សណ្ឋាគារមួយចំនួននៅសៀមរាបបើកដំណើរការវិញ

ទិដ្ឋភាពខាងមុខសណ្ឋាគារ អង្គរ អេរ៉ា នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០( រូបពីសណ្ឋាគារ អង្គរអេរ៉ា)

ម្ចាស់សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាប បានបើកដំណើរការឡើងវិញវិញ ក្រោមហេតុផលថា ដើម្បីរកចំណូលឱ្យបុគ្គលិក និងរក្សាអតិថិជន បើទោះបីជាមានភ្ញៀវតិចតួចចូលស្នាក់នៅ។​

អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅសណ្ឋាគារអង្គរអេរ៉ា លោក សុ វិសាល និយាយថា ក្រោយពីរដ្ឋាភិបាលប្រកាសឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លិបកម្សាន្ត បើកឡើងវិញនោះ សណ្ឋាគាររបស់លោកបានបើកដំណើរការជាប្រក្រតីឡើងវិញនៅដើមខែកក្កដានេះ។

 លោក វិសាល បញ្ជាក់ថា មូលហេតុចម្បងដែលនាំឲ្យម្ចាស់សណ្ឋាគារបើកដំណើរការឡើងវិញ គឺដើម្បីផ្តល់ការងារ និងរក្សាបុគ្គលិកឲ្យបានចំណូលខ្លះសម្រាប់ចំណាយក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ រួមទាំងរក្សាអតិថិជនដែលធ្លាប់មកស្នាក់នៅផងដែរ។

លោក សុ វិសាល ​៖ «បើកសណ្ឋាគារ ទី១ យើងចង់រក្សាអតិថិជនរបស់យើងកន្លងមក ទី២ យើងចង់ផ្តល់ការងារដល់បុគ្គលិកខ្លះ ដែលពួកគាត់បាត់បង់ប្រាក់ចំណូលខ្លះ ដើម្បីឲ្យគាត់បានការងារធ្វើ ចៀសវាងគាត់ទៅរកការងារធ្វើកន្លែងផ្សេង»

លោក វិសាល បញ្ជាក់ថា ការបើកដំណើរការប៉ុន្មានថ្ងៃនេះ ស្ថិតនៅក្នុងដំណាក់សាកល្បង ដែលទទួលបានភ្ញៀវតិចតួចនៅឡើយគឺសណ្ឋាគារលោកមាន ២៥០បន្ទប់ ប៉ុន្តែពេលនេះ ក្នុង១ថ្ងៃជួលបានតែពី៥ទៅ១០បន្ទប់ប៉ុណ្ណោះ។​

អ្នកគ្រប់គ្រងនៅសណ្ឋាគារស្មាញលិញអង្គរ លោក គីវ រ័ត្ន និយាយថា សណ្ឋាគារលោកបើកឡើងវិញនៅដើមខែមិថុនា ថៅកែបានទុកបុគ្គលិកតែ៣០នាក់ប៉ុណ្ណោះ។ ចំណែក១១០នាក់ផ្សេងទៀត ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារ មិនសូវមានភ្ញៀវទៅដើរកម្សាន្តិនសូវមានភ្ញៀវទៅដើរកំសាន្ត់ប់ផ្តើមដើរក និងស្នាក់នៅច្រើនដូចពីមុនកើតជំងឺកូវីដ១៩។

លោក រ័ត្ន ឲ្យដឹងទៀតថា ការបើកដំណើរការសណ្ឋាគារឡើងវិញនេះ ថៅកែមិនទាន់រកប្រាក់ចំណូលបានច្រើន សម្រាប់ទ្រទ្រង់ការចំណាយ ដើម្បីឲ្យចំណេញបាននៅឡើយ។

 លោក គីវ រ័ត្ន ​៖ «ខែ៧មកទល់ឥឡូវនេះ ត្រឹមថ្ងៃ១១ ពីរថ្ងៃម្សិលមិញផងច្រើនបំផុត១០បន្ទប់ ថ្ងៃខ្លះ២បន្ទប់ ៣បន្ទប់ ថៅកែគាត់ថាបើកបានតាមសំណូមពររបស់បុគ្គលិកខ្លះទេ មិនអាចបានទាំងស្រុកទេ ព្រោះយើងបានទទួលចំណូលដំណាក់កាលទី១បានតិចតួច»

 ទោះជាបែបនេះក្តី លោក រ័ត្ន អះអាងថា នៅដើមខែក្រោយ បើស្ថានភាពជំងឺកូវីដកាន់តែស្ងប់ស្ងាត់ ហើយភ្ញៀវទេសចរដើរកម្សាន្តច្រើន នោះថៅកែនឹងឱ្យបុគ្គលិកទាំងអស់មកធ្វើការងារវិញ។​

អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានប្រសាសន៍ថា បច្ចុប្បន្ននេះ អ៊ូតែលផ្កាយ៥ សណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងក្រុងសៀមរាបសរុបប្រហែល២ម៉ឺនបន្ទប់ ក្នុងនោះកំពុងតែដំណើរការប្រហែលជា៣០%តែប៉ុណ្ណោះ។ លោកបន្តថា មូលហេតុដែលនាំឲ្យម្ចាស់សណ្ឋាគារបើកតិចតួចនៅឡើយ ដោយសារមិនមានជើងហោះហើរដឹកភ្ញៀវទេសចរមកទស្សនាតំបន់កម្សាន្តនៅក្នុងខេត្តសៀមរាបនៅឡើយ គឺមានតែភ្ញៀវទេសចរនៅក្នុងស្រុកតែប៉ុណ្ណោះ ដែលធ្វើឲ្យម្ចាស់សណ្ឋាគារទាំងនោះជួបបញ្ហាប្រឈមច្រើនក្នុងការបើកអាជីវកម្មឡើងវិញ។

លោក ទៀ សីហា ​៖ «ទី១ ផលវិបាក ត្រូវប្រមូលបុគ្គលិកធ្វើការត្រឡប់មកវិញ ហើយមាស៊ីនត្រជាក់ត្រូវធ្វើឡើងវិញទាំងអស់ នៅពេលបើកឡើងវិញ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងចូលទៅស្នាក់នៅ ឬចូលក្នុងភោជនីយដ្ឋាន ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩មានប្រសិទ្ធិភាពខ្ពស់»

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកង៉ូវ សេងកាក់ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពីវឌ្ឍនភាព និងការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាបថា នៅក្នុងខេត្តនេះ មានសណ្ឋាគារចំនួន១៧២កន្លែងបានព្យួរការងារបុគ្គលិក និងចំនួន១៨កន្លែងបានបិទទ្វារទាំងស្រុង ហើយមានតែសណ្ឋាគារ៤០កន្លែងប៉ុណ្ណោះដែលកំពុងបើកដំណើរការធម្មតា។

លោកង៉ូវ សេងកាក់ បន្តថា ផ្ទះសំណាក់វិញ គឺ៦៦កន្លែងកំពុងដំណើរការអាជីវកម្មធម្មតា ខណៈ៩៦កន្លែងបានបិទទ្វារ និង ៩៩ទៀតបានផ្អាកដំណើរការអាជីវកម្ម។ ការបិទ និងផ្អាកដំណើរការអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់កម្មករ និយោជិតក្នុងវិស័យទេសចរណ៍ ជាង៨ពាន់នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ