ប្រជាសហគមន៍បឹងឈូកA បានឲ្យដឹងថា អាជ្ញាធរខណ្ឌឫស្សីកែវនៅក្នុងរាជធានីភ្នំពេញ ជូនដំណឹងថា នឹងរុះរើផ្ទះពួកគេជាង២០គ្រួសារ ដោយចោទថា សង់ផ្ទះរស់នៅលើចំណីផ្លូវជាដីរបស់រដ្ឋ។
តំណាងសហគមន៍បឹងឈូកA លោក ឡាយ តារា រស់នៅភូមិទួលពពា សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីម្សិលមិញបានចុះមកប្រាប់ប្រជាពលរដ្ឋថា នឹងរុះរើផ្ទះពួកគេនៅម្តុំផ្លូវ៥៩៨ ស្ថិតនៅសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ភ្នំពេញ។ គម្រោងរុះរើ គ្រោងធ្វើនៅថ្ងៃនេះ ដោយចោទថា ពួកគាត់សង់ផ្ទះលើដីរបស់រដ្ឋ។ លោកថា ប្រជាពលរដ្ឋមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែ ប្រជាពលរដ្ឋស្នើសុំទៅរដ្ឋជួយដោះស្រាយផ្តល់សំណងតាមទីផ្សារជាក់ស្តែង ឬអភិវឌ្ឍន៍នៅនឹងកន្លែង។
លោកនិយាយថា៖ «ពួកខ្ញុំមិនប្រឆាំងនឹងអាជ្ញាធរទេ ចាំតែអាជ្ញាធររដ្ឋរកកន្លែង និងផ្តល់សំណងសមរម្យ ដើម្បីឲ្យពួកយើងអាចរស់នៅបាន កុំឲ្យអាជ្ញាធរដេញទៅអត់មានសំណង អត់មានការដោះដូរទីកន្លែងពិតប្រាកដ អញ្ចឹងបានកន្លែងណារស់នៅ»។
តំណាងសហគមន៍ម្នាក់ទៀត លោក ទូច សំអន និយាយថា បើអាជ្ញាធរខណ្ឌមិនដោះស្រាយឲ្យពួកគេទេ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ពួកគេនឹងនាំគ្នាយកញត្តិដាក់ទៅសាលារាជធានីភ្នំពេញ និងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីឲ្យជួយរកដំណោះស្រាយជូនពួកគេផងដែរ។
លោកនិយាយថា «បើថ្ងៃហ្នឹងអត់មានដំណោះស្រាយទេ ខ្ញុំនិងពិភាក្សាគ្នាយកញត្តិដាក់ទៅសាលាក្រុង និងក្រសួងដែនដី នៅថ្ងៃច័ន្ទអាទិត្យក្រោយនេះ ដើម្បីសុំឲ្យជួយរកដំណោះស្រាយឲ្យបានសំណងសមរម្យ»។
វីអូឌីមិនជាសុំការបំភ្លឺពីប្រធានការិយាល័យអន្តរ វិស័យខណ្ឌឫស្សីកែវ លោក លឹម សាម៉ឺឌី ដែលកាន់រឿងនេះបានទេនៅថ្ងៃនេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា សាលារាជធានីស្វាគមន៍ញត្តិរបស់ប្រជាពលរដ្ឋដែលមានបញ្ហារឿងដីធ្លី បើពួកគេមានបំណងដាក់សំណើសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានញត្តិដាក់មក យើងនឹងទទួលយកសិក្សាមើលរឿង ឬគិតគូមើលបញ្ហាទាំងអស់ហ្នឹង គ្រាន់តែដោះស្រាយយ៉ាងម៉េច យើងអត់ទាន់ដឹងរឿង អត់ទាន់ធ្វើបានទេ ប៉ុន្តែប្រាកដហើយបើបងប្អូនមានទុកធុរៈ មានការលំបាកដាក់ញត្តិមក ក្នុងនាមអាជ្ញាធរនឹងជួយរកដំណោះស្រាយ»។
ទោះយ៉ាងណារហូតដល់ម៉ោង១១ព្រឹកថ្ងៃសៅរ៍នេះ នៅមិនទាន់មានកម្លាំងសមត្ថកិច្ចចុះទៅរុះរើផ្ទះពលរដ្ឋតាមការជូនដំណឹងនោះនៅឡើយទេ។
តំណាងសហគមន៍បឹងឈូកA បានអះអាងប្រហាក់ប្រហែលគ្នាថា អាជ្ញាធរខណ្ឌឫស្សីកែវ បានជូនដំណឹងមកប្រជាពលរដ្ឋ២០គ្រួសារថានឹងចុះរុះរើផ្ទះប្រជាពលរដ្ឋ ដែលសង់ខុសច្បាប់លើចំណីផ្លូវរដ្ឋ ស្ថិតនៅសង្កាត់ទូលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប៉ុន្តែតំណាងសហគមន៍ថា ពួកគេនាំគ្នាដាក់វេនប្រចាំការនៅតំបន់នោះ ដើម្បីតវ៉ាមិនឲ្យរុះរើផ្ទះពលរដ្ឋនោះទេ បើសិនជាមិនដំណោះស្រាយសមរម្យណាមួយ ពីព្រោះពួកគេរស់នៅលើដីនោះចាប់តាំងពីឆ្នាំ១៩៩៥ឆ្នាំ មិនដែលមានបញ្ហាអ្វីកើតឡើងនោះឡើយ៕