អាជ្ញាធរខណ្ឌចំការមន បានឃាត់ខ្លួនបុរសម្នាក់ដែលពាក់អាវមានរូប និងសាររបស់លោកបណ្ឌិត កែម ឡី នៅពេលខ្លួនជិះកង់ចូលបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច នៅម្ដុំស្តុបបូកគោ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ប៉ុន្តែ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យបុរសរូបនេះត្រឡប់ទៅផ្ទះវិញក្រោយអប់រំណែនាំរួច។
ការចាប់ខ្លួននេះបន្ទាប់ពីក្រុមអាជ្ញាធរ និងកងសន្តិសុខខណ្ឌចំការមនរាប់សិបនាក់ បានរារាំងមិនឱ្យក្រុមយុវជន និងព្រះសង្ឃបានជួបជុំគ្នាពិសារកាហ្វេ និងសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី គម្រប់ខួប ៤ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះកាលពីឆ្នាំ២០១៦។
នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងត្របែក ខណ្ឌចំការមន លោក ហុង ចាន់ថេង មានប្រសាសន៍ប្រាប់វី.អូ.ឌីថា បុរសម្នាក់ដែលពាក់អាវមានរូបលោកបណ្ឌិត កែម ឡី ចូលបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិចឈ្មោះ ខាន់ ចាន់ថន វ័យប្រមាណ ៣០ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញហើយ ក្រោយពេលហៅសាកសួរ និងណែនាំជាង ១ម៉ោង ដោយគ្រាន់តែអប់រំគាត់តែប៉ុណ្ណោះ គ្មានធ្វើកិច្ចសន្យាអ្វីនោះទេ។
លោកបន្តថា ការហៅសួរនាំនេះ ដោយសារបុរសរូបនោះពាក់អាវមានរូបលោក កែម ឡី និងដោយសារមានការស្នើសុំពីខាងម្ចាស់ស្ថានីយឱ្យជួយការពារមិនឱ្យមានបាតុភាពណាមួយកើតឡើងនៅកន្លែងអាជីវកម្មរបស់គេ ដោយមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ ឬបាតុកម្មអ្វីនោះទេ។
លោក ហុង ចាន់ថេង បន្ថែមថា៖ «គាត់មកទីតាំងការ៉ាស់សាំងកាល់តិចហ្នឹង ហើយខាងការ៉ាស់សាំងកាល់តិចហ្នឹង គេមិនអនុញ្ញាតឱ្យទេ ដោយសារទីតាំងខាងលើហ្នឹងជាកន្លែងគេរកស៊ី គេខ្លាចមានបញ្ហា បាតុភាពកន្លែងគេណាបង! ព្រោះខាងយើងវាមានទីលានប្រជាធិបតេយ្យដើម្បីតវ៉ា ដល់ពេលខាងរដ្ឋបាលរាជធានីភ្នំពេញ ឬខាងរដ្ឋបាលខណ្ឌចំការមន ក៏មិនអនុញ្ញាតឱ្យដែរ។ ធ្វើតាមគោលការណ៍បងណា! បាទ! ឱ្យតែមានរូបភាព [អាវរូបភាពលោកបណ្ឌិត កែម ឡី] មកទីតាំងខាងលើ ដោយសារយើងមិនអនុញ្ញាតឱ្យផង»។
យុវជន ខាន់ ចាន់ថន ដែលបច្ចុប្បន្នរស់នៅក្នុងវត្តសាមគ្គីរង្សី បានឱ្យវី.អូ.ឌីដឹងនៅរសៀលនេះថា មូលហេតុដែលលោកពាក់អាវមានរូបលោកបណ្ឌិត កែម ឡី គ្រោងចូលរួមពិធីរំឭកខួប ៤ឆ្នាំនៃការបាញ់សម្លាប់គាត់ ដោយសារលោកស្រឡាញ់អាវនោះណាស់ ត្បិតលោកបានរក្សាទុករយៈពេល ៤ឆ្នាំមកហើយ។
លោកមានការសោកស្តាយចំពោះសកម្មភាពអាជ្ញាធរដែលឃាត់ខ្លួនលោក និងតម្រូវឱ្យលោកផ្តិតមេដៃលើកំណត់ហេតុរបស់សមត្ថកិច្ចដែលសួរនាំលោករយៈពេលជាង ១ម៉ោង ព្រមទាំងបានដកហូតយកអាវយឺតមានរូប និងទស្សនៈលោក កែម ឡី និងស៊ីង ឬសញ្ញាសម្គាល់មានរូបថតលោកបណ្ឌិតទៀតផង។
លោកថា ទង្វើនេះជាការបំបិទសិទ្ធិសេរីភាព និងគំរាមកំហែងចំពោះការចូលរួមសកម្មភាពស្របច្បាប់របស់លោក ដែលទាមទារឱ្យអាជ្ញាធរមានការបើកសិទ្ធិទូលាយចំពោះសកម្មភាពបែបនេះនៅពេលក្រោយៗទៀត។
លោក ខាន់ ចាន់ថន បន្តថា៖ «គំនិតរបស់ខ្ញុំៗគិតថា សមត្ថកិច្ចផ្តល់សិទ្ធិសេរីភាព ផ្តល់ទីកន្លែង ឬក៏ឱកាសសម្រាប់ប្រជាពលរដ្ឋដែលមានភក្តីភាព ឬក៏ស្រឡាញ់គិតគូរពីវីរភាពវីរជន។ ទោះបីជាពួកគាត់នៅមានជីវិត ឬក៏បានចែកឋានហើយក្តី»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលបានឃ្លាំមើលព្រឹត្តិការណ៍នេះ មើលឃើញថា ការឃាត់ខ្លួនបុរសឈ្មោះ ខាន់ ចាន់ថន ដោយគ្រាន់តែគាត់ពាក់អាវមានរូប និងពាក្យស្លោកលោកបណ្ឌិត កែម ឡី គឺជារឿងមិនសមហេតុផល ព្រមទាំងជាការដើរផ្ទុយទៅនឹងច្បាប់ជាតិ និងអន្តរជាតិផងដែរ។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ខ្ញុំថា វាមិនមែនជារឿងសមហេតុសមផលទេ ដោយគ្រាន់តែគាត់ពាក់អាវក្នុងន័យគាត់ស្រឡាញ់ គាត់គាំទ្រ ហើយគាត់ពេញចិត្តទៅនឹងទស្សនៈ ឬក៏សាររបស់លោកបណ្ឌិត [កែម ឡី ] ដែលលោកតែងតែនិយាយតាមសារព័ត៌មាននានា តាមបណ្តាញសង្គមរបស់លោក អីដែលពេញចិត្ត វាមិនមែនជារឿងអីខុសច្បាប់ទេ។ ផ្ទុយទៅវិញបើមានការឃាត់ខ្លួនដោយសារមូលហេតុហ្នឹង វាជារឿងខុសច្បាប់ទៅវិញ ជាការអនុវត្តច្បាប់អត់បានត្រឹមត្រូវទៅវិញ»។
នៅបរិវេណស្ថានីយប្រេងឥន្ធនៈនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ ក្រុមយុវជនអះអាងថា តាមគម្រោងពួកគាត់ និងព្រះសង្ឃប្រមាណ ២០អង្គនាក់ គ្រោងជួបជុំគ្នាហូបកាហ្វេ និងបង្សុកូលដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ប៉ុន្តែ គម្រោងនេះត្រូវបានអាជ្ញាធរខណ្ឌចំការមន និងកងសន្តិសុខរាប់សិបនាក់ ព្យាយាមរារាំងមិនឱ្យមានការជួបជុំធ្វើពិធីបែបសាសនានោះឡើយ ក្រោមហេតុផលមានការស្នើសុំពីម្ចាស់ស្ថានីយ និងដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈជាដើម។
យុវជន ហ៊ុន វណ្ណៈ ដែលត្រូវបានអាជ្ញាធរបណ្តេញចេញពីបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិចនោះ បានសម្តែងការខកចិត្តចំពោះការបណ្តេញលោក និងក្រុមយុវជន ព្រមទាំងព្រះសង្ឃជិត ១០អង្គផ្សេងទៀត មិនឱ្យជួបជុំគ្នា ត្បិតពួកគាត់គ្រាន់តែមានបំណងរំលឹកវិញ្ញាណក្ខន្ធលោកបណ្ឌិត និងរំលឹកនូវវីរភាពរបស់គាត់ប៉ុណ្ណោះ មិនបានធ្វើខុសទៅនឹងច្បាប់នោះឡើយ។
លោក ហ៊ុន វណ្ណៈ បន្ថែមថា៖ «បើសិនគ្រាន់តែការហូបកាហ្វេ មានការហាមឃាត់ មិនបាច់តែការហូបកាហ្វេទេ គ្រាន់តែពួកខ្ញុំជួបជុំគ្នាធ្វើពិធីសាសនាហ្នឹង ជាពិធីដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិធ្វើ។ អីចឹងបានថានៅពេលមាននរណាស្លាប់ គេអាចហែ [សព]បុណ្យ ហែអីតាមផ្លូវតាមអីបាន ហើយបើបិទសូម្បីតែពិធីសាសនាទៀត។ អីចឹងមានន័យថាយើងជាប្រជាពលរដ្ឋខ្មែរគ្មានសិទ្ធិធ្វើបុណ្យទេ ប្រជាពលរដ្ឋណាស្លាប់ៗទៅ មិនបាច់ធ្វើបុណ្យអីទេ»។
ព្រះតេជព្រះគុណ បូរ បេត គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ មានថេរដីកាថា គោលបំណងរបស់ព្រះអង្គក្នុងការដឹកនាំព្រះសង្ឃប្រមាណជិត១០អង្គមកស្ថានីយប្រេងឥន្ធនៈកាល់តិចនៅព្រឹកថ្ងៃពុធនេះ ដើម្បីសូត្រមន្តបង្សុកូលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត នៅកន្លែងដែលលោកត្រូវបានឃាតករបាញ់សម្លាប់កាលពី៤ឆ្នាំមុន។ ព្រះអង្គបន្តថា ការសូត្រមន្តតាមពិធីសាសនា គ្មានអ្វីខុសច្បាប់ទេ ហើយក៏គ្មានអ្វីត្រូវសុំច្បាប់នោះដែរ។
ព្រះតេជព្រះគុណ បូរ បេត បន្ថែមថា៖ «ដោយសារកន្លែងនេះ [ស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច]ជាកន្លែង ដែលគេធ្វើឃាតគាត់។ អីចឹងហើយយើងចង់មករំលឹកវិញ្ញាណក្ខន្ធគាត់នៅកន្លែងគេបាញ់គាត់នេះ ហើយនឹងទៅធ្វើពិធីនៅកន្លែងផ្សេង។ យើងមកនេះ យើងចង់មកអុជធូប យើងចង់មកបង្សុកូលនៅកន្លែងដែលគាត់ស្លាប់។ យើងចង់រំលឹកគុណគាត់នៅទីនេះ ព្រោះមួយឆ្នាំយើងតែងតែធ្វើម្តង គឺយើងមកធ្វើកន្លែងនេះ»។
ក្រុមយុវជនដែលរួមមានក្រុមយុវជនខ្មែរថាវរៈ ក្រុម Not1More និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ព្រមទាំងក្រុមព្រះសង្ឃ បានបង្ខំចិត្តសូត្រមន្តឧទ្ទិសកុសលជូនលោកបណ្ឌិតពីចម្ងាយប្រមាណ ១០០ម៉ែត្រពីទីតាំងស្ថានីយប្រេងឥន្ធនៈ ជាកន្លែងលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។
វី.អូ.ឌី មិនអាចទាក់ទងអភិបាលខណ្ឌចំការមន លោក ថេង ចាន់ថុល បានទេ នៅថ្ងៃទី៨ ខែកក្កដានេះ។
តែយ៉ាងនេះក្តី រដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី៧ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថា នឹងចាត់វិធានការច្បាប់មិនឱ្យមានការជួបជុំចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ដើម្បីរៀបចំពិធីខួបគម្រប់៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោនោះឡើយ។
សេចក្តីប្រកាសព័ត៌មាននេះ បានលើកឡើងថា វិធានការនេះធ្វើឡើងស្របតាមការស្នើសុំរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈមកអាជ្ញាធរខណ្ឌចំការមន ឱ្យជួយចាត់វិធានការនានា ដើម្បីធានានូវប្រក្រតីភាពនៃការប្រកបអាជីវកម្ម សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងធានានូវហានិភ័យអគ្គិភ័យជាដើម។
ក្រៅពីនេះ ក៏យោងតាមស្មារតីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺត្រូវធ្វើឡើងនៅទីលានប្រជាធិបតេយ្យ ព្រមទាំងស្របតាមសេចក្តីណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាលបានសម្រេចបិទមិនឱ្យមានការជួបជុំគ្រប់ប្រភេទនៅទូទាំងប្រទេសផងដែរ។
ទោះបីជាយ៉ាងនេះក្តី ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដែលត្រូវបានអាជ្ញាធរ និងកងសន្តិសុខខណ្ឌបណ្តេញចេញពីបរិវេណស្ថានីយប្រេងឥន្ធនៈដែរនោះ សោកស្តាយចំពោះសកម្មភាពរបស់អាជ្ញាធរខណ្ឌចំការមន ដោយថា រឿងមិនគួរមានភាពប្រឈមមុខដាក់គ្នាបែបនេះឡើយ។
លោកថា បញ្ហានេះនឹងបង្ហាញរូបភាពកាន់តែអាក្រក់ដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការបំបិទសិទ្ធិសេរីភាពពលរដ្ឋ សូម្បីតែការរៀបចំពិធីបែបសាសនាក៏ធ្វើលែងបានដែរ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ «ឥលូវយើងឃើញហើយថាស្មាតហ្វូនមាននៅគ្រប់ដៃទាំងអស់ តែមួយវិនាទី ត្រូវបានពិភពលោកមើលឃើញទាំងអស់គ្នា។ អីចឹងគេមើលឃើញរូបភាពកម្លាំងអាជ្ញាធរដាក់ពង្រាយ អ្នកដែលនៅក្រៅៗ គេមើលឃើញថា អូ! កម្ពុជាយើងប្រើកម្លាំងដើម្បីរារាំងក្រុមយុវជន មិនឱ្យប្រារព្ធវិញ្ញាណក្ខន្ធធ្វើខួប៤ឆ្នាំដល់លោក កែម ឡី។ អីចឹងរូបភាពគេមើលទៅវាអាក្រក់ណាស់»។
ដោយមិនបានសម្រេចក្នុងការជួបជុំនៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ក្រុមយុវជន និងព្រះសង្ឃ ជាង២០អង្គនាក់ បាននាំគ្នានិមន្ត និងដើរដោយថ្មើរជើងខ្លះឆ្ពោះទៅស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី នៅឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ តែម្តង។
លោក ស៊ឹង សែន ករុណ ដែលឃ្លាំមើលធម្មយាត្រានេះ ឱ្យដឹងថា ពួកគេបានធ្វើដំណើរដោយថ្មើរជើងត្រឹមផ្លូវ៦០ម៉ែត្រ តំបន់បឹងទំពុន ហើយមានបំណងដើរតាមផ្លូវតាខ្មៅ ដើម្បីផ្សព្វផ្សាយខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ ប៉ុន្តែ ត្រូវបានអាជ្ញាធរហាមឃាត់ ហើយក្រុមយុវជន និងព្រះសង្ឃសម្រេចត្រឡប់មកផ្លូវ៦០ម៉ែត្រវិញ និងប្តូរយុទ្ធសាស្ត្រដោយនិមន្ត ឬធ្វើដំណើរតាមរថយន្ត និងរ៉ឺម៉ក់កង់បីវិញ។
មន្ត្រីសិទ្ធិមនុស្សដដែល បន្តថា តាមគម្រោង ពួកគេនឹងទៅដល់ស្រុកកំណើតលោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ នាយប់ថ្ងៃពុធនេះ ហើយនឹងបន្តកម្មវិធីផ្សេងៗនៅថ្ងៃទី៩ ខែកក្កដា។
អត្ថបទរបស់អង្គការលីកាដូនៅថ្ងៃពុធនេះ បានឱ្យដឹងថា ការប្រារព្ធខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំមុន អាជ្ញាធរបានឃាត់ខ្លួនពលរដ្ឋ ៧នាក់ អស់រយៈពេលពីរថ្ងៃ នៅពេលដែលអ្នកទាំងនោះព្យាយាមចូលទៅរំលឹកខួបនៃការស្លាប់របស់លោកបណ្ឌិត។
ប្រភពដដែលបន្តថា អ្នកទាំងនោះរួមមាន លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ដែលអ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងឃុំខ្លួនរយៈពេលជាងប្រមាណ ៤ខែ មុនពេលដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ចំណែក លោក រ៉ៃយ៉ា ត្រូវបានតុលាការកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ប៉ុន្តែ អនុវត្តទោសតែ ៤ខែ ១៨ថ្ងៃ ដោយទោសនៅសល់ត្រូវព្យួរទាំងអស់៕