ថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានសន្យាដោះស្រាយសំណងតាមផ្លូវច្បាប់ ក្រោយពីក្រុមកម្មករផ្ទុះការតវ៉ានៅក្នុងរោងចក្រ បន្ទាប់ពីរោងចក្រប្រកាសបិទអាជីវកម្មភ្លាមៗ។
កម្មករ-កម្មការិនីជាង ៦០០នាក់ បម្រើការងារនៅរោងចក្រ ហាណា (HANA) បានផ្ទុះការតវ៉ាតាំងពីរសៀលថ្ងៃម្សិលមិញ ហើយបន្តមកដល់ព្រឹកថ្ងៃនេះទៀត ដើម្បីទាមទារបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ក្រោយថៅកែប្រកាសបិទទ្វាររោងចក្រភ្លាមៗ។
ក្រោយក្រុមកម្មករផ្ទុះការតវ៉ា គឺនៅព្រឹកនេះ មន្ត្រីក្រសួងការងារបានចុះសម្របសម្រួលដោះស្រាយជាមួយតំណាងកម្មករ និងតំណាងរោងចក្រ ដោយភាគីក្រុមហ៊ុនបានសន្យាដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់។
ក្នុងកំណត់ហេតុរវាងភាគីទាំងបីនៅព្រឹកនេះ បានឱ្យដឹងថា ក្រុមហ៊ុនហាណា បានជូនដំណឹងអំពីការបិទអាជីវកម្មនៅថ្ងៃទី២២ ខែមិថុនា និងសម្រេចបិទដំណើរការនៅថ្ងៃទី២៣ ខែមិថុនាតែម្តង។
កំណត់ហេតុដដែលនេះ ឱ្យដឹងទៀតថា ក្នុងករណីក្រុមហ៊ុនបិទទ្វារ ថៅកែត្រូវដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់។ កំណត់ហេតុនេះបញ្ជាក់ថា ថៅកែបានសន្យាផ្តល់សំណងជូនកម្មករតាមការទាមទារទៅតាមផ្លូវច្បាប់។
ក្នុងកំណត់ហេតុដដែលនេះ កម្មករសុំឱ្យថៅកែក្រុមហ៊ុនបើកលុយជូនកម្មករភ្លាមៗ យ៉ាងយូររយៈពេល ៤២ម៉ោង ប៉ុន្តែ ថៅកែសុំពន្យារបើកជូនកម្មករដល់ថ្ងៃទី២៦ ខែមិថុនា ហើយតំណាងកម្មករបានឯកភាពតាមសំណើនេះ។
កំណត់ហេតុ ក៏បានបញ្ជាក់ដែរថា កម្មករដែលមានកិច្ចសន្យាការងារមិនកំណត់ គឺថៅកែបានសន្យាទូទាត់ប្រាក់អត្ថប្រយោជន៍ចំនួន ៥ចំណុចជូនពួកគេ។
កម្មការិនីផ្នែកដេរ អ្នកស្រី យូ សាវី ដែលអះអាងថា បម្រើការងារនៅរោងចក្រ ហាណា អស់រយៈពេល ៨ឆ្នាំមកហើយនោះ និងបានចូលរួមដោះស្រាយជាមួយតំណាងក្រសួង និងតំណាងរោងចក្រ បានប្រាប់ឱ្យដឹងថា ទន្ទឹមនឹងថៅកែសន្យាដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករនោះ គឺថៅកែក៏សុំដឹកអីវ៉ាន់ ម៉ាស់ចំនួន ១០ម៉ឺនម៉ាស់ចេញរោងចក្រផងដែរ។
កម្មការិនីរូបនេះ បន្តថា តំណាងកម្មករបានយល់ព្រមឱ្យថៅកែដឹកម៉ាស់ចេញ ប៉ុន្តែ សម្រាប់អីវ៉ាន់ផ្សេងទៀត ដូចជា ម៉ាស៊ីន និងរបស់ផ្សេងៗទៀតនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យដឹកចេញឡើយ ដោយក្រុមកម្មករនឹងដេកយាមមុខរោងចក្ររហូតទទួលបានប្រាក់សំណងគ្រប់ចំនួន។
អ្នកស្រី យូ សាវី ប្រាប់ថា៖ «ពួកខ្ញុំមិនបារម្ភខ្លាចថៅកែបោកនោះទេ ព្រោះខាងក្រសួងការងារបានដឹងលឺ និងចេញកំណត់ហេតុហើយ ហើយខាងថៅកែថា បើមិនទុកចិត្តគាត់ ឱ្យយើងដេកយាមមុខរោងចក្របាន។ អ៊ីចឹង បើគាត់ផ្តល់ឱកាសឱ្យយើង យើងក៏ផ្តល់ឱកាសឱ្យគាត់វិញដែរ»។
អ្នកគ្រប់គ្រងទូទៅនៅរោងចក្រហាណា អ្នកស្រី ទី សុធីតា ប្រាប់វីអូឌីថា កម្មករសរុបនៅរោងចក្រនេះមានចំនួន ៦៦៩នាក់។ អ្នកស្រីថា ថៅកែសម្រេចបិទអាជីវកម្មរបស់ខ្លួនដោយសារគ្មានអ្នកបញ្ជាទិញ។
ប្រធានការិយាល័យដោះស្រាយវិវាទការងារ នៃក្រសួងការងារ លោក ឡាំ សុវុត្ថា ដែលចុះដោះស្រាយវិវាទការងារនៅរោងចក្រនេះ មានប្រសាសន៍ថា ប្រសិនបើថៅកែមិនផ្តល់សំណងតាមច្បាប់ជូនកម្មករ និងបើកលុយតាមកាលកំណត់ទេ គឺក្រុមកម្មករអាចយកកំណត់ហេតុមកតវ៉ាដល់ក្រសួងការងារ។
លោក ឡាំ សុវុត្ថា ប្រាប់ថា៖ «បើថៅកែមិនបានទូទាត់លុយតាមនីតិវិធីច្បាប់ទេ បងប្អូនកម្មករតវ៉ាទៀតដោយផ្អែកតាមឯកសារដែលយើងបានព្រមព្រៀងគ្នាមិញហ្នឹង»។
មន្ត្រីផ្នែកច្បាប់ និងដោះស្រាយវិវាទនៃសម័្ពន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា តាមផ្លូវច្បាប់ នៅពេលដែលរោងចក្របិទ ឬបញ្ឈប់កម្មករពីការងារ គឺការដោះស្រាយសំណងជូនកម្មករពឹងផ្អែកទៅលើកិច្ចសន្យាការងារ។
លោក ស៊ាង យ៉ូត បន្តថា ក្នុងករណីកម្មករប្រើប្រាស់កិច្ចសន្យាមិនកំណត់ ថៅកែត្រូវទូទាត់សំណងជូនកម្មករចំនួន ៥ចំណុច មានប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់អតីតភាពការងារ ប្រាក់ជំងឺចិត្ត និងប្រាក់ដំណាច់ឆ្នាំ។
ចំពោះកម្មករដែលប្រើប្រាស់កិច្ចសន្យាកំណត់វិញ លោកថា ថៅកែត្រូវទូទាត់សំណងជូនពួកគេចំនួន ៤ចំណុចមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ ៥ភាគរយ ប្រាក់ដំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ជំងឺចិត្ត ក្នុងករណីកិច្ចសន្យាការងាររបស់ពួកគេនៅសល់៕