ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញបុរសកម្ពុជាម្នាក់ទៀតឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីធ្វើដំណើរវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ១២៩ករណីនៅទូទាំងប្រទេស។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល ឱ្យដឹងថា បុរសកម្ពុជាវ័យអាយុ ២១ឆ្នាំ ដែលជាពលរដ្ឋរស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃម្សិលមិញនេះ តែមួយថ្ងៃប៉ុណ្ណោះក្រោយពីគាត់បានធ្វើដំណើរវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦ ខែមិថុនា។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល បុរសកម្ពុជារូបនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមបន្ថែមថា បុរសកម្ពុជារូបនេះ ស្ថិតក្នុងចំណោមពលរដ្ឋកម្ពុជាដទៃទៀត ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅល្ងាចថ្ងៃទី១៦ ខែមិថុនា។
ក្រសួងការបរទេសកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ពលរដ្ឋកម្ពុជាសរុបដល់ទៅ ២០៤នាក់ ត្រូវបានសម្របសម្រួល និងអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសកំណើតវិញតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលមកដល់កម្ពុជានៅម៉ោង ៥ និង ២៥នាទីល្ងាចថ្ងៃអង្គារកន្លងមកនេះ។
ក្រសួងសុខាភិបាល គិតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ១២៩នាក់ ក្នុងនោះអ្នកត្រូវបានព្យាបាលឱ្យជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ១២៦នាក់ ហើយនៅសល់ ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយ៕