ជនជាតិ​​ដើម​​ភាគ​តិច​​កួយ​៨​នាក់​​នៅ​​ព្រះ​វិហារ​​រួច​ផុត​​ពី​​ការ​ចោទ​ប្រកាន់ ក្រោយ​​រង​​បណ្តឹង​​ជាង​៥​ឆ្នាំ​​ពី​​ក្រុម​ហ៊ុន​​ចិន​​

សមាជិក ៨នាក់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ឈរលើកបង្ហាញមេដៃ ក្រោយពីតុលាការទម្លាក់បទចោទរឿង«ចាប់ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់» នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

សមាជិក ៨នាក់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​រួចផុត​ពី​ការចោទប្រកាន់​របស់​តុលាការ ក្រោយ​រង​បណ្តឹង​ក្រុមហ៊ុន​ចិន​មួយអស់រយៈពេល​ជាង ៥ឆ្នាំ​មក​ហើយ​នោះ។

ក្នុង​ដីកាកោះហៅ​ឱ្យចូល​សវនាការ​ចុះ​ថ្ងៃទី២៦ ខែឧសភា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ លោក ភី ស៊ី​ថង បាន​កោះហៅ​ជនជាតិ​ដើម​ភាគតិច​កួយ ៨នាក់​ នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេ រួមមាន​ លោក ប៉ាវ សែវ លោក ផុន រុំ លោក ភូ ភេន លោក ណម ថុល លោក ហោ ធា​ន្នី លោក ថី ហឿន លោក យន់ សន និង​លោក ស្រាល សុ​ឃី ឱ្យចូលរួម​សវនាការ​នៅ​ថ្ងៃទី១០ ខែមិថុនា​កន្លងមក​នេះ ក្រោម​ការ​ចោទ​ពី​បទ​«ចាប់ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់» ដែល​ធ្វើ​ទៅ​តាម​បណ្តឹ​ងរ​បស់​ក្រុមហ៊ុន​ចិនឈ្មោះ ឡាន​ហ្វេ​ង និង​ក្រុមហ៊ុន រ៉ូយ​ហ្វេ​ង

លោក ថី ហុន ដែល​អះអាង​ថា ជា​តំណាង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ប្រាប់​វី​អូ​ឌី​ថា សាលក្រម​របស់​តុលាការត្រូវ​បាន​ប្រកាស​​នៅ​ព្រឹក​ថ្ងៃនេះ ខណៈ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ជិត ១០០នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​មុខសាលាដំបូង​ខេត្ត ដើម្បី​រង់ចាំ​លទ្ធផល​នៃ​សាលក្រម។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​រូប​នេះ ឱ្យដឹង​ថា តុលាការ​បាន​ប្រកាស​សាល​ក្រម​ដោយ​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​លើ​ជនជាតិ​ដើម​ភាគតិច​ទាំង ៨នាក់​នោះ។

លោក ថី ហុន រំលឹក​ថា កាលពី​ឆ្នាំ២០១៤ ប្រជា​សហគ​មន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ឃុំ​ប្រមេ បាន​នាំគ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ឡាន​ហ្វេ​ង និង​ក្រុមហ៊ុន រ៉ូយ​ហ្វេ​ង មិន​ឱ្យឈូស​ឆាយដី​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅក្នុងឃុំ​ប្រមេ ហើយ​ថា ក្រោយមក ​នៅ​ឆ្នាំ២០១៥ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ប្តឹង​សមាជិក ៨នាក់​របស់​សហគមន៍​ទៅ​តុលាការ ដោយ​ចោទ​ថា សមាជិក​សហគមន៍​ទាំងនោះ បាន​ឃុំឃាំង និង​បង្ខាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ដោយ​ខុសច្បាប់។

លោក ថី ហុន អះអាង​ថា ប្រជា​សហគមន៍មិនបាន​ឃុំឃាំង ឬបង្ខាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ដូច​ការចោទប្រកាន់​ឡើយ ដោយ​លោក​ថា ពួក​គេ​គ្រាន់តែ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​មិន​ឱ្យឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​សហគមន៍​ប៉ុណ្ណោះ។

លោក ថី ហុន លើកឡើង​ថា សំណុំរឿង​នេះ​ត្រូវ​បាន​តុលាការខេត្ត​ព្រះវិហារដំណើរការ​សវនាការ​ជាច្រើនលើក​មកហើយ ប៉ុន្តែ មិនដែល​ទម្លាក់​ការចោទប្រកាន់​ដូច​លើក​នេះ​ទេ បើ​ទោះបី​សហគមន៍​បង្ហាញ​ភស្តុតាង និង​អះអាង​ថា មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​របស់​ក្រុមហ៊ុន​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ