បក្សកាន់អំណាចថៃបានយល់ព្រមដាក់បញ្ចូលសំណើបក្សប្រឆាំងក្នុងផែនការចាយវាយថវិកាជាតិជាង ១០៦ពាន់លានដុល្លារ (៣.៣ទ្រីលានបាត) សម្រាប់ឆ្នាំ២០២១ ក្រោយជជែកដេញដោលគ្នាអស់រយៈពេល ៣ថ្ងៃ ដើម្បីស្វែងរកគំនិតរួមសម្រាប់ដោះស្រាយបញ្ហាប្រជាជន និងសេដ្ឋកិច្ចជាតិ។
តាមសេចក្តីរាយការណ៍ពីកាសែតថៃកាលពីថ្ងៃអាទិត្យ គម្រោងថវិកាដែលស្នើដោយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ត្រូវបានសភាអនុម័តយល់ព្រមនៅថ្ងៃសុក្រ ក្រោមសំឡេងបោះឆ្នោតគាំទ្រ ២៧៣ ទល់នឹងប្រឆាំង ២០០ និងមិនមានមតិ៣ ក្រោយឆ្លងកាត់ការជជែកដេញដោលគ្នាក្នុងចំណោមតំណាងរាស្រ្តចម្រុះបក្សពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា។
មេដឹកនាំរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា គម្រោងថវិកាថ្មីនឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងការចាត់ចែងដំណើរការមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ និងជំរុញអភិវឌ្ឍភាពជាតិ។
តាមសម្រង់សម្តីក្នុងទំព័រកាសែត Bangkok Post អតីតមេដឹកនាំយោធារូបនេះបន្ថែមថា រដ្ឋាភិបាលបានទទួលយកការរិះគន់ និងមតិយោបល់ល្អៗពីភាគីបក្សប្រឆាំង និងពីគ្រប់បក្សនយោបាយទាំងអស់សម្រាប់ដាក់បញ្ចូលក្នុងគម្រោង ដើម្បីឱ្យមានគំនិតផ្តួចផ្តើមអភិវឌ្ឍជាតិប្រកបដោយការស្មើភាពគ្នា។
តាមប្រភពដដែល លោក ប្រាយុទ្ធ បន្ថែមថា គម្រោងថវិកាជាតិថ្មីមានគោលដៅជួយដោះស្រាយបញ្ហាពលរដ្ឋ និងកសិករក្រីក្រមានប្រាក់ចំណូលទាប អភិវឌ្ឍធនធានមនុស្ស និងបែងចែកចំណូល ហើយនិងផលចំណេញដល់ប្រជាជនដោយផ្ទាល់។
យ៉ាងណា គម្រោងនេះដែរ នឹងត្រូវឆ្លងកាត់ការពិនិត្យ និងវាយតម្លៃរយៈពេលកំណត់ ៣០ថ្ងៃពីគណៈកម្មាធិការរបស់ព្រឹទ្ធសភាថៃដែលមានសមាជិកចម្រុះចំនួន ៧២រូប ក្នុងនោះ ក៏មានអតីតមេដឹកនាំគណបក្សប្រឆាំង FFP ដែលត្រូវបានរំលាយកាលពីខែកុម្ភៈ។
កាលពីកិច្ចប្រជុំថ្ងៃទី១ លោក ប្រាយុទ្ធ បានឡើងការពារគម្រោងថវិកាជាតិដែលលោកបានស្នើកាលពីចុងឆ្នាំ២០១៩ និងបានឆ្លងគណៈរដ្ឋមន្រ្តីកាលពីខែមករា ឆ្នាំ២០២០ នៅចំពោះមុខសមាជិកសភាចម្រុះគណបក្សនយោបាយ។
អតីតមេដឹកនាំរដ្ឋប្រហារយោធាថៃឆ្នាំ២០១៤ បានថ្លែងថា គម្រោងរបស់លោករៀបចំឡើងដោយផ្តោតលើការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋថៃ និងស្តារសេដ្ឋកិច្ចប្រទេសក្រោយវិបត្តិជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្រ្តសំខាន់ៗចំនួន ៦ចំណុច។
យ៉ាងនេះក្តី តំណាងរាស្រ្តបក្សប្រឆាំង លើកឡើងថា គម្រោងរបស់លោក ប្រាយុទ្ធ នឹងមិនអាចជួយដោះស្រាយបញ្ហាពលរដ្ឋពិតប្រាកដបានឡើយ។ ផ្ទុយទៅវិញ វានឹងហុចប្រយោជន៍ដល់ក្រុមឈ្មួញ និងបុគ្គលមានអំណាច ខណៈគម្រោងស្នើតាំងពីមុនផ្ទុះជំងឺរាតត្បាត ហើយរដ្ឋាភិបាលមិនបានកែប្រែចំណុចណាមួយឱ្យស្របតាមស្ថានការណ៍វិវត្តន៍ថ្មីៗ។
ឆ្លើយតបចំពោះការរិះគន់ លោក ប្រាយុទ្ធ បានស្នើឱ្យក្រុមបក្សប្រឆាំងរៀបចំគម្រោងថវិកាជាតិលម្អិតរបស់ខ្លួនត្រង់ចំណុចដែលគិតថាចង់ឱ្យមានការកែប្រែ រួចប្រគល់មករដ្ឋាភិបាលដើម្បីពិនិត្យ និងពិចារណាដាក់បញ្ចូលគ្នាក្នុងគម្រោងរបស់លោក។
សភាថៃមានអាសនៈសរុបចំនួន ៥០០ និងមានសម្ព័ន្ធគណបក្សធំ២។ សម្ព័ន្ធទី១ ដឹកនាំដោយគណបក្សកាន់អំណាចបច្ចុប្បន្ន មានឈ្មោះហៅកាត់ PPRP មានអាសនៈសរុប ២៦៨ ចំណែកសម្ព័ន្ធទី២ មានគណបក្ស ៧ចូលរួម ដឹកនាំដោយគណបក្សប្រឆាំង ភឺថៃ ឈ្មោះហៅកាត់ PTP។
តាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី កំណើនសេដ្ឋកិច្ចថៃនឹងដាំក្បាលចុះពី ២.៤ភាគរយ នៅឆ្នាំ២០១៩ ដល់ -៦.៥ភាគរយ នៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ១៩។ ការធ្លាក់ចុះនេះ គឺធ្ងន់ធ្ងរបំផុតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។
រដ្ឋាភិបាលថៃបានបញ្ចេញកញ្ចប់ថវិកាជាបន្តបន្ទាប់សរុបចំនួន ៨៤ពាន់លានដុល្លារ ដើម្បីសង្គ្រោះជីវភាពពលរដ្ឋ ពលករ កសិករ និងអាជីវកម្មដែលរងផលប៉ះពាល់ពីជំងឺឆ្លង និងវិធានការបិទប្រទេសរបស់រដ្ឋាភិបាល និងទប់លំនឹងសេដ្ឋកិច្ចពីការដួលរលំ៕