លោក ហ៊ុន សែន បង្ហាញ​​ការ​​ប្តេជ្ញា​​ចិត្ត​​មិន​​ឱ្យ​​ពលរដ្ឋ​​ណា​​ម្នាក់​​ស្លាប់​​ដោយ​សារ​​កូ​វីដ​១៩​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសចុះពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការ​តាំងចិត្ត​ថា នឹង​មិន​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​កូ​វីដ១៩នោះ​ទេ បើ​ទោះបី​លោក​អះអាង​ថា ករណី​រក​ឃើញ​ថ្មី​នៅ​ថ្ងៃនេះ​គួ​រឱ្យ​ស្លុតចិត្ត​ក៏ដោយ។

ក្នុង​កិច្ច​សំណេះសំណាល​មួយ​ជាមួយ​ពលរដ្ឋ​នៅ​កណ្តាល​វាល​ស្រែ​មួយ​កន្លែង​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នា​ថ្ងៃអង្គារ​នេះ លោក ហ៊ុន សែន ថ្លែង​ថា ជាអកុសល និង​គួ​រឱ្យ​ស្លុតចិត្ត ពេល​លោក​ទទួល​ព័ត៌មាន​នៅ​យប់មិញ​ថា ​មាន​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន២៦នាក់​ថ្មីទៀត កើត​លើ​និស្សិត​ខ្មែរមក​ពីក្រៅ​ប្រទេស។

មេដឹកនាំ​កម្ពុជា​រូប​នេះ ថ្លែង​ទៀត​ថា ថ្វីត្បិតតែ​ពេលនេះ​កូ​វីដ១៩នៅតែ​បន្ត​គំរាមកំហែង​កម្ពុជា ប៉ុន្តែ​ថា រដ្ឋាភិបាល​សម្រេច​ឱ្យ​អាជីវករ​បើក​​អាជីវកម្ម​លក់ដូរ​ឡើងវិញ រួម​ទាំង​បើកទ្វារ​សាលារៀន​មួយចំនួនក្នុង​ស្ថានភាព​ប្រុង​ជើងការ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «យើង​សុខចិត្ត​ទ្រាំ​បន្តិច ក៏ប៉ុន្តែ​យើង​មាន​សុវត្ថិភាព ធ្វើ​ម៉េច​កុំឱ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយសារ​កូ​វីដ ហើយក៏​មិន​ត្រូវ​ទុក​ឱ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដោយ​យើង​មិនបាន​ដឹង​មិនបាន​ដោះស្រាយ​នោះ​ដែរ»។

ក្នុង​កិច្ច​សំណេះសំណាល​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​នេះ តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល និង​អំពាវនាវ​ឱ្យ​ប្រើ​ម៉ាស់​ផលិត​ក្នុង​ស្រុក​ធ្វើ​ពី​ក្រ​មា ដូចជា​ក្រុមហ៊ុន​ផលិត​យីហោ​រាជ​សែន​ជាដើម ដើម្បី​កាត់បន្ថយ​ការ​ចំណាយ។

ក្រសួងសុខាភិបាល តាមរយៈ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃនេះ ​អះអាង​ថា ​ខ្លួន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ ហៅ​កូ​វីដ១៩នេះ ២៦នាក់​ថ្មីទៀត ធ្វើ​ឱ្យ​ការ​រក​ឃើញ​អ្នក​ឆ្លង​សរុប​កើន​ដល់១៩៧នាក់។

បើ​តាម​ក្រសួង ករណី​ថ្មីនេះ​ជា​ករណី​នាំចូលពីអ្នក​ដំណើរ​មក​ពី​ប្រទេស​រុស្ស៊ី២០នាក់ ប្រទេស​អេ​ហ្ស៉ីប៥នាក់ និង​ម្នាក់ទៀត​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេ​ជបណ្ឌិត លី សុវណ្ណ និយាយ​ថា ដោយសារ​មានការ​ចង្អុលបង្ហាញពី​រដ្ឋាភិបាល​នេះ ទើប​ក្រសួង​ទប់ស្កាត់​ការ​រីក​រាលដាល​បាន​ដូច​បច្ចុប្បន្ន។

អ្នកនាំពាក្យ​រូប​នេះនិយាយ​ទៀត​ថា ទៅ​ថ្ងៃ​អនាគត​ក៏​ដូចគ្នា​ដែរ ​ក្រសួងនឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល។

លោក លី សុវណ្ណ ប្រាប់​ថា៖ «ដោយសារ​មាន​ឆន្ទៈ​មោះមុត​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​ហ្នឹងហើយ ​បាន​ធ្វើ​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ ទាំង​មន្ត្រី​ជំនាញ​សុខាភិបាល អាជ្ញាធរ​ដែនដី​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ខិតខំ​ទប់ស្កាត់​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ហើយ​ទទួល​បាន​លទ្ធផល​ល្អ​រហូតមកដល់​ពេលនេះ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិម​អេង និយាយ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​ថា កម្ពុជា​នៅតែ​ជាគោល​ដៅ​វាយ​ប្រហាររ​បស់​កូ​វីដ១៩ បើ​កម្ពុជា​ខ្វះ​មន្ត្រី​ជំនាញ និង​ឧបករណ៍​ទំនើប​សម្រាប់​ទប់ស្កាត់​នោះ ។

លោក យង់ គិម​អេង ប្រាប់​ថា៖ «ទោះបី​យ៉ាងម៉េច​ក៏ដោយ​ជំងឺ​កូ​វីដ​ហាក់​វា​មក​នៅ​ពីមុខ​ទ្វារផ្ទះ​របស់​យើង​អ៊ីចឹង​បាទ ព្រោះ​នៅពេល​[អ្នក​មក​ពីក្រៅ​ប្រទេស​]មក​ដល់​ព្រលា​នយន្តហោះ​ដូច​មកដល់​មុខទ្វារ។ អ៊ីចឹង​បើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ វា​[កូ​វីដ១៩​]នឹង​ចូល​មក​ក្នុង​ផ្ទះ​យើង​គ្រប់ពេល»។

អង្គការសុខភាព​ពិភពលោក WHO កាលពី​ខែ​មីនា​ឆ្នាំនេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ បង្ហាញ​ការ​ព្រួយបារម្ភ​ថា ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទាប អាច​នឹង​ជួប​ហានិភ័យ បើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។

ទោះជាយ៉ាងណា គិត​ត្រឹម​ថ្ងៃអង្គារ​នេះ អ្នក​ផ្ទុក​ជំងឺ​កូ​វីដ១៩ ចំនួន១៩៧នាក់​ដែល​កម្ពុ​ជារក​ឃើញ មិនទាន់​មាន​នរណា​ម្នាក់​ស្លាប់​នៅឡើយ​ទេ ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស។

បើ​តាម​ក្រសួង ​អ្នក​ឆ្លង​ជំងឺ​ទាំងនោះ​ត្រូវ​បានព្យាបាល​ជាសះស្បើយ ១៤០នាក់ នៅសល់ ៥៥នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ