ថៃគ្រោងបើកទ្វារប្រទេសឡើងវិញសម្រាប់ជនបរទេស បន្ទាប់ពីរកមិនឃើញករណីចម្លងជំងឺកូវីដ១៩ថ្មីក្នុងប្រទេស ៤សប្តាហ៍ជាប់គ្នា និងក្រោយបិទអ្នកដំណើរអន្តរជាតិអស់រយៈពេលជាច្រើនខែ ដើម្បីទប់ស្កាត់ការចម្លងរបស់មេរោគពីក្រៅប្រទេស។
តាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ក្រុងបាងកកគ្រោងនឹងបន្ធូរវិធានការរឹតបន្តឹងលើអ្នកដំណើរបរទេសមួយជំហានម្តងៗ បន្ទាប់ពីករណីឆ្លងក្នុងស្រុកនៅទ្រឹងត្រឹមជាង ៣ពាន់ករណី ឯអ្នកបន្តការព្យាបាលនៅសល់ជាង ៧០ករណី ក្នុងនោះធ្ងន់ធ្ងរមាន ១ករណី។
កាសែត The Nation ថៃ ឱ្យដឹងនៅថ្ងៃនេះថា អាជ្ញាធរនឹងបើកទ្វារព្រំដែនសម្រាប់ជនបរទេសជាអ្នកជំនួញ វិនិយោគិន កម្មករជំនាញ អ្នកអង្កេតការអាជីវកម្ម អ្នកមានប្តី ឬប្រពន្ធជនជាតិថៃ ឬមានកាន់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នៅថៃ អ្នកស្វែងរកការព្យាបាលជំងឺ និងទេសចរមានសុខភាពល្អជាដើម។
តាមប្រភពដដែល អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងស្ថានភាពកូវីដ១៩ លោក Taweesin Visanuyothin បានបញ្ជាក់នៅថ្ងៃម្សិលមិញថា ក្រុមជនបរទេសទាំងនេះ នឹងត្រូវឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ មុននឹងអាចចូលក្នុងប្រទេសថៃ។
អ្នកនាំពាក្យរូបនោះបន្ថែមថា អ្នករកស៊ីដែលស្នាក់នៅរយៈពេលខ្លី ភ្ញៀវរដ្ឋាភិបាល និងទេសចរមកពីប្រទេសកំពុងជំរុញការធ្វើដំណើរ ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងមិនចាំបាច់ឆ្លងកាត់ការនៅដោយឡែកនោះទេ តែពួកគេត្រូវប្រាប់គោលដៅដែលខ្លួនចង់ទៅ។
យ៉ាងណា ប្រភពដដែលមិនបានបញ្ជាក់កាលបរិច្ឆេទនៃការបើកឡើងវិញនោះទេ ដោយខាងគណៈកម្មាធិការលើកឡើងថា ខ្លួនត្រូវលើកយកគម្រោងលម្អិតទៅពិភាក្សាឆ្លងជាមួយរដ្ឋាភិបាលជាមុនសិន។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីដើមខែមិថុនា លោកគ្រោងនឹងចរចាបើកព្រំដែនជាមួយប្រទេសដែលកំពុងជំរុញចរន្តធ្វើដំណើរ និងគ្រប់គ្រងមេរោគឆ្លងបានល្អ ដើម្បីជួយស្តារសេដ្ឋកិច្ច និងសង្គមដែលកំពុងរងផលប៉ះពាល់ពីវិបត្តិសុខភាពសកល។
តាមកាសែត Bangkok Post លោក ប្រាយុទ្ធ លើកឡើងថា គម្រោងនេះ នៅមិនទាន់ឆ្លងកាត់ការពិភាក្សាជជែកដេញដោលនៅសភា ដើម្បីរកដំណោះស្រាយដែលអាចកាត់បន្ថយហានិភ័យនៃរលកចម្លងថ្មីឱ្យដល់កម្រិតទាបបំផុតនៅឡើយ។
ថៃជារដ្ឋអាស៊ានដែលរងគ្រោះពីជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតក្នុងតំបន់ បន្ទាប់ពីសិង្ហបុរី ដោយសារសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរ និងការនាំចេញ ដោយចិនគឺជាទីផ្សារធំបំផុត។
គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងកូវីដ១៩នៅលើពិភពលោក បានឡើងដល់ជាង ៩លានករណី ខណៈករណីស្លាប់ឡើងដល់ជិតកន្លះលានករណី។ នេះបើយោងតាមទិន្នន័យពីអង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ។
យ៉ាងណា ប្រទេសរងការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ដូចជា អាមេរិក ប្រេស៊ីល អង់គ្លេស និងឥណ្ឌូនេស៊ី ជាដើម បានចាប់ផ្តើមបន្ធូរវិធានការបិទប្រទេស និងលើកបម្រាមធ្វើដំណើរក្នុងស្រុក និងពីក្រៅប្រទេសជាជំហានៗ បើទោះស្ថានការណ៍ឆ្លងក្នុងតំបន់មិនទាន់ថមថយ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីស្តារចរន្តសេដ្ឋកិច្ចជាតិ នៅចំពោះមុខវិបត្តិជំងឺរាតត្បាតសកលដែលកំពុងបន្តអូសបន្លាយ។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom លើកឡើងថា ប្រទេសនានាអាចជ្រើសយកវិធានការការពារសុវត្ថិភាពប្រជាជន ទន្ទឹមនឹងការកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ចពីជំងឺឆ្លងបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ន និងមានភាពច្នៃប្រឌិតក្នុងការរកដំណោះស្រាយល្អបំផុតមួយ។
ថ្លែងក្នុងសន្និសីទកាសែតម្សិលមិញថា លោក Tedros ជំរុញឱ្យប្រទេសទាំងអស់បន្តវិធានការសុខភាពសាធារណៈមូលដ្ឋានដែលត្រូវបានប្រើយ៉ាងជោគជ័យប្រឆាំងជំងឺឆ្លង ដូចជា ស្វែងរកករណីសង្ស័យមកធ្វើតេស្ត និងដាក់ពួកគេដោយឡែក ហើយការពារបុគ្គលិកសុខាភិបាលជាដើម៕









