តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​ស្នើ​ពន្យារ​ពេល​ចរចា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

តំណាង​ថៅកែ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា កាល​ពី​ថ្ងៃម្សិលមិញ​នេះ បាន​ស្នើ​ឱ្យមានការពន្យារពេលនៃការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ​ថ្មី​ ដោយ​លើក​ហេតុ​ផល​ថា វិបត្តិ​សុខភាព​សកល​ កំពុង​វាយ​ប្រហារ​លើ​វិស័យ​ជាច្រើន។

សមាគមមួយនេះ លើកឡើងថា បច្ចុប្បន្ន ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសលើពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យវិស័យមួយចំនួន ជួបវិបត្តិជាច្រើន​មិនអាចប៉ាន់ស្មានបាន។

GMAC អះអាងថា ចំពោះវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា គឺមានរោងចក្រសហគ្រាសជាច្រើនបានផ្អាកដំណើរការសកម្មភាពអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន ខណៈមួយចំនួនទៀតសម្រេចបិទអាជីវកម្មតែម្តង ដោយសារអ្នកបញ្ជាទិញជាច្រើន បានលុបចោលការបញ្ជាទិញ និងមិនទទួលយកទំនិញដែលផលិតរួច រួមទាំងមិនទូទាត់ប្រាក់ ក្រោយទទួលបានទំនិញរួចរាល់ថែមទៀត។

សមាគមនេះ បន្ថែមទៀតថា កាលៈទេសៈនេះ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា កំពុងតែមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ក្នុងការវិលត្រឡប់មករកសភាពដើមវិញ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២០ គួរតែបន្តសុពលភាពអនុវត្តន៍ ហើយការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីឆ្នាំ២០២១ គួរតែត្រូវផ្អាកជាបណ្តោះអាសន្នរហូតដល់វិស័យវាយនភណ្ឌកាត់ដេរអាចត្រឡប់ទៅសភាពដើមវិញ។

GMAC បន្តថា ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមា គឺជាយន្តការមួយក្នុងការគាំទ្រឱ្យវិស័យវាយនភណ្ឌកាត់ដេរនៅបន្តជីវិតរស់នៅ និងជួយដល់ការរក្សាការងារសម្រាប់កម្មករផងដែរ។

វីអូឌីបានសុំការបញ្ជាក់បន្ថែមពីអគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ និងអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធ Telegram ថា៖ «បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការសម្តែងមតិរបស់ខ្លួន ប៉ុន្តែ គ្រប់គ្នាត្រូវអនុវត្តតាមយន្តការដែលមានចែងក្នុងច្បាប់។ ច្បាប់តម្រូវឱ្យមានការជួបប្រជុំគ្នា ដូច្នេះយើងត្រូវតែជួបប្រជុំគ្នា។ ច្បាប់មិនបាននិយាយថា ប្រាក់ឈ្នួលត្រូវតែឡើងជារៀងរាល់ឆ្នាំនោះទេ គឺអាចឡើង អាចរក្សាដដែល ឬអាចថយ អាស្រ័យលើបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យទាំង៧ នៃការកំណត់ប្រាក់ឈ្នួលអប្បបរមា»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានគាំទ្រចំពោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសមាគមស្បែកជើងនៅកម្ពុជា ដែលស្នើទៅគណៈកម្មការអឺរ៉ុបម្តងជាពីរដង ដើម្បីសុំពន្យារពេលដកប្រព័ន្ធអនុគ្រោះព័ន្ធពីកម្ពុជានេះ ប៉ុន្តែ មេសហជីពរូបនេះ មិនគាំទ្រចំពោះការសុំពន្យារពេលចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១នោះទេ។

លោក អាត់ ធន់ បន្តថា ប្រសិនបើមានការស្នើសុំណាមួយឱ្យពន្យារពេលចរចាប្រាក់ឈ្នួលនោះ គឺវាបង្ហាញឱ្យឃើញពីភាពអាក្រក់របស់សមាគមទៅវិញទេ ដោយសារមិនបានយកចិត្តទុកដាក់ និងការពារផលប្រយោជន៍របស់កម្មករ ហើយថា កម្មករនឹងរងផលប៉ះពាល់ដល់ការចំណាយ ហើយពួកគេអាចនឹងមានការខឹងសម្បាជាមួយរដ្ឋ និងក្រុមហ៊ុន ដោយសារពួកគេបាត់បង់ផលប្រយោជន៍។

លោក អាត់ ធន់ បន្ថែមថា៖ «គេកំពុងតែគិតគូរជួយដល់កម្មករ។ ចំណែកឯខ្លួនឯង គិតតែរកវិធីកាត់បន្ថយការចំណាយ ឬក៏បង្កើតឧបសគ្គក្នុងផ្តល់អត្ថប្រយោជន៍ដល់កម្មករវិញហ្នឹង។ ខ្ញុំគិតថា វាជារឿងអាក្រក់ទៅវិញទេសម្រាប់សមាគមនិយោជក។ ជាទូទៅ ខាងនិយោជកតែងតែលើកបែបហ្នឹង គាត់ចង់បាននូវអ្វីដែលជាការអនុគ្រោះ ការផ្តល់ពីរដ្ឋ សហគមន៍អឺរ៉ុប ពីអ្នកទិញ ប៉ុន្តែ ចំពោះការផ្តល់ឱ្យកម្មករ គាត់តែងតែថាពិបាក គាត់តែងថាខាត មិនទាន់អាចទៅរួចទេ ហើយមូលហេតុនេះ មូលហេតុនោះជាដើម»

កាលពីថ្ងៃទី១០ ខែមិថុនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។

សេចក្តីជូនដំណឹងនេះ បានកំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។ សម្រាប់ខែកញ្ញា បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ ហើយអនុវត្តនូវការទទួលបានប្រាក់ឈ្នួលនេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ