មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការបកស្រាយថា ករណីប្តីប្រពន្ធជនជាតិវៀតណាម មានរថយន្តតម្លៃរាប់លានដុល្លារ ប្រើប្រាស់ស្លាកលេខពិសេសរបស់កម្ពុជានោះ មិនមានអ្វីខុសនោះទេ ព្រោះបានបំពេញលក្ខខណ្ឌច្បាប់ត្រឹមត្រូវដូចជនបរទេសផ្សេងៗទៀតដែលប្រើប្រាស់ស្លាកលេខកម្ពុជាដែរ។
កាលពីថ្ងៃទី១ខែកក្កដាប្តីប្រពន្ធជនជាតិវៀតណាម ដែលរស់នៅភាគខាងត្បូងប្រទេស បានធ្វើពិធីជប់លៀងមួយ ហើយបុរសជាប្តីទិញរថយន្តម៉ាក McLaren Senna MSO ធ្វើជាកាដូសម្រាប់ប្រពន្ធ។ រថយន្តនេះផលិតដោយក្រុមហ៊ុន McLaren Automotive មានតម្លៃរាប់លានដុល្លារ ហើយការផលិតមិនមានចំនួនច្រើនទេ។
ចំណុចមួយដែលធ្វើឱ្យសាធារណជននៅវៀតណាមក៏ដូចជានៅកម្ពុជា មានការចាប់អារម្មណ៍ខ្លាំងនោះគឺរថយន្តតម្លៃរាប់លានដុល្លារនេះ មានស្លាកលេខពិសេសរបស់កម្ពុជា«កម្ពុជា MAILISA»។
អត្ថបទសារព័ត៌មានវៀតណាមមួយចុះផ្សាយថា ឈ្មោះ Mailisa គឺជាឈ្មោះរបស់ប្រពន្ធ ហើយបុរសជាប្តីទិញស្លាកលេខកម្ពុជាដាក់ឈ្មោះប្រពន្ធនេះព្រោះចង់ឱ្យប្រពន្ធរំភើបឬសប្បាយរីករាយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ឈួន វ៉ន់ មានប្រសាសន៍នៅថ្ងៃនេះថា មិនមែនតែជនជាតិវៀតណាម២នាក់ដែលទិញរថយន្ត និងបំពាក់ស្លាកលេខកម្ពុជាប៉ុណ្ណោះទេ គឺកន្លងមកមានជនជាតិអាមេរិក ចិន ក៏បានទិញរថយន្តស៊េរីទំនើប ហើយបំពាក់ស្លាកលេខកម្ពុជាផងដែរ។ ប៉ុន្តែជនបរទេសទាំងនោះត្រូវបំពេញលក្ខខណ្ឌដែលច្បាប់កម្ពុជាបានកំណត់ ដូចជាមានទីលំនៅច្បាស់លាស់ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែននៅមានសុពលភាពជាដើម។
លោក បញ្ជាក់ថា ជនបរទេសទាំងនេះ បើមិនមានឯកសារត្រឹមត្រូវតាមច្បាប់ទេ មិនអាចប្រើប្រាស់ស្លាកលេខកម្ពជាបានទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនថា ការចុះបញ្ជី [រថយន្ត] បើមិនមានឯកសារអនុឡោមត្រឹមត្រូវទេ ធ្វើមិនបានទេ ព្រោះសម័យឥឡូវនេះគឺប្រើប្រព័ន្ធឌីជីថលអស់ហើយ ដើម្បីពង្រឹងផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងមួយទៀតការពិនិត្យដោយអន្តរក្រសួង ដើម្បីចូលរួមកាត់បន្ថយឈានទៅរកការលុបបំបាត់ ការធ្វើអ្វីមួយខុសច្បាប់»។
ពេលដែលសាកសួរ រកឈ្មោះជនបរទេសផ្សេងៗដែលកំពុងប្រើប្រាស់ស្លាកលេខកម្ពុជានោះ លោក ឈួន វ៉ន់ បញ្ជាក់ថា មិនអាចបង្ហាញបានទេ ព្រោះប៉ះពាល់ដល់សិទ្ធិឯកជនរបស់ម្ចាស់លេខទាំងនោះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសម្ពោធលក់ជាផ្លូវកាលើស្លាកលេខពិសេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ ស្លាកលេខពិសេសនេះ មានតម្លៃចន្លោះពី ២លានរៀល រហូតដល់ ១ពាន់លានរៀល។
អ្វីដែលគួរឲ្យកត់សំគាល់ ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ ដែលមានលេខ ឬអក្សរឡាតាំង ចាប់ពី១ ដល់ ៨ខ្ទង់ មាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្ដីពីរថយន្តនោះ។
ស្លាកលេខរថយន្តពិសេសនេះ អាចទិញបានតាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ដែលមានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន៕