បទយកការណ៍៖ អ្នកធ្វើការសេវាកម្សាន្តដង្ហើយជំនួយពីរដ្ឋក្រោយបាត់បង់ការងារទាំងស្រុងដោយកូវីដ១៩

រសៀលម៉ោង ២:០០នាទី ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ ២០២០ កម្មករបុគ្គលិកវិស័យសេវាកម្មកម្សាន្ត ៣០នាក់ បានដាក់ញ្ញត្តិជាលើកទី២ នៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទូចឱ្យរដ្ឋាភិបាលជួយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុលា្លរ និងជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួលជួយបន្ធូរបន្ថយថ្លៃឈ្នួលផ្ទះពាក់កណ្តាល ដល់ពួកគេ។ (សង់ត្រាល់ – CENTRAL)

« ចាប់តាំងពីគេបិទ[ភោជនីយដ្ឋាន]ដោយសារកើតជំងឺកូវីដហ្នឹងមកខ្ញុំឈប់តែម្ដង។ឥឡូវនេះខ្ញុំបកខ្ទឹមឱ្យគេ លាងចានលាងឆ្នាំង រត់តុគុយទាវអ៊ីចឹងទៅបោកខោអាវឱ្យគេ គេប្រើអីជួយគេអ៊ីចឹងទៅ។ បានចំណូលតិចណាស់បងអើយជួនកាល១ម៉ឺនរៀល ៥ពាន់រៀល ខ្លះដាច់បាយទៅបងអើយ! ថ្ងៃខ្លះមានពេលព្រឹកអត់ពេលយប់ចឹងទៅពិបាកតែកូនតូចអ៊ីចឹងទៅ ឥឡូវអត់មានទឹកដោះគោឱ្យកូនបៅមានតែទឹកបបរទេ » ។

នេះជាការរៀបរាប់របស់អតីតអ្នករត់តុក្នុងបៀរហ្គាឌិនមួយនៅម្ដុំផ្សារច្បារអំពៅអ្នកស្រីអ៊ុក សុធា អាយុ២៥ឆ្នាំ ដែលមានកូន៤នាក់ក្នុងបន្ទុកដែលត្រូវទទួលខុសត្រូវចិញ្ចឹមដោយខ្លួនឯង។បន្ទាប់ពីកន្លែងធ្វើការរបស់អ្នកស្រីបានបិទទ្វារកាលពីអំឡុងខែមីនាកន្លងទៅដោយសារបញ្ហានៃវិបត្តិកូវីដ១៩ចំណូលអ្នកស្រីត្រូវបានបញ្ចប់ទាំងស្រុង។

បច្ចុប្បន្នត្រូវរស់នៅក្នុងបន្ទប់ជួលដែលបានទំហំប្រមាណ៣គុណនឹង៥ ស្នើដល់រដ្ឋាភិបាលជួយដល់ស្ត្រីដែលធ្វើការក្នុងវិស័យកម្សាន្តដូចគាត់ផងព្រោះពេលនេះពួកគាត់មិនអាចរកការងារនិងចំណូលមកផ្គត់ផ្គង់គ្រួសារបាននោះទេ។

អ្នកស្រីថា៖ « ខ្ញុំស្នើសុំគាត់ឱ្យជួយខ្ញុំ ពេលខ្ញុំទាល់ពិបាកអ៊ីចឹង។ខ្ញុំចង់ឱ្យគាត់ជួយពួកខ្ញុំ ជួយរំលែកទុក្ខពួកខ្ញុំព្រោះឥឡូវនេះពួកខ្ញុំអត់ គឺពិបាកកាន់តែខ្លាំងណាស់ » ។

កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០ក្រសួងទេសចរណ៍បានស្នើដល់អភិបាលខេត្ត រាជធានី ទូទាំងប្រទេសចាត់វិធានការបិទKTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក)ទាំងអស់ចាប់ពីថ្ងៃទី១៧មីនា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

អ្នកស្រី ទុំ ស្រីរី អាយុ ៣៦ឆ្នាំ មានកូន៤នាក់ចិញ្ចឹមតែម្នាក់ឯងដែលពីមុនជាអ្នកសម្អាតនៅតាមKTV ក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញថាក្នុងពេលធ្វើការងារអ្នកស្រីអាចរកចំណូលបានមកផ្គត់ផ្គង់គ្រួសារជាប្រចាំបានតែក្រោយផ្ទុះជំងឺកូវីដ១៩ហើយក្រសួងឱ្យបិទទីតាំងអាជីវកម្មកម្សាន្តមកចំណូលរបស់អ្នកស្រីត្រូវបាត់បង់ទាំងស្រុង។

អ្នកស្រី ទុំ ស្រីរី៖ «សម្អាតតាមខារ៉ាអូខេ១ខែអាចបាន១០០ជាងហើយមានពេលខ្លះភ្ញៀវគាត់អាណិតគាត់ឃើញយើងសម្អាតអនាម័យក្នុងបន្ទប់ទឹកក្នុងបន្ទប់អីអ៊ីចឹងណាប្អូន គេអាណិតយើងគេឱ្យលុយធីបយើងចាយបាន។តែតាំងពីផ្ទុះកូវីដនេះមកគឺអត់តែម្ដង សូម្បីតែឈឺក៏អត់លុយទៅទិញថ្នាំពេទ្យផង» ។

បច្ចុប្បន្នអ្នកស្រីនិងអ្នកធ្វើការក្នុងសេវាកម្សាន្តមួយចំនួនទៀតបានសុំការងារគេធ្វើដូចជាលាងចាននិងរត់តុនៅហាងគុយទាវជិតផ្សារច្បារអំពៅដែលមួយព្រឹកអាចបានកម្រៃប្រមាណជា៥ពាន់រៀលទៅ១ម៉ឺនរៀល។ ក្រៅពីធ្វើការជាអ្នកលាងចាននិងរត់តុគុយទាវហើយពេលរសៀលពួកគាត់នាំគ្នាបកខ្ទឹមសដើម្បីរកចំណូលបន្ថែមផងដែរ តែចំណូលទាំងនេះមិនបានរាល់ថ្ងៃនោះទេ។

អតីតអ្នកកាន់បន្ទប់ខារ៉ាអូខេអ្នកស្រី ឌឹម ស្រីតូច អាយុ៣២ឆ្នាំមានប្រសាសន៍ថា៖ « បកខ្ទឹមជួនណាបាន៣ពាន់ខ្លាំងបំផុតបានត្រឹម៧ពាន់អីទេ។ ខ្លាំងបំផុតហើយបាន៧ពាន់ហ្នឹង ខំណាស់ខំខ្លាំងមែនទែនតែម្ដងអត់ហ៊ានឈប់ទេបើឈប់អត់មានបាយហូបចឹងហ្មងទៅទាំងឈឺទាំងជាហើយកូនវានៅតូចៗ យើងពិបាកណាស់។តាំងពីគេបិទដោយសារកូវីដហ្នឹងមកគឺវេទនាខ្លាំងតែម្ដងអត់ដែលធ្លាប់អ៊ីចឹងសោះទើបតែមកដល់កូវីដហ្នឹងគឺវេទនាហ្មងអត់ដែលធ្លាប់អ៊ីចឹងសោះពីមុនមក »

កាលពីថ្ងៃសៅរ៍ទី១៣ មិថុនាកម្មករដែលធ្វើការក្នុងសេវាកម្សាន្តជាង២០នាក់បាននាំគ្នាធ្វើការតវ៉ាដាក់ញាត្តិសុំឱ្យរដ្ឋាភិបាលជួយផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារដើម្បីជួយសម្រួលបន្ទុករបស់ពួកគាត់ដែលកំពុងរងផលប៉ះពាល់។

ស្ត្រីមេម៉ាយ តែម ស្រីមិច អាយុ៣៦ឆ្នាំមានកូន២នាក់ក្នុងបន្ទុកបានលើកឡើងថា៖ «ពួកខ្ញុំចេះតែប្រឹងប្រែងទៅព្រោះសង្ឃឹមថាអាចបានដូចពួករោងចក្រអ៊ីចឹង!ព្រោះកម្មកររោងចក្រសម្រាប់អ្នកអត់មានការងារធ្វើព្យួរហ្នឹងគេអាចឱ្យបាន៤០ដុល្លារពួកខ្ញុំចេះតែសង្ឃឹមទៅក្រែងលរាជរដ្ឋាភិបាលឱ្យបាន៤០ដុល្លារដូចពួកគេដែរណាចេះតែទៅទៅ »

ក្រសួងទេសចរណ៍ ឱ្យដឹងថាគិតត្រឹមខែមីនាកម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យចំនួនជិត ១ ៣០០ (១ ២៩៣)កន្លែង នៅទូទាំងប្រទេសក្នុងនោះមាន ខារ៉ាអូខេ (KTV)ចំនួន ១ ០៨៤កន្លែង ក្លិបឌីស្កូតែក (ClubDisco) ចំនួន ១០៩កន្លែង អាជីវកម្មរង្គសាល (Night Club) ចំនួន ១៦កន្លែងអាជីវកម្មបៀរហ្កាឌិន ចំនួន ៨៤កន្លែង ដែលផ្ដល់ការងារ ១៨៣៨១កន្លែងសម្រាប់ពលរដ្ឋកម្ពុជា។

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ប្រកាសថាបុគ្គលិកកម្មករដែលធ្វើការងារនៅក្នុងឧស្សាហកម្មកម្សាន្តនេះ មានរហូតដល់ជាង៨ម៉ឺននាក់នៅទូទាំងប្រទេស ដែលរាប់ចាប់ពីអ្នកសម្អាតរហូតដល់បុគ្គលិកគ្រប់គ្រង។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ក្នុងការផ្សាយសំឡេងសង្គមស៊ីវិលកាលពីថ្ងៃទី១៦មិថុនា ថា៖

« ស្ថានភាព[កម្មករសេវាកម្ម]រហូតមកដល់ពេលនេះនៅដែលគាត់អត់ការងារហើយក្ដីសូម្បីតែថ្លៃផ្ទះដែលយើងជួបជាមួយស្ដ្រីផ្ទាល់គឺគាត់ជួបឧបសគ្គមែនទែន។[…] ហើយរួមទាំងម្ហូបនឹងការចំណាយផ្សេងៗនៅក្នុងគ្រួសារហ្នឹងគឺយើងត្រូវការហូបរាល់ថ្ងៃដែលនេះគឺជាសេចក្ដីត្រូវការចាំបាច់។អ៊ីចឹងមកដល់ឥឡូវការអន្តរាគមរបស់រដ្ឋាភិបាលមកដល់ជុំទី៦នេះហើយក៏នៅតែមិនមានការដាក់បញ្ចូលកម្មករនិយោជិកជាស្ត្រីផ្នែកសេវាកម្មកម្សាន្តហ្នឹងក្នុងការទទួលបានប្រាក់ឧបត្ថម្ភណាមួយពីរដ្ឋាភិបាលទេ!ពេលបិទនិយាយជាក់លាក់កំណត់ក្រុមដែលគួរតែបិទតែមកដល់ពេលនេះរាជរដ្ឋាភិបាលអត់បានគិតពីការហូបចុករបស់ស្ត្រីក្នុងសេវាកម្សាន្តដែលជាតម្រូវការចាំបាច់ទេ» ។

បើតាមអ្នកស្រីអ៊ូ ទេពផល្លីនមានកម្មករក្នុងវិស័យកម្សាន្តតិចណាស់ត្រឡប់ទៅស្រុកកំណើតខ្លួនវិញខណៈអ្នកដែលមិនទៅដោយសារតែពួកគេគ្មានដីស្រែចម្ការសម្រាប់ធ្វើឬគ្មានបងប្អូនដែលអាចពឹងពាក់បាន។

បើតាមក្រុមស្ដ្រីដែលធ្វើការក្នុងសេវាកម្សាន្ត ប្រាក់៤០ដុល្លារដែលពួកគាត់ស្នើគឺអាចជួយបន្ថូរការលំបាករបស់គាត់មួយកម្រិតខណៈវាក៏បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះកម្មករដែលស្ថិតក្នុងវិស័យកម្សាន្តដូចគាត់ឱ្យរក្សាជីវភាពខ្លួនអាចរស់បានក្នុងស្ថានភាពកូវីដ១៩ដែលកំពុងយាយីនេះផងដែរ។

អ្នកស្រីឌឹម ស្រីតូច៖ « សង្ឃឹមថាគាត់[រដ្ឋាភិបាល]ជួយពួកខ្ញុំផងព្រោះឥឡូវពួកខ្ញុំអត់ខ្លាំងណាស់បានជាពួកខ្ញុំស្នើសុំដល់គាត់អ៊ីចឺង!!! »

ទោះជាយ៉ាងណាក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាចុះថ្ងៃទី ១៥ មិថុនាក្រសួងការងារពុំបានឆ្លើយតបជាវិជ្ជមានចំពោះសំណើរនេះឡើយ។

ក្នុងលិខិតនោះសរសេរថា៖ «ស្ថិតក្នុងទីផ្សារប្រកួតប្រជែងសេរីរាជរដ្ឋាភិបាលបានធ្វើបុរេសកម្មក្នុងការស្នើសូមឱ្យគ្រប់គ្រងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាការប្រកបរបរអាជីវកម្មដើម្បីកាត់បន្ថយនូវការខាតបង់រៀងខ្លួន ដូចជាការពន្យារនៃការបង់ការប្រាក់បង់ថ្លៃជួលផ្ទះ បង់ផ្ទះទិញដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើងដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះផងដែរ» ។

​អ្នក​ធ្វើ​ការ​វិស័យ​កម្សាន្ត​សម្ដែង​ការ​សោក​ស្ដាយ​ និង​តូច​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋ​បែប​នេះ។

អ្នកស្រីអ៊ុក សុធា៖ «ខ្ញុំមានអារម្មណ៍ថាអន់ចិត្តណាស់បង!ដល់ពេលអ៊ីចឹងទៅមានអារម្មណ៍ថាតូចចិត្ត ខំប្រឹងឱ្យគាត់ជួយដោយសារយើងពិបាកក្នុងជីវភាពអ៊ីចឹងដល់គាត់បែរជាមិនជួយដោះស្រាយជូនពួកខ្ញុំបែបនេះ»


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ