តំណាង​សហគមន៍​ឡពាង​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​សវនាការ​ពាក់​កណ្តាល​ខែ​នេះ​

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង លើកបង្ហាញដីកាតុលាការពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង (រូបពីហ្វេសប៊ុក សហគមន៍ ឡពាង)

តំណាងសហគមន៍ឡពាងមួយរូប ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង កោះហៅឲ្យចូលសវនាការ នៅពាក់កណ្តាលខែកក្កដានេះដោយចោទថា ពាក់ព័ន្ធញុះញង់ប្រជាពលរដ្ឋឲ្យចូលធ្វើស្រែលើដីក្រុមហ៊ុន ខេ.ឌី.ស៊ី។

នៅលើហ្វេសប៊ុក ឈ្មោះ សហគមន៍ ឡពាង បានឲ្យដឹងកាលពីម្សិលមិញនេះថា តុលាការខេត្តកំពង់ឆ្នាំង នឹងបើកសវនាការនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លើអ្នកស្រី អ៊ុំ សុភី ពាក់ព័ន្ធនឹងរឿងញុះញង់ពលរដ្ឋឲ្យចូលធ្វើស្រែលើដីក្រុមហ៊ុន ខេ.ឌី.ស៊ី  របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ករណីនេះ តំណាងសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី បានច្រានចោលការចោទប្រកាន់នេះ ដោយអ្នកស្រីថា ក្រុមហ៊ុនប្តឹងគាត់មិនចំគោលដៅ ហើយថែមទាំងសរសេររបាយការណ៍មូលបង្កាច់ទៀតផង។

អ្នកស្រីនិយាយថា៖ «រឿងនេះប្រជាពលរដ្ឋចូលធ្វើស្រែ ដោយសារតែជួបគណបក្សប្រជាជន ដឹកនាំដោយលោកសួស សុខផៃ និងលោកជំទាវ សិន សេរី ដោយមានសំណាចា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំធ្វើស្រែបណ្ដោះអាសន្នសោះ ព្រោះពេលប្រជុំនោះខ្ញុំមិនបានដឹងទេនោះ គឺលោកស្រី តូច លី ជាតំណាងប្រជាពលរដ្ឋ រួមទាំងលោក ផេង រុំ ព្រោះនាងខ្ញុំ​បង្រៀន​សិស្ស មិនដឹងរឿងនេះប៉ុន្មានទេ ហើយនាងខ្ញុំមិនមែនជាតំណាងប្រជាពលរដ្ឋទេ? ហេតុអ្វីបានជាលោកចៅក្រមមិនពិនិត្យទៅលើភស្តុតាងឲ្យបានច្បាស់លាស់រឿងនេះ»។

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​តាជេសស្រុក កំពង់ត្រឡាចនិង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ ហើយ​ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​គុក និង​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​ជាច្រើន​នាក់។

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ ក្រុម​អ្នក​ភូមិ និង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​របួស​ទាំង​សង​ខាង​ជាង២០​នាក់។ ក្រោយ​មក តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ តាម​បណ្ដឹង​របស់​ភាគី​កម្មករ​ក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ