ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី១៩ខែកក្កដានេះថា ក្រសួងបានព្យាបាលអ្នកផ្ទុកមេរោគកូវីដ១៩ជាសះស្បើយចំនួន៣នាក់បន្ថែម នាំឱ្យចំនួនអ្នកដែលជាសះស្បើយកើនដល់១៣៦នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកដែលជាសះស្បើយទាំង៣នាក់នោះជាបុរសជនជាតិខ្មែរទាំងអស់ គឺម្នាក់ នៅភូមិឃ ឃុំច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងពីរនាក់ទៀត អាយុ២១ឆ្នាំ និងអាយុ៣០ឆ្នាំ មានអាស័យដ្ឋានជាមួយគ្នា ស្ថិតនៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ។
បុរសទាំងបីនាក់នោះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញកាលពីម្សិលមិញនេះ។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៦នាក់៕