ស្លៀកខោជើងខ្លីពណ៌ខៀវ អត់ពាក់អាវ លោក ហ៊ី ហេង ដើរដោយជើងទទេ កំពុងដងទឹកពាង លាងគោនៅខាងមុខផ្ទះដែលខាងលើធ្វើពីឈើ និងខាងក្រោមធ្វើពីថ្ម។
លោក ហ៊ីង ហេង មានអាយុ ៥៥ឆ្នាំ ជាកសិករម្នាក់ក្នុងចំណោមកសិករនៅក្នុងភូមិចាន់គង់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ការរស់នៅ និងប្រើប្រាស់ដាក់ស្រែដំណាំ និងចិញ្ចឹមសត្វរបស់គាត់។
កាលពីមុន លោក និងប្រជាពលរដ្ឋក្នុងឃុំត្រប់ធ្លាប់មានទឹកប្រើប្រាស់គ្រប់គ្រាន់ ដោយបូមទឹកពីស្រះ សម្រាប់ប្រើប្រាស់ទាំងក្នុងផ្ទះ ដាក់ស្រែ និងរបរចិញ្ចឹមទាដែលលោកមាន។ ប៉ុន្តែ ឆ្នាំនេះ ស្រះរបស់លោក ក៏ដូចជាស្រះទឹករបស់អ្នកភូមិ ប្រែជាស្ងួតគ្មានទឹក ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងកម្តៅថ្ងៃខ្លាំង។
លោកសង្កេតឃើញថា ចាប់តាំងពីឆ្នាំ២០១៩មក ទឹកស្រះ និងទឹកបឹងចាប់ផ្តើមរីងស្ងួតខុសពីធម្មតា ហើយក្នុងតំបន់របស់លោកពុំមានប្រឡាយទឹកនោះទេ។
លោក ហេង មានដីស្រែប្រមាណកន្លះហិកតាសម្រាប់ធ្វើស្រែទុកហូបជាលក្ខណៈគ្រួសារ មានស្រះទឹកពីរ ហើយលោកប្រកបរបរចិញ្ចឹមទាប្រមាណ ៤០០០ក្បាល សម្រាប់យកស៊ុតលក់ ដែលរបរនេះរកចំណូលប្រមាណ ២០០០ដុល្លារក្នុងមួយឆ្នាំ។
ស្រះទឹកមួយដែលលោកមាន ត្រូវប្រើសម្រាប់ដំណាំស្រូវដែលមានទីតាំងជាប់ដីស្រែកន្លះហិកតាផ្ទាល់ ហើយស្រះទីពីរមានចម្ងាយប្រមាណ ១០០ម៉ែត្រពីស្រែរបស់លោក សម្រាប់ទុកប្រើប្រាស់ក្នុងផ្ទះ។ លោកប្រាប់ថា ស្រះទឹកសម្រាប់ធ្វើស្រែរីងតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។
លោកបានបញ្ជាក់ថា៖ «អត់មានទឹកហូប ទឹកប្រើប្រាស់ ទឹកក្របីគោ ទឹកស្រះអត់មានទេ។ វារីងឆិញ រាល់ដងវាមិនដែលរីងដូច្នេះទេ»។
លោក ហេង ធម្មតាអាស្រ័យផលដោយការធ្វើស្រែដើម្បីបរិភោគ តែការបង្កើនផលស្រូវបែរជាមានការធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៩ លោកបានទទួលផលស្រូវបានត្រឹម ៥បាវស្រូវតែប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ ខែមិថុនានេះ គាត់មិនទាន់បានព្រោះស្រូវនៅឡើយទេ សូម្បីតែម្តង។

កំពុងដួសបាយ និងម្ហូបដាក់ក្នុងឆ្នាំងសម្ល ត្រៀមលក់ឱ្យអតិថិជននៅខាងមុខផ្ទះ អ្នកស្រី ហ៊ឹម រំ អាយុ ៥១ឆ្នាំ នៅក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ មានដីស្រែជាង ១ហិកតា ក៏បានជួបបញ្ហាដូចលោក ហេង ផងដែរ ដោយស្រះទឹករបស់អ្នកស្រី បានរីងស្ងួតតាំងពីខែមេសាឆ្នាំ២០២០។ ស្រះនេះហើយដែលអ្នកស្រីយកទឹកមកផ្គត់ផ្គង់ការប្រើប្រាស់ក្នុងគ្រួសារដែលមានសមាជិក ១០នាក់។
កាលពីឆ្នាំ២០១៨ អ្នកស្រីបានទទួលផលស្រូវ ២០បាវ តែនៅឆ្នាំ២០១៩ អ្នកស្រីមិនទទួលបានផលស្រូវនោះទេ ដោយស្រូវស្កកគ្មានទឹក ខណៈអ្នកស្រីបានខាតបង់ប្រាក់ដែលបានចំណាយលើថ្លៃជី ស្រូវពូជ ភ្ជួរ ប្រមាណជិត ៦០០០ពាន់ដុល្លារ។
អ្នកស្រីចាប់ផ្តើមទិញអង្ករហូបពីឆ្នាំ២០១៩ ដោយក្នុងមួយបាវតម្លៃ ១១ម៉ឺនរៀល ហើយគាត់ត្រូវទិញទឹកចាប់ពីខែមេសា ឆ្នាំ២០២០មក ដោយត្រូវចំណាយមួយថ្ងៃ ១២០០រៀល ដើម្បីទិញទឹក ១ពាន់លីត្រ ។ អ្នកស្រីមិនទាន់បានព្រោះស្រូវទេនៅឆ្នាំនេះ ដោយរង់ចាំទឹកភ្លៀង។
អ្នកស្រីបានបញ្ជាក់ថា៖ «ទឹកស្រះយើងយកប្រើមួយចប់ ដាំបាយ ស្ល មុជទឹក និងសម្រាប់ផឹកផងដែរ។ ឆ្នាំមុនៗ មិនដែលរីងទេ តែឆ្នាំនេះរីង។ ឆ្នាំនេះខ្សត់ទឹកខ្លាំង ហើយស្រូវក៏ស្កកពេញវាល។ ខ្ញុំតែមួយគ្រាប់ក៏មិនបានផង ទាំងស្រែលើ និងស្រែក្រោម»។
ត្រលប់ទៅលោក ហេង វិញ គាត់បានប្រាប់ថា ដោយសារពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់ កសិករបានចំណាយប្រាក់ទិញទឹកពីឯកជនមកប្រើប្រាស់នៅក្នុងផ្ទះ និងដាក់ស្រែរបស់ពួកគេ។ លោក ហេងខ្លួនឯងផ្ទាល់ បានចំណាយ ២ម៉ឺនរៀលទិញទឹកក្នុងមួយធុង ហើយអាចប្រើរយៈពេលបីថៃ្ងសម្រាប់ប្រើក្នុងផ្ទះដោយត្រូវសន្សំសំចៃ។
កាលពីខែឧសភា លោកបានជីកអណ្ដូងមួយដែលមានតម្លៃ ៤០០ដុល្លារ ដោយលោកបានខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលត្រូវបង់រំលោះក្នុងមួយខែ ៣០ម៉ឺនរៀល។ ប៉ុន្តែ ទឹកអណ្តូងនេះ អាចផ្គត់ផ្គង់បានត្រឹមការប្រើប្រាស់ក្នុងផ្ទះ និងចិញ្ចឹមទាប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលវាអត់ទឹកភ្លៀង ទឹកស្រះក៏វាគ្មានដែរ។ ពីដើមយើងទិញគេ តែឥលូវ យើងបានបុកអណ្តូង […] ពីដើមមក ពេលភ្លៀងមកមានស្រះធំៗតាមភូមិ ហើយយើងប្រើប្រាស់ទឹកស្រះហ្នឹងទៅ តែឥលូវវារីងអស់ទៅ។ វារីងតាំងពីឆ្នាំទៅរហូតដល់ឥលូវហ្នឹង»។
លោកបានបន្ថែមថា៖ «ខ្ញុំខ្លាចហួសពេល ធ្វើលែងបាន។ ឥលូវនៅមិនទាន់បានព្រោះទៀតខែវស្សាហើយ។ ខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ និយាយអត់ចេញទេ។ យើងរស់នៅសង្ឃឹមមេឃអញ្ចឹង យើងអត់មានប្រឡាយទេនៅនេះ។ […] តាមមើល បើអត់ភ្លៀងទេ យើងនឹងទិញអង្ករគេហូបហើយ! ហើយនឹងដុនដាប។ យើងមានតែទៅស៊ីឈ្នួលគេ ខ្ញុំគិតថា វាលើសកូវីដទៀតការលំបាកនេះ»។
កសិករនៅក្នុងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ឈ្មោះ លុយ ឡេង អាយុ ៥៩ឆ្នាំ បានប្រាប់ថា មានកសិករខ្លះបានដើរទិញទឹកស្រះគេដើម្បីយកមកដាក់ស្រូវ ហើយថា មានគេម៉ៅតាមស្រះដែលមានតម្លៃ ១លាន ឬ៤០ម៉ឺនរៀលតាមទំហំ ខណៈអ្នកខ្លះដែលមានស្រូវតិចតួច សម្រេចចិត្តបោះបង់ចោល ដោយសារគ្មានលទ្ធភាពទិញទឹកដើម្បីដាក់ស្រែ។
លោកបានបញ្ជាក់ថា៖ «ក្នុងខែ៥ មួយខែពេញ ដូចបាត់ភ្លៀងឈឹង។ ពេលដែលយើងធ្វើស្រូវយើងត្រូវពឹងទៅលើទឹក ដូច្នេះនៅពេលអត់ទឹក វានឹងប៉ះពាល់។ យើងចេះតែព្រោះ ក្រែងលោមានទឹកភ្លៀងបន្តិចៗ ហើយយើងបានផលបន្តិចបន្តួចទៅ»។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងធនធានទឹក និងឧតុនិយម មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
ទោះបីជាយ៉ាងណា លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានប្រាប់ថា គិតមកដល់ខែមិថុនានេះ លោកមិនទាន់ទទួលបានរបាយការណ៍ ដែលថា ប្រជាកសិករមិនមានទឹកសម្រាប់បង្កបង្កើនផលនោះទេ។
លោកបញ្ចាក់៖ «ពីរបីខែដើមឆ្នាំនេះ ដូចជាមិនទាន់មានបញ្ហាអ្វីទេ ឆ្នាំហ្នឹងយើងដូចជាអត់ទាន់ឃើញរបាយការណ៍ថាកសិករខ្វះខាតទឹកទេ។»
លោកបានកត់សម្គាល់ថា ស្រុកបាធាយ និងស្រុកព្រៃឈរ រមែងខ្វះទឹកជាងគេនៅពេលមានបញ្ហាអាកាសធាតុ។
បើតាមលោក ស៊ឹម ថាវីរៈ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១លាន ១សែននាក់ ក្នុងនោះប្រមាណ ៦៦ភាគរយ ប្រកបរបរកសិកម្ម ខណៈផ្ទៃដីដំាដុះស្រូវវស្សាមានប្រហែល ៨៦ម៉ឺនហិកតា និងស្រូវប្រាំងជាង ៤ម៉ឺនហិកតា។ ប៉ុន្តែ ជារឿយៗ ខេត្តនេះតែងតែប្រឈមនឹងការខ្វះខាតទឹកសម្រាប់កសិករធ្វើស្រែ និងដំណាំចំការ។ ជាក់ស្តែង កាលពីឆ្នាំមុន គ្រោះរាំងស្ងួតក្នុងខេត្តកំពង់ចាម បានធ្វើឱ្យខូចខាតស្រូវប្រមាណជាង ៣៨០ហិចតា។
លោក ស៊ែម សូយ អាយុ ៥៧ឆ្នាំ អនុប្រធានភូមិភ្នំតូច ឃុំត្រប់ ស្រុកបាធាយ បានលើកឡើងថា ភាពរាំងស្ងួតនេះបានបង្ខំឱ្យប្រជាពលរដ្ឋធ្វើការស្វែងរកការងារនៅតាមរោងចក្រ ធ្វើការសំណង់នៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីយកលុយទិញទឹកសម្រាប់ប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «ធ្វើស្រែចំការមិនបាន ដូច្នេះគ្នារត់រកស៊ីឈ្នួលគេ។ សំខាន់អ្នកធ្វើស្រែ តែដល់ពេលរាំងស្ងួត ស្រូវងាប់អស់ទៅ ខាតដើមខាតចុង និងអស់ស្រូវពូជ មានតែរត់ទៅស៊ីឈ្នួលគេ នេះគឺជាចំណុចសំខាន់ខ្លាំងណាស់»។
ទោះជាយ៉ាងណា បើតាមប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក ថា វីរៈ បានលើកឡើងថា មន្ទីរក៏បានបើកវគ្គបណ្ដុះបណ្ដាលអំពីបម្រែបម្រួលអាកាសធាតុ ដូចជាការជ្រើសរើសពូជស្រូវ ការដាំដំណាំចម្រុះជាដើម ដើម្បីកសិករអាចចៀសវាងពីការរងគ្រោះដោយគ្រោះធម្មជាតិ ដូចជាខ្វះខាតទឹកជាដើមផងដែរ។
លោកថា៖ «ប៉ុន្តែ យើងបានបង្រៀនការដាំដំណាំមួយចំនួន។ ស្រូវ! យើងណែនាំពូជមួយចំនួនធន់ ដាច់ទឹកមួយខែអី ក៏អត់អីដែរ ឱ្យគាត់ដាំ។ […] ហើយយើងណែនាំឱ្យដាំដំណាំចម្រុះ មានស្រូវ បន្លែ និងសត្វ អញ្ចឹងយើងមិនផ្តោតឱ្យធ្វើមួយមុខទេ បើវាប៉ះមួយក៏អត់អីដែរ។ យើងបានបង្ហាត់បង្ហាញការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតហ្នឹង»។
លោកបន្ថែមថា កសិករក្រៅពីរបរកសិកម្មដែលរៀន ពួកគេអាចជ្រើសរើសមធ្យោបាយផ្សេងដើម្បីបន្តជីវភាពរបស់ខ្លួនផងដែរ។
លោកបញ្ជក់៖ «ខ្ញុំគិតថា គាត់ចេះវិធីរស់ហើយ មកដល់ចំណាស់នេះហើយ មិនអាចទៅចុះចាញ់ធម្មជាតិទេ។ ខ្ញុំជឿថាអញ្ចឹង ព្រោះគាត់មានវិធីដូចនិយាយអញ្ចឹង។ បើវាប៉ះស្អីមួយ គាត់ធ្វើវិធីមួយទៀត។ […] យើងមានវិស័យច្រើនទៀត វិស័យសេវាកម្ម ឧស្សាហកម្មទៀតទៅ គាត់សុខចិត្តដេកឱ្យស្លាប់? យើងត្រូវពិចារណាអញ្ចេះ មិនមែនគាត់មិនចេះរស់នោះទេ»។ […] ឧបមាថា វិស័យកសិកម្ម គាត់ធ្វើអីមិនបាន គាត់ទៅធ្វើរោងចក្រ គាត់ទៅរត់ម៉ូតូឌុប មិនអញ្ចឹង? អាហ្នឹងការប្រែប្រួលអាកាសធាតុវាអញ្ចឹង វាប៉ះពាល់ស្អីមួយ គាត់អាចបន្សាំខ្លួន»៕