អតីតអ្នកបកប្រែឱ្យបណ្ដាញព័ត៌មានរុស្ស៊ី Russia Today (RT) លោក រ៉ាត់ រត្នមុនី នៅតែអះអាងថា លោកគ្មានកំហុសដូចការចោទប្រកាន់របស់តុលាការ ពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្តឯកសារនិយាយអំពីការជួញដូរផ្លូវភេទនារីនៅកម្ពុជា។
តុលាការកំពូលនៅថ្ងៃនេះ បានបើកសវនាការបណ្ដឹងសារទុក្ខរបស់អតីតអ្នកបកប្រែឱ្យសារព័ត៌មានរុស្ស៊ី RT លោក រ៉ាត់ រត្នមុនី ដែលជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះផងដែរ។
ក្នុងអំឡុងពេលសវនាការនាព្រឹកនេះ អតីតអ្នកបកប្រែឱ្យបណ្ដាញព័ត៌មានរុស្ស៊ី RT លោក រ៉ាត់ រត្នមុនី បានប្រាប់ទៅចៅក្រមជំនុំជម្រះថា លោកប្ដឹងសារទុក្ខមកតុលាការកំពូល ដោយសារតែសាលាឧទ្ធរណ៍មិនបានផ្ដល់យុត្តិធម៌ដល់រូបគាត់។
លោក រ៉ាត់ រត្នមុនី ប្រាប់ថា៖ «សាលាឧទ្ធរណ៍មិនបានផ្ដល់យុត្តិធម៌ឱ្យខ្ញុំ។ ខ្ញុំបាទ ក៏មិនបានប្រព្រឹត្តដូចការចោទប្រកាន់»។
មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក ឡោ ជុនធី បានឡើងអះអាងនៅមុខចៅក្រមជំនុំជម្រះថា កូនក្ដីលោកមានតួនាទីគ្រាន់តែជាអ្នកសម្របសម្រួល និងបកប្រែភាសាឱ្យបណ្ដាញសារព័ត៌មានរុស្ស៊ី ដោយទទួលកម្រៃក្នុង ១ថ្ងៃ ១២០ដុល្លារ។
លោកថា កូនក្ដីលោកគ្មានទំនាក់ទំនងជាមួយក្រុមសារព័ត៌មាន RT ហើយក៏មិនដឹងពីខ្លឹមសារនៃខ្សែវីដេអូឯកសារនោះទេ ដោយថា បន្ទាប់ពីថតចប់ ក្រុមសារព័ត៌មានរុស្ស៊ី បានយកវីដេអូទាំងអស់នោះទៅផលិតដោយខ្លួនឯង។
លោក ឡោ ជុនធី ប្រាប់ថា៖ «ក្នុងលិខិតដែលខាង RT បានឆ្លើយតបទៅនឹងស្ថានទូតរបស់យើងដែលនៅទីក្រុងមូស្គូ ក៏បានបញ្ជាក់ពីឋានៈ និងតួនាទីរបស់កូនក្ដី។ ខ្ញុំសុំស្រង់ យើង [RT] បានបញ្ជាក់ថា លោក រ៉ាត់ រត្នមុនី បានធ្វើការជាមួយក្រុមរបស់យើង គ្រាន់តែជាអ្នកជួយសម្រួល និងអ្នកបកប្រែភាសាប៉ុណ្ណោះ។ ខ្ញុំបញ្ជាក់មួយទៀត ឯកសារវីដេអូហ្នឹង ត្រូវបានកែសម្រួលនៅទីក្រុងមូស្គូ ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៨ ដោយក្រុមមួយដែលមានបុគ្គលិកសារព័ត៌មានរុស្ស៊ី RT ផ្ទាល់»។
ប៉ុន្តែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល អ្នកស្រី គឹម សត្ថាវី អះអាងថា លោក រ៉ាត់ រត្នមុនី មិនមែនធ្វើត្រឹមតែជាអ្នកបកប្រែនោះទេ បើតាមខ្សែវីដេអូដែលបានចាក់បញ្ចាំង អ្នកស្រីថា លោកក៏ជាអ្នកផលិតដែរ។
អ្នកស្រី គឹម សត្ថាវី ថ្លែងថា៖ «កូនក្ដីរបស់លោកមិនបានធ្វើត្រឹមប៉ុណ្ណឹងទេ គឺបានធ្វើលើសពីហ្នឹងច្រើនណាស់។ អ៊ីចឹងបានថា អាហ្នឹង លោកត្រូវពិចារណា ហើយមួយទៀត ខ្សែវីដេអូចាក់ផ្សាយមានឈ្មោះ អ្នកដែលជាតួសម្ដែងស្អីៗ ហើយកូនក្ដីរបស់លោកមានឈ្មោះនៅក្នុងហ្នឹង មានតួនាទីជាផលិតករ។ ដូច្នេះហើយបានកូនក្ដីរបស់លោកត្រូវទទួលខុសត្រូវរឿងនេះដោយខ្លួនឯង»។
បន្ទាប់ពីមានការលើកឡើងនេះ លោកមេធាវី ឡោ ជុនធី បានបញ្ជាក់ទៅក្រុមប្រឹក្សាម្ដងទៀតថា សារព័ត៌មានរុស្ស៊ីបានធ្វើលិខិតបញ្ជាក់មកស្ថានទូតកម្ពុជានៅទីក្រុងមូស្គូពីតួនាទីកូនក្ដីរបស់លោកជា«អ្នកបកប្រែភាសាឱ្យសារព័ត៌មានRT» មិនមែនជាអ្នកផលិតនោះទេ។ លោកស្នើទៅតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាពវិញ។
អ្នកនាំពាក្យសមាគមសិទ្ធមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់ថា ការចោទប្រកាន់លោក រ៉ាត់ រត្នមុនី ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។
លោកបន្តថា បើសិនជាតុលាការនៅតែមិនទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យលោកមានសេរីភាពនោះទេ លោកថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល នឹងធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «យើងសង្ឃឹមថា ប្រព័ន្ធយុត្តិធម៌ដែលមានរដ្ឋមន្ត្រីថ្មីទើបចូលកាន់តំណែង នឹងពិនិត្យមើលរឿងហ្នឹងឡើងវិញ ចំពោះភាពមិនប្រក្រតីទាំងអស់ហ្នឹង ដោយមិនមានការរើសអើងទៅលើក្រុមដែលធ្វើការងារសង្គម ដែលមានមនសិការផ្សេងៗដែលហ៊ានធ្វើការរិះគន់ ឬហ៊ានធ្វើសកម្មភាព ដើម្បីលាតត្រដាងអំពីរឿងដែលមិនត្រឹមត្រូវជាច្រើន គួរតែបានលើកទឹកចិត្ត ហើយផ្ដល់ភាពយុតិ្តធម៌ ដោយដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ ឱ្យគាត់អាចទៅជួបជុំក្រុមគ្រួសារ ហើយអាចបន្តអាជីពការងារ ដើម្បីចូលរួមចំណែកក្នុងការជួយសង្គមយើងបន្តទៀត»។
លោក រ៉ាត់ រត្នមុនី ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅទីក្រុងបាងកក កាលពីខែធ្នូ ឆ្នាំ២០១៨។ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានការរើសអើង»កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ តាមការចោទប្រកាន់របស់ដើមបណ្តឹងចំនួន ៥នាក់ គឺលោក នាក់ សុទ្ធី នាយកសាលាឥន្ទ្រទេវី កញ្ញា គៀង ស្រីម៉េច កញ្ញា លឹម ស្រីទី អ្នកស្រី ទេព សាលីម និងអ្នកស្រី កែវ ម៉ាឡៃ ដែលសុទ្ធតែជាតួសម្ដែងនៅក្នុងខ្សែភាពយន្តឯកសារនោះ។
បន្ទាប់ពីបញ្ចប់សវនាការ តុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងនេះទៅថ្ងៃទី១៥ ខែកក្កដាខាងមុខ៕