ក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ១នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកជាពីជំងឺនេះកើនដល់ ១២៧នាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២១ ខែមិថុនានេះ ឱ្យដឹងថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ជាបុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ក្រោយពីព្យាបាលជាសះស្បើយ ក្រុមគ្រូពេទ្យបានអនុញាតឲ្យបុរសរូបនោះចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅថ្ងៃនេះ ក្រសួងសុខាភិបាលក៏បានប្រកាសឱ្យដឹងផងដែរថា មិនមានករណីអ្នកមានកូវីដ១៩ថ្មីនោះទេ។
ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៩នាក់។ ក្នុងចំណោម អ្នកឆ្លង ១២៩នាក់ ត្រូវបានគ្រូពេទ្យព្យាបាលជាសះស្បើយចំនួន ១២៧នាក់ ហើយនៅសល់ ២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕