មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយបំភ្លឺជុំវិញអាជ្ញាធររុះរើផ្ទះសសរ១០០ ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ ក្រោយរងការរិះគន់ពីសំណាក់សាធារណជនចំពោះការរុះរើនោះ។
ក្នុងសប្តាហ៍នេះ មានការផ្សព្វផ្សាយជាច្រើនតាមបណ្តាញសង្គម និងសារព័ត៌មានអនឡាយមួយចំនួន អំពីស្ថានភាពនៃការរុះរើផ្ទះសសរ១០០ ដោយថា មន្ទីរវប្បធម៌ និងអាជ្ញាធរខេត្តក្រចេះ មិនបានយកចិត្តទុកដាក់អភិរក្ស និងរុះរើបំផ្លាញសំណង់បុរាណមួយនេះ។
ប៉ុន្តែ ក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែមិថុនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានលើកឡើងថា ផ្ទះសសរ១០០ ត្រូវបានរុះរើក្នុងគោលបំណងសង្គ្រោះដល់សំណង់បុរាណមួយនេះ ឱ្យរួចផុតពីការខូចខាតដោយប្រការណាមួយប៉ុណ្ណោះ មិនមែនរុះរើដើម្បីបំផ្លាញនោះទេ។
លិខិតដដែលនេះ ឱ្យដឹងថា ការរុះរើផ្ទះសសរ១០០នេះ គឺធ្វើឡើងក្រោយពីម្ចាស់ផ្ទះដែលបានស្នើម្តងហើយម្តងទៀតទៅអាជ្ញាធរឱ្យរុះរើផ្ទះនោះ ដើម្បីយកទីតាំងទៅសង់ផ្ទះថ្មីសម្រាប់ចែកកូនចៅរបស់ពួកគេ។
មន្ទីរវប្បធម៌ខេត្ត បញ្ជាក់ថា ការសម្រេចរុះរើផ្ទះសសរ១០០នេះ គឺមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងមានការពិគ្រោះយោបល់ជាមួយបុរាណវិទូ ស្ថាបត្យករ និងវិស្វករជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បើតាមលិខិតមន្ទីរវប្បធម៌ ការរុះរើនេះ គឺបានព្យាយាមបញ្ចៀសការខូចខាតគ្រឿងឈើឱ្យកាន់តែតិចបំផុត ដើម្បីយកទៅសាងសង់ថ្មីឡើងវិញ ក្នុងបរិវេណវត្តរកាកណ្តាល នៅទីរួមខេត្តក្រចេះ។
មន្ទីរវប្បធម៌ អះអាងថា សំណង់ផ្ទះសសរ១០០ នឹងមិនបាត់បង់ទៅណានោះឡើយ ក្រោយពីសាងសង់ និងជួសជុល ដោយថា ផ្ទះនេះនឹងក្លាយជាសារមន្ទីរ និងជាមរតកសំណង់បុរាណខ្មែរដ៏មានតម្លៃសម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ បានចូលទស្សនា និងសិក្សាស្រាវជ្រាវ៕