ក្រសួងសុខាភិបាលប្រាប់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងការថែសុខភាពនៅពេលធ្វើដំណើរ និងជួបជុំគ្នា នាអំឡុងពេលឈប់សំរាកចំនួន៥ថ្ងៃ ដែលរដ្ឋាភិបាលសងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយចាប់ផ្តើមអនុវត្តនៅពាក់ កណ្តាលខែក្រោយនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយផ្ញើសារសំឡេងតាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះថា រដ្ឋាភិបាលបានសម្រេចឲ្យកម្មករ និងអ្នកធ្វើការងារនៅតាមក្រុមហ៊ុនរដ្ឋ និងឯកជនទាំងអស់ឈប់សម្រាក សងជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧-២១ សីហា ខាងមុខនេះ។
អ្នកនាំពាក្យរូបនោះ បានអំពាវនាវទៅប្រជាពលរដ្ឋដែលឈប់សំរាកទាំងនោះ ប្រុងប្រយ័ត្នពីសុខភាព ជាពិសេសនៅពេលទៅលេងស្រុកកំណើត និងដើរកំសាន្តនៅទីប្រជុំជនជាដើម ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ខណៈជំងឺនេះក្រសួងនៅតែរកឃើញអ្នកឆ្លងជាបន្តបន្ទាប់។
លោកស្រីនិយាយថា៖ «ការឈប់សំរាកនាពេលខាងមុខនេះ មានរយៈពេលយូរ ដូច្នេះ ប្រហែលជាមានបងប្អូនយើងមួយចំនួនអាចវិលត្រឡប់ទៅជូបជុំក្រុមគ្រួសារនៅផ្ទះសម្បែង នៅភូមិ នៅលំនៅឋានរបស់ខ្លួន ដើម្បីជួបជុំញាតិមិត្ត ក្រុមគ្រួសារ ហើយក៏មានបងប្អុនមួយចំនួនប្រហែលជាមានផែនការធ្វើដំណើរទៅកំសាន្តទីនានា សូមបងប្អូនទាំងអស់អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា»។
គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៣នាក់៕