម្រួលបរិយាកាសបានទទួលជំនួនជាង៤លាន៦សែនដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត ភក្ត្រា មានប្រសាសន៍ថា លោកមិនទាន់អាចអត្ថាធិប្បាយបន្ថែមជុំវិញសេចក្ដីប្រកាសរបស់ស៊ុយអែតនេះឡើយ។ ប៉ុន្ដែក្រសួងបរិស្ថាននៅតែអនុវត្តគម្រោងជាមួយស៊ុយអែតដែលសេសសល់រហូតដល់កាលបរិច្ឆេទចុងក្រោយ។
លោកនេត ភក្ត្រា មានប្រសាសន៍ថា៖ «ចំពោះគម្រោងជាមួយបរិស្ថាននេះខ្ញុំមិនទាន់អត្ថាធិប្បាយបន្ថែមទេដោយសារចាំមើលការសម្រេចហ្នឹងសិន។ ជាធម្មតាការសម្រេចនេះនឹងចូលជាធរមាននៅខែកក្កដាឆ្នាំ២០២១។ អីចឹងអ្វីដែលមានកិច្ចព្រមព្រៀងជាមួយគ្នានោះយើងនៅបន្តអនុវត្តដដែល»។
ចំពោះអ្នកនាំពាក្យក្រសួងយុត្តិធម៌និងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន វិញលោកចាត់ទុកថាការដែលស៊ុយអែតប្ដូរយុទ្ធសាស្ត្រឈប់ជួយស្ថាប័នរដ្ឋាភិបាលកម្ពុជាទៅជួយសង្គមស៊ីវិលជាយុទ្ធសាស្ត្របរាជ័យក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស។
លោក ជិន ម៉ាលីន លើកឡើងថា៖ «គាត់យកយន្ដការនេះមែននឹងមិនជោគជ័យទេ។ គាត់ផ្ដល់ការគាំទ្រដល់សង្គមស៊ីវិល សង្គមស៊ីវិលនឹងប្រឆាំងនិងតតាំងជាមួយរដ្ឋាភិបាល លើវិស័យសិទ្ធិមនុស្ស ដែលនាំឱ្យបរាជ័យនូវគោលបំណងរបស់រដ្ឋាភិបាលស៊ុយអែត។ផ្ទុយទៅវិញគាត់គួរតែជួយទាំងរដ្ឋាភិបាលជួយទាំងសង្គមស៊ីវិល ដោយសហការណ៍គ្នាពង្រឹងលទ្ធិប្រជាធិតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា»។
បើតាមលោកជិនម៉ាលីន ប្រទេសស៊ុយអែតនិងរាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធ្វើការងារជាមួយគ្នាបន្ថែមទៀតក្នុងការលើកកម្ពុជាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការសម្រេចរបស់ភាគីស៊ុយអែតទំនងជាសិក្សានិងស្វែងយល់ច្បាស់លាស់ ដោយផ្អែកលើស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងធ្លាក់ចុះ។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖« ខ្ញុំយល់ថាមុននឹងការសម្រេចចិត្តនេះស្ថានទូតស៊ុយអែតប្រហែលគេមានការសិក្សាស្រាវជ្រាវដោយក្រុមបច្ចេកទេសគេច្បាស់លាស់ថាអ្វីដែលគេបានជួយ(ទៅស្ថាប័នរដ្ឋ)អត់អាចមានការកែប្រែទៅបានទេ។ ជាពិសេសយើងមើលឃើញហើយនូវស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស ការបំបាក់សម្លេងអ្នកជំទាស់ ការគាបសង្កត់សម្លេងសង្គមស៊ីវិលនិងអ្នកសារព័ត៌មាននៅតែបន្ត។ អីចឹងហើយបានជាគេដកនូវជំនួយ(ទៅស្ថាប័នរដ្ឋ)ទាំងអស់ហ្នឹង»។
ការសម្រេចរបស់ស៊ុយអែតបែបនេះ ធ្វើឡើងរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីយុទ្ធនាការណ៍ចាប់ខ្លួនអ្នកគាំទ្រនិងមន្ត្រីបក្សប្រឆាំងកក្រើកឡើងវិញ។ មន្ត្រីមូលដ្ឋានបក្សប្រឆាំង២នាក់រួមមាន គ្រូបង្រៀននៅខេត្តកំពង់ធំ លោក ស៊ុនធន់ និងអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី ត្រូវបានចាប់ដាក់ពន្ធនាគារនៅក្នុងដើមខែមិថុនានេះ។
ប្រទេសស៊ុយអែតធ្លាប់ផ្ដាច់ជំនួយកម្ពុជាម្ដងហើយកាលពីឆ្នាំ២០១៧ នៅពេលដែលតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ៕