សកម្មជន​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​រតនគិរី​​ហៅ​​វិធាន​ការ​​យឺត​យ៉ាវ​​ជំរុញ​​ឱ្យ​​ពួក​​គេ​​ក្លាយ​ជា​​ជន​រងគ្រោះ​​

សកម្មជនព្រៃឈើ លោក ឆន ផល្លា ក្រោយពីរងការវាយតប់ពីសំណាក់ពលរដ្ឋក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ (សមាគមអាដហុកប្រចាំខេត្តរតនគិរី)

​សក​ម្មជនកា​រពារ​ព្រៃឈើនៅខេ​ត្តរតនគិ​រី លោក ឆន ​ផល្លា ដែលអះអា​ងថា ត្រូវបាន​គេព្រួត​វា​យរ​ហូត​សន្លប់នៅ​ចំពោះ​មុខ​​អាជ្ញាធរ​ក្នុងវេ​ទិកាសាធា​រណៈមួយកាលពីសប្តាហ៍មុ​ននោះ​ បា​នអំ​ពាវ​នាវទៅរដ្ឋាភិបាលឱ្យ​ជួយ​រក​យុត្តិធ​ម៌​។

​លោក​ ឆន ​ផល្លា ​អាយុ​ជាង ៤០​ឆ្នាំ មក​ពី​ភូមិ​​សមុត្រក្រោ​ម ឃុំ​សេដា ស្រុកលំផាត់ និ​យា​យ​ក្នុងសន្និសីទសារព័ត៌មានក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះថា លោកបានប្តឹងអាជ្ញាធរ និងពលរដ្ឋមួយចំនួនទៅតុលាការតាំងពីឆ្នាំ២០១៧ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។

ប៉ុន្តែ សកម្មជនរូបនេះ​អះ​អាង​ថា បណ្ដឹង​របស់​លោកមិន​ត្រូវ​បាន​​ស្ថាប័ន​ពាក់​ព័ន្ធ​ចាត់ការ​​នោះ​ឡើយ ដែល​លោក​ថា ជំរុញ​ឱ្យ​បុគ្គល​ដែល​លោក​បាន​ប្ដឹងវាយ​តប់​ទៅ​លើ​រូប​លោក​រហូត​ដល់​សន្លប់​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​នៅ​ក្នុង​សាលា​ឃុំ​សេដា កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា។

លោក​ ឆន​ ផល្លា និយាយទៀត​ថា ពេល​លោក​រង​ការ​ព្រួត​វាយ​តប់​នោះ លោក​បាន​រត់​ទៅ​រក​អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ ​ដែលមានវត្តមានក្នុងវេទិកានោះឱ្យជួយដែរ​ តែលោកថា មន្ត្រីមូលដ្ឋាន​រូបនេះបែរជាគំរាមលោកឱ្យឈប់ប្តឹងករណីបទល្មើសព្រៃឈើទៅវិញ។

លោក ឆន ផល្លា និយាយ​ថា៖ «អភិបាលស្រុក នូ ថេរ ហ្នឹងគាត់គំរាម​ខ្ញុំហ្មង គាត់ថា បើ ផល្លា ឯងនៅតែធ្វើការតវ៉ាព្រៃឈើ​ គាត់នឹងចាប់ខ្ញុំដាក់គុក»

​សកម្មជ​នការពារព្រៃឈើរូបនេះ អំពាវនាវទៅរដ្ឋាភិបាលឱ្យចាត់វិធានការមន្ត្រីខិលខូច ដើម្បីការពារធនធានធម្មជាតិ និងការពារ​ពលរដ្ឋ​ដែល​រាយការណ៍​ពី​បទ​ល្មើ​សព្រៃ​ឈើ​។

លោក ផល្លា និយាយ​បន្ត​ថា៖ «ខ្ញុំសូមឱ្យសម្តេចលោកជួយពិនិត្យជួយពិចារណារកយុត្តិធម៌ឱ្យពួកយើងខ្ញុំផង[…]ឱ្យ​ក្រសួង គ្រប់ក្រសួងចុះទៅពិនិត្យនៅកន្លែងនោះផ្ទាល់ ហើយបើសិនជាសម្តេចលោកបានដឹងបានឮ​ហើយ ខ្ញុំអាចយកឯកសារនេះជូនសម្តេចផ្ទាល់ដៃឱ្យសម្ដេចក៏បានដែរ ព្រោះខ្ញុំជាជនរងគ្រោះ ខ្ញុំជាអ្ន​ក​ការពារជាមួយគាត់»

​អភិបាលស្រុ​កលំ​ផាត់ លោក នូ ថេរ សុំ​មិនធ្វើអត្ថាធិប្បាយជុំវិញការចោទប្រ​កាន់​នេះទេ​។

លោក នូ ថេរ ប្រាប់ថា៖ «ខ្ញុំមិនទម្លាប់និយាយតាមប្រព័ន្ធទូរសព្ទទេ។ ជាសំណូមពរ សុំឱ្យប្រមូលអ្នកសារព័ត៌​មា​នបួនដប់ម្ភៃ ចុះមកឃុំសេដាមក ដើម្បីធ្វើសន្និសីទជាមួយប្រជាពលរដ្ឋ។ សូមធ្វើសន្និសីទដូច​អា ផល្លា​ ម​កឱ្យ​ដឹងសម្តីពិតពីប្រជាពលរដ្ឋថា រឿងពិតវាយ៉ាងម៉េច»

ទោះជាយ៉ាងណា ស្នងការ​នគរបាល​ខេត្តរតនគិរី តាមរយៈលិខិតចុះថ្ងៃទី៩ ខែកក្កដា បានច្រានចោលការ​អះអាងរបស់លោក ឆន ផល្លា។

បើតាមលោក ឆន ផល្លា ពួកគាត់បានប្តឹងមន្ត្រីមួយចំនួននៅក្នុងស្រុកនេះ និងពលរដ្ឋមួយចំនួនទៀតទៅតុលាការចំនួន ៨បណ្តឹងរួចមកហើយចាប់ពីឆ្នាំ២០១៧មក ប៉ុន្តែ លោក​ថា ជាង ៤ឆ្នាំមកនេះ គ្មានអ្នកជាប់បណ្តឹងណាម្នាក់ត្រូវបានចាត់វិធានការផ្លូវច្បាប់ទេ។

វីអូឌី​បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ ផង​ដែរ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​មិន​បាន​លើក​ទូរសព្ទ​នោះ​ឡើយ។

លោក ឆន ផល្លា អាយុជាង ៤០ឆ្នាំ ជាជនជាតិខ្មែរ ហើយ​បាន​រៀបការ​ជាមួយ​ស្ត្រី​ជនជាតិដើមភាគតិចទំពួន រស់នៅភូមិសាមុត្រក្រោម ឃុំសេដា។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនទាន់ដឹងរឿងនេះនៅឡើយទេ ប៉ុន្តែ លោកជំរុញឱ្យសកម្មជនការពារព្រៃឈើរូបនេះទាក់ទងទៅក្រសួងបរិស្ថាន ដើម្បីផ្ដល់​កិច្ច​អន្តរាគមន៍។

លោក ផៃ ស៊ីផាន ប្រាប់ថា៖ «បើសកម្មជនព្រៃឈើហ្នឹងលោកមិនសប្បាយចិត្តបែបណា លោកទាក់ទងទៅឯកឧត្តម សា​យ សំអាល់ [រដ្ឋមន្ត្រីក្រសួងបរិស្ថាន] ដែលលោកជំហរណាស់ក្នុងការជួយការពារព្រៃឈើ ពីព្រោះរា​ជ​រដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានហ្នឹង លោកស្វាគមន៍ជានិច្ចក្នុងសាច់រឿងហ្នឹង»

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា មិន​បាន​ឆ្លើយ​តប​នឹង​ការ​សាក​សួរ​ពី​សារព័ត៌មាន​វីអូឌី​តាម​ទូរសព្ទ និង​បណ្ដាញ​តេឡេក្រាម​នោះ​ឡើយ​នៅ​ថ្ងៃ​នេះ។

យ៉ាងនេះក្តី សកម្មជនការពារព្រៃឈើ លោក ឆន ផល្លា និយាយក្នុងសន្និសីទនោះថា ពេលសុខភាពលោកល្អប្រសើរឡើងវិញ លោកនឹងរៀបចំពាក្យបណ្តឹងភ្ជាប់ទាំងឯកសារវាយតប់ទៅក្រសួងពាក់ព័ន្ធ ដោយថា ដើម្បីទប់ស្កាត់កុំឱ្យសកម្មជនការពារព្រៃឈើនៅបណ្តាខេត្តមួយចំនួនទៀតរងការគំរាមកំ​ហែ​​​ង​ដូចពួកលោក។

ប្រធានផ្នែកសិទ្ធិមនុស្ស និងសិទ្ធិដីធ្លីនៅសមាគមអាដហុក លោក នី សុខា ដែលចូលរួមក្នុងសន្និសីទនេះដែរ និយាយថា ការគំរាមកំហែងឱ្យដកពាក្យបណ្តឹងរបស់រាជការសាធារណៈ ជាបទល្មើសព្រហ្មទណ្ឌ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះបង្ហាញការព្រួយបារម្ភថា បើមន្ត្រីខិលខូចមិនត្រូវគេចាត់វិធានការច្បាប់ នោះវានឹងជំរុញឱ្យមាន​បទ​ល្មើស​បំផ្លាញធនធានធម្មជាតិកើនឡើងផ្ទុយពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។

លោក នី សុខា និយាយ​ថា៖ «បើមិនអ៊ីចឹងទេ ខ្ញុំយល់ថា ពីពេលនេះតទៅ អ្នកការពារសិទ្ធិមនុស្ស អ្នកការពារព្រៃឈើ អ្ន​ក​កា​​​​​រ​ពារ​សម្បត្តិរដ្ឋ អ្នកការពារធនធានធម្មជាតិទាំងអស់ហ្នឹង ប្រហែលជាលែងហ៊ានចេញមុខការ​ពារ​​ហើ​យ ពីព្រោះអីពេលចេញមុខទៅ គេធ្វើបាប ហើយអត់មានអាជ្ញាធររកយុត្តិធម៌ឱ្យគាត់ វាជារឿងមួយជះឥទ្ធិពលមិនល្អទេ។ អ៊ីចឹង ខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាមិនព្រងើយកន្តើយទេ»

បើតាមអាដហុក ក្រៅពីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ ៧នាក់ផ្សេងទៀត បានភៀសខ្លួនគេច​ចេញពីភូមិ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីមានការដាក់សម្ពាធឱ្យដកពាក្យបណ្តឹង។

មាត្រា៥២៧ នៃក្រមព្រហ្មទណ្ឌចែងថា «អំពើគំរាមកំហែងសម្លុត ដើម្បីញុះញង់ជនរងគ្រោះកុំឱ្យដាក់ពាក្យបណ្តឹង ឬដកពាក្យបណ្តឹងរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល ប្រសិនបើបទល្មើសនេះសម្តែងចេញជាលទ្ធផល»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ