​សមត្ថកិច្ច​រារាំង​ក្រុម​ព្រះ​សង្ឃ និង​យុវជន​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​តាកែវ​ដើម្បី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​ស្លាប់​លោក កែម ឡី

ក្រុម​សន្តិសុខ​ខណ្ឌ​ចំការមន កាន់​ដៃ​គ្នា​រារាំង​ក្រុម​ព្រះ​សង្ឃ និង​យុវជន ដែល​បាន​ព្យាយាម​ចូល​ទៅ​ប្រារព្ធ​ពិធី​បែប​សាសនា​នៅ​ក្នុង​បរិវេណ​ការ៉ាស់​សាំង​កាល់តិច ម្ដុំ​ស្តុប​បូកគោ រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២០។ (សូត សុខប្រាថ្នា)

ក្រុម​ព្រះ​សង្ឃ និង​ក្រុម​យុវជន​បរិស្ថាន ដែល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​ ដើម្បី​រំឭក​ខួប ៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ លោក​បណ្ឌិត​ កែម ឡី ត្រូវ​បាន​សមត្ថកិច្ច​រារាំង​នៅ​ថ្ងៃ​ត្រង់​នេះ។

ក្រុម​ព្រះ​សង្ឃ និង​យុវជន​បរិស្ថាន​នេះ នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ព្យាយាម​ចូល​ទៅ​ប្រារព្ធ​ពិធី​បែប​សាសនា​មួយ​នៅ​ក្នុង​បរិវេណ​ការ៉ាស់​សាំង​កាល់តិច ស្ថិត​នៅ​ម្ដុំ​ស្តុប​បូកគោ ជា​ទីដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ប៉ុន្តែ ក្រុម​ព្រះសង្ឃ និង​យុវជន​ទាំង​នោះ ត្រូវ​បាន​​ក្រុម​សន្តិសុខ​ចម្រុះ​ខណ្ឌ​ចំការមន រារាំង​មិន​ឲ្យ​ពួកគេ​ប្រារព្ធ​ពិធី​បែប​សាសនា​នោះ​ឡើយ ហើយ​ពួកគេ​បាន​សម្រេច​​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​លោក​បណ្ឌិត កែម ឡី ស្ថិត​នៅ​ក្នុង​ឃុំលាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

សកម្មជន​បរិស្ថាន កញ្ញា កែវ រស្មី បាន​ប្រាប់​វីអូឌី​​ថា ក្បួន​ធ្វើ​ដំណើរ​របស់​ព្រះសង្ឃ និង​ក្រុម​យុវជន​បរិស្ថាន ត្រូវ​បាន​រារាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២ ស្ថិត​ម្ដុំ​សង្កាត់​ចាក់អង្រែក្រោម​ ក្នុង​រាជ​ធានី​ភ្នំពេញ។

យុវតី​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​របាំង​កាត់​ផ្លូវ ដើម្បី​រារាំង​ដំណើរ​របស់​ក្រុម​ព្រះ​សង្ឃ និង​ក្រុម​យុវជន។

កញ្ញា កែវ រស្មី ឲ្យ​ដឹង​ទៀត​ថា ក្រុម​ព្រះ​សង្ឃ​ និង​យុវជន បាន​សម្រេច​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​វិញ បន្ទាប់​ពី​មាន​ការ​រារាំង​ពី​ក្រុម​សមត្ថកិច្ច​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ