រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជាជាង៦លានដុល្លារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺជំងឺកូវីដ-១៩នៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស ដែលគិតជាទឹកប្រាក់ចំនួន ៦ ៣២០ ១៦៧ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងការបរទេស ឱ្យដឹងថា ការផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនៅកម្ពុជា។
បើតាមក្រសួងការបរទេស ដដែលថា ការផ្ដល់ជំនួយនេះ ធ្វើឡើងតាមរយៈការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS)។
ក្រសួងសុខាភិបាល ឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៦ នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ១២៥ នាក់ ហើយនៅសល់ម្នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។