វិភាគ៖ ការ​​រារាំង​​​ពិធី​​​រំឭក​​​ខួប​​លោក​ កែម​ ឡី បង្កើន​​​គំនិត​​​សង្ស័យ​​​កាន់​​តែ​​​ច្រើន​​​

ក្រុមអាជ្ញាធរខណ្ឌមករារាំងមិនឱ្យក្រុមយុវជន និងព្រះសង្ឃធ្វើពិធីរំឭកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី នៅស្ដាម៉ាតស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (សូត សុខប្រាថ្នា)

ពិធី​រំឭក​ខួប៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក កែម ឡី នៅ​ឆ្នាំនេះ មាន​រៀបចំ៣ទីតាំង​ជា​ទ្រង់ទ្រាយ​ធំគឺ​នៅ​ភ្នំពេញជាកន្លែង​បាញ់សម្លាប់ នៅ​ខេត្តតាកែវ និង​នៅ​ខេត្ត​ស្ទឹងត្រែង។ ទីតាំង​នេះសុទ្ធតែ​ត្រូវ​បាន​ហាមឃាត់​ដោយ​ផ្នែក និង​ទាំងស្រុង​ក្រោម​ហេតុ​ផល​ផ្សេង​ៗ។

នៅក្នុង​រាជធានី​ភ្នំពេញ​ កន្លែង​ស្តា​ម៉ាតស្តុ​បបូ​កគោ ហេតុផល​នៃ​ការ​រា​រាំង​រួមមាន ម្ចាស់​ទីតាំង​អាជីវកម្ម​ស្នើសុំការពារ​ការ​ជួបជុំ​ បារម្ភ​ឆ្លង​កូ​វីដ១៩ ជាដើម។ ក្រុម​យុវជន និង​ព្រះសង្ឃ​ព្យាយាម​ទៅ​រំឭក​ខួបលោក ​កែម ឡី នៅ​ទីនោះ​តាំងពី​ថ្ងៃទី៨ និង​ទី៩ ខែកក្កដា ប៉ុន្តែ​ ត្រូវ​បាន​រារាំង ទោះ​មាន​គ្នា​តែ​ប្រមាណ ១០អង្គ​នាក់។ ចំនួន​សមត្ថកិច្ច​ដែល​ចេញមុខ​រារាំង​ច្រើន​ជាង​អ្នកធ្វើ​ពិធី​រំឭក។ 

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោក ថុន រដ្ឋា ជា​យុវជន​ដែល​ចូលរួម​បង្សុកូល​រំឭក​ដល់​លោក កែម ឡី នៅ​ស្តា​ម៉ាត ស្ដុបបូកគោ ថ្លែង​ថា អ្វី​ដែល​ពួក​គាត់​ធ្វើ​គឺ​ស្របច្បាប់ តែ​ត្រូវ​អាជ្ញាធរ​ហាមឃាត់​ទៅវិញ។

លោក ថុន រដ្ឋា៖ «១០០ភាគ១០០ គឺ​ស្របច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​ការ​ធ្វើបាតុកម្ម​ដោយសន្តិវិធី មាត្រា៣ ចំណុច៣។ បងប្អូន​អាច​ទៅ​មើល​បាន។»

នៅ​ថ្ងៃទី១០ ខែកក្កដា ជា​ថ្ងៃ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលគ្រោង​ជួបគ្នា​ពិសា​កាហ្វេ និង​ជជែកគ្នា​រំឭក​ដល់​លោក កែម ឡី តែ​ហាង​កាហ្វេ​នេះ​ត្រូវ​បិទ​ទាំងស្រុង និងមាន​កម្លាំង​យាមកាម​តឹង​រ៉ឹង។

នៅក្នុង​រាជធានី​ភ្នំពេញដដែល កន្លែង​ដែល​បណ្តាញ​យុវជន​កម្ពុជា​រៀបចំ​នៅ​ស្នាក់​ការ​របស់​ខ្លួន​ចែក​សៀវភៅ​ស្តី​ពី​លោក កែម ឡី និងទស្សនៈ​របស់​លោក ​ក៏​ត្រូវ​បាន​អាជ្ញាធរទៅ​ថតរូប និង​សួររក​លិខិត​សុំច្បាប់​អនុញ្ញាត។

នៅក្នុង​ខេត្ត​ស្ទឹងត្រែង ព្រះសង្ឃ និងប្រជា​សហគមន៍​ការពារ​បរិស្ថាន រៀបចំ​ពិធី​រំឭក​ខួប៤ឆ្នាំ​លោក កែម ឡី​ នៅ​ភូមិ​ស្រែគរ​ចាស់ ស្ថិត​ក្នុង​ស្រុក​សេសាន ក៏​ត្រូវ​សមត្ថកិច្ច​ទៅ​ហាម​ដល់កន្លែង​រៀបចំ​ពិធី​ដែរ ដោយ​ថា មិនបាន​សុំច្បាប់​អនុញ្ញាត។ 

ចំណែក​នៅ​ខេត្តតាកែវ អាជ្ញាធរ​ទៅ​រារាំង​ដល់​ក្នុង​ពិធី​រោងបុណ្យ​តែម្តង ដោយ​មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​នានាពី​គំនិត​ ឬអារម្មណ៍​អ្នកចូលរួមនិយាយ​ពាក់ព័ន្ធ​លោក កែម ឡី នោះ​ទេ។

ចំណែក​អ្នកធ្វើ​ដំណើរ​មួយចំនួន​ពេល​ជិតដល់​ផ្ទះ​បុណ្យ​នៅ​ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​រារាំង ដោយហេតុ​ផល​ត្រូវពិនិត្យ​សុខភាព សួររក​លិខិត​បើកបរ ហើយក៏​ដាក់​របាំង​បិទផ្លូវ​មិន​ឱ្យ​បន្តដំណើរ​ទៅមុខ​ទៀត ដោយ​មិន​ប្រាប់​ថាមាន​បញ្ហា​សុខភាព ឬឯកសារ​ពាក់ព័ន្ធ​ការ​បើកបរ​នោះ​ទេ ដោយ​ថា ជា​បញ្ជា​របស់​ថ្នាក់លើ។

ទីបំផុត ​អ្នកចូលរួម​មួយ​ក្រុម​មាន​គ្នា​រាប់​សិប​នាក់ សម្រេច​ដើរទៅ​កាន់​រោងបុណ្យក្នុង​ចម្ងាយផ្លូវ​ជិត១០គី​ឡូម៉ែត្រ។

ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ស.ប.ឯ.ស – IDEA) លោក វន់ ពៅ ជា​អ្នកចូលរួម​ម្នាក់​ក្នុងចំណោម​អ្នកចូលរួម​ផ្សេងទៀតដែល​ត្រូវ​បាន​រារាំង ​សម្តែង​ការ​សោក​ស្តាយចំពោះ​ការរារាំង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ធ្វើ​ឱ្យ​រូបលោក និង​អ្នក​ផ្សេងទៀតទៅ​ចូលរួម​ពិធីបុណ្យ​មិនទាន់ពេល។

ប្រធាន​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ស.ប.ឯ.ស – IDEA) លោក វន់ ពៅ ថ្លែងប្រាប់អ្នកសារព័ត៌មានបណ្ដើរ ធ្វើដំណើរដោយថ្មើរជើងបណ្ដើរទៅចូលរួមខួប៤ឆ្នាំលោក កែម ឡី នៅស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក វន់ ពៅ៖ «យើងខ្ញុំ​សុំ​ខមា​ទោសដល់​បង​បណ្ឌិត ​កែម ឡី ដែល​យើងខ្ញុំ​យឺតយ៉ាវមក​មិនទាន់ពេល​វេលា មក​មិនទាន់​កម្មវិធី​បុណ្យ​បង ដោយសារ​មានការ​រារាំង​ពី​អាជ្ញាធរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ»។

នៅក្នុង​ខេត្តតាកែវ ក្រៅពី​រារាំង​ការ​ផ្សព្វផ្សាយ​នៅកន្លែង​ផ្ទះបុណ្យ និងអ្នកដំណើរ​ ក៏​មានការ​តាម​ថតរូប និងរារាំង​ក្រុម​យុវជន និង​ព្រះសង្ឃ​មួយ​ក្រុម​ប្រមាណ ១០អង្គ​នាក់ ដែល​ធ្វើ​ធម្មយាត្រា ចែក​សៀវភៅ និងវត្ថុ​អនុស្សាវរីយ៍មានឈ្មោះ​និង​រូបលោក កែម ឡី។

ទាំង​នៅក្នុង​ពិធីបុណ្យ និង​ក្រោយ​ពិធី​រំឭក​ខួប៤ឆ្នាំនេះ មានការ​លើកឡើង​ពី​គំនិត​សង្ស័យ​ថា ហេតុអ្វី​មានការ​រារាំង ព្រោះ​ជាពិធី​សាសនា ហើយ​ទ្រង់ទ្រាយ​តូច​ដែល​មាន​អ្នកចូលរួម​តែ​ប្រមាណ១០នាក់ ហើយ​ក្នុង​ច្បាប់​ក៏​មិន​តម្រូវ​ឱ្យ​សុំ​ដែរ។ 

លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជាអ្នក​ដែល​ធ្លាប់ធ្វើ​កិច្ចការ​សង្គម ស្និទ្ធ​ជាមួយ លោក កែម ឡី លើកឡើង​ថា ការរារាំង​ទាំងនេះ មូលហេតុ​ធំ​គឺ​អាជ្ញាធរមិន​ចង់ឱ្យ​ជួបជុំ​ជាជាង ហេតុផល​ផ្សេង​ៗ។

លោក យ៉ង សាំង​កុមារ៖ «ការ​មិន​ឱ្យជួបជុំ​រំលឹក​ខួប៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ កែម​ឡី។ តាម​សំបុត្រ​ [លិខិត​អាជ្ញាធរ​ខណ្ឌចំការមន​] នេះ​ មាន៤មូលហេតុ​ តែ​នៅ​មូលហេតុ​ទី៥គឺ​មិន​ចង់​ឱ្យគេ​ទៅ​ជួបជុំ​នៅ​ទីនោះ។ បើ​អាជ្ញាធរ​ចេះ​ធ្វើការ​ គេ​អាច​សម្រួល​ឱ្យមានការ​ជួបជុំ​ជា​ក្រុ​មតូចៗ​បាន​ក្នុង​រយៈពេលកំណត់​មួយ»។

លោក អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត លើកឡើង​ជា​ចម្ងល់​ថា មាន​អ្វី​លាក់បាំង​ទើប​មានការ​រារាំង​គ្រប់កន្លែង។

លោក អ៊ូ វីរៈ៖ «រារាំង​រហូ​តចឹង​ ដូច​មានអី​លាក់។»

នាយិកា​ប្រ​តិប​ត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ដែល​ត្រូវ​សមត្ថកិច្ច​ចូល​ទៅ​រារាំង​ពេល​កំពុង​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅរោងបុណ្យ​ក្នុង​ខេត្តតាកែវ​នោះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរារាំង និងជួយ​រក​យុត្តិធម៌​សម្រាប់​លោក កែម ឡី។

លោកស្រី ចក់ សុភាព៖ «សូម​សំណូម​ពរ​ដល់​អាជ្ញាធរ​ខេត្ត​នេះតែម្តង ដោយសារ​ថ្ងៃនេះ មានការ​ឃាត់​ពលរដ្ឋ​ដែល​ពួក​គាត់​មាន​ទឹកចិត្ត​ក្នុង​ការចូលរួម។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើបចិត្ត​នោះ ​នៅ​តាមផ្លូវ​គឺ​មាន​ពលរដ្ឋ​ជាច្រើន​ដែល​គាត់​ចូលរួម ហើយ​ផ្តល់​ទឹក​ដល់​អ្នកដើរ​ដោយ​ថ្មើរជើង ហើយ​សូម្បីតែ​អ្នកលក់​ដូង គាត់​ក្រ​មែនទែន តែ​គាត់​ផ្តល់​ដូង​ដល់​ពួក​ខ្ញុំ។ ចាស៎! សូម​អរគុណ ហើយ​សូម​ឧទ្ទិស​ផលបុណ្យ​ទាំងអស់​នេះដល់​លោកពូ ហើយសូម​ឱ្យ​មាន​យុត្តិធម៌​ដល់​លោកពូ និង​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា។ ចាស៎! សូម​អរគុណ។»

បើ​ទោះជា​តុលាការ​បាន​ប្រកាស​ថា រក​ឃើញ​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប​ សម្លាប់ ជា​ឃាតករសម្លាប់​លោក កែម ឡី ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​បង្ហាញ​តម្រុយ​ផ្សេង​ថាមាន​អ្នកដទៃ​ទៀត​ពាក់ព័ន្ធ​ក៏ដោយ ក៏​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​រំឭក​ខួប​លោក កែម ឡី តែងតែ​អំពាវនាវ ឬទាមទារឱ្យ​ស្វែងរក​ឃាតករ​ពិតមក​ដាក់ទោស​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់។ 

ការ​អំពាវនាវ​ឱ្យ​ស្វែងរក​ឃាតករ​ពិត​នេះ ស្មើនឹង​ក្នុងចិត្ត​អ្នកគាំទ្រ​លោក កែម ឡី មិន​ទទួលស្គាល់​ថា បុរស​ម្នាក់​ដែល​តុលាការ​សម្រេច​ចោទប្រកាន់​ថាជា​ឃាតករ​នេះ មិនមែន​ជា​ឃាតករ​ពិតប្រាកដ​នោះ​ទេ។

ក្នុងអំឡុងពេល​​ខួប៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក កែម ឡី នេះ ក្រៅពី​ការសង្ស័យ​លើ​ឃាតករ​ដែល​សមត្ថកិច្ច​ចាប់បាននោះ​ពិត​ឬអត់ ក៏​មានការ​សង្ស័យ​លើ​សមត្ថកិច្ច​ដែល​រារាំង​សកម្មភាព​គ្រប់កន្លែង​នេះ ថាតើ​ការរារាំង​ទាំង​នៅក្នុង​រាជធានី និង​នៅ​តាម​បណ្តា​ខេត្ត​ ជា​ការសម្រេច​ចិត្ត​របស់​អាជ្ញាធរ​មូលដ្ឋាន​ ឬមានការ​បញ្ជា​ពី​ថ្នាក់លើ​រួម​? ហើយ​ថ្នាក់លើ​កម្រិត​ណា​ជា​អ្នកបញ្ជា​? ហើយ​មាន​គោលបំណង​អ្វី​ឱ្យ​ពិតប្រាកដ​?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ