ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញនូវអ្នកផ្ទុកកូវីដ១៩ចំនួន៥នាក់ទៀតដែលក្នុងនោះមានពលរដ្ឋខ្មែរ៣រូប និងមន្រ្តីការទូតជាន់ខ្ពស់អាមេរិកចំនួន២នាក់។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនៅថ្ងៃនេះ ពលរដ្ឋខ្មែរទាំង៣នាក់ដែលមានកូវីដ១៩នោះ មានបុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំម្នាក់ជាមួយកូនប្រុសដែលមានអាយុ ៥ឆ្នាំម្នាក់ ស្រ្តីជនជាតិខ្មែរអាយុ ៦០ឆ្នាំម្នាក់។ ពួកគាត់ជាអ្នកដែលទើបត្រលប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា តាមជើងហោះហើរលេខ BR265 របស់ប្រទេសចិន ដែលផ្ទុកអ្នកដំណើររួមសរុបចំនួន ៧៧ នាក់ ។
បច្ចុប្បន្នអ្នកទាំង៣កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោមរាជធានីភ្នំពេញ ចំណែកឯអ្នករួមដំណើរក្នុងយន្ដហោះចំនួន៨នាក់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅឯមណ្ឌលចត្តាឡីស័ក្ដទ័ពអាកាស និង៦៦នាក់ទៀតនៅឯសណ្ឋាគារអូខេប៉ាឡេស។
ប្រភពដដែលឱ្យដឹងថា សម្រាប់ករណីមន្រ្តីការទូតជាន់ខ្ពស់អាមេរិកទាំង២នាក់បានមកដល់កម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដាដែរ ហើយពេលនេះកំពុងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។ ជនជាតិអាមេរិក២នាក់បានធ្វើដំណើរចេញពីសហរដ្ឋអាមេរិក និងបន្តដំណើរតាមជើងហោះហើរលេខ KE689 របស់កូរ៉េខាងត្បូងដែលផ្ទុកអ្នកដំណើរចំនួន ៩១នាក់មកកាន់ប្រទេសកម្ពុជាក្នុងថ្ងៃជាមួយគ្នានេះ។សម្រាប់អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ដាច់ឡែកនៅមណ្ឌលចត្តាឡីស័កទ័ពអាកាស រាជធានីភ្នំពេញចំនួន១០នាក់ និង៧៩នាក់ទៀត ត្រូវបានដាក់ឱ្យស្នាក់នៅសណ្ឋាគារមួយក្នុងសង្កាត់បឹងកេងកង១។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣នាក់៕