ក្រសួងសុខាភិបាលដាក់គោលការណ៍ទៅមន្ត្រីអភិបាលរាជធានី-ខេត្តទាំងអស់ ប្រាប់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចេះការពារសុខភាពជៀសវាងពុលស្រាស និងស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវតាមស្តង់ដារ បន្ទាប់ពីពលរដ្ឋ ៧នាក់បាននៅខេត្តបន្ទាយមានជ័យ ក្រោយផឹកស្រាថ្នាំចិនសែមួយប្រភេទ។
ក្នុងលិខិតស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពពុលស្រានៅខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង រៀបរាប់ថា ពលរដ្ឋចំនួន ៤៤នាក់ នៅតាមបណ្ដាភូមិចំនួន ៩ ស្ថិតក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យនានា ក្នុងនោះពលរដ្ឋ ៧នាក់ បានស្លាប់ ក្រោយផឹកស្រាថ្នាំមួយប្រភេទយីហោ«តាំងគួយ»នៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី១៣ក្នុងសប្ដាហ៍នេះ។
ក្រោយពីមានករណីពុលបណ្តាលឲ្យឈឺ និងស្លាប់នោះ ក្រសួងបានយកស្រាថ្នាំពីទីតាំងផ្សេងគ្នាទៅពិសោធនៅមជ្ឈមណ្ឌលជាតិពិសោធ៍នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ហើយលទ្ធផលបង្ហាញថា សំណាកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត មានកម្រិតមេតាណុល ១៣.៥% សំណាកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិត ១៤.៩% និងសំណាកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៥.១%។
ករណីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្ត ទាំង២៥ ណែនាំទៅប្រជាពលរដ្ឋកុំឲ្យទិញស្រាស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយ និងផលិតមិនត្រឹមត្រូវតាមបច្ចេកទេស នាំឲ្យប៉ះពាល់សុខភាពជាដើម។ រដ្ឋមន្ត្រីក៏បានប្រាប់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នពីបញ្ហាសុខភាព ឬហេតុការណ៍អ្វីមួយដែលសង្ស័យ ត្រូវទៅពិនិត្យព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈដែលមានគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ឬរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលខេត្តដែលខ្លួនរស់នៅ ឬមកក្រសួងសុខាភិបាល ដើម្បីចាត់ការជួយបានទាន់ពេលវេលា៕