ឪពុក​​ម្តាយ​​ទារក​​កើត​ជំងឺ​​ស្លេក​ស្លាំង​​ជំរុញ​​ឱ្យ​​មាន​ការ​​ពិនិត្យ​​គុណ​ភាព​​ទឹក​ដោះ​គោ​​មួយ​​ប្រភេទ​​

អាណាព្យាបាលទារកដែលកើតជំងឺស្លេកស្លាំង ដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីក្រសួងសុខាភិបាលឱ្យពិនិត្យមើលគុណភាពទឹកដោះគោមួយប្រភេទ។ (ផ្ដល់ឱ្យ)

សំណុំរឿង​កំណើន​កុមារ​ឈឺ​ជំងឺ​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​បាន​កើតឡើង​ជិត​កន្លះ​ឆ្នាំ​មក​ហើយ។ តាមរយៈ​អត្ថបទ​ស៊ើបអង្កេត​របស់​វី​អូ​ឌី​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២០ ខែឧសភា រក​ឃើញថា​ ជាង ៩០​% ក្នុងចំណោម​កុមារ ៣៤នាក់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​នេះ បាន​បៅ​ទឹកដោះគោ​ម៉ា​ក នុ​តទ្រី​លែ​តស៍១​ (Nutrilatt 1)។

រយៈពេល​ជិត ២ខែក្រោយ​មក​ ពោល​គឺ​នៅ​ថ្ងៃទី០៦ ខែកក្កដា មាតាបិតា​របស់​កុមារ​មួយចំនួន​ដែល​កើតជំងឺ​ស្លេកស្លាំង​បាន​នាំគ្នា​យក​ញត្តិ​មួយ​ទៅ​ដាក់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ម៉ម ប៊ុ​នហេង ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ​ស្រាវជ្រាវ​គុណភាព​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍។ ប៉ុន្តែ​ គិត​មកដល់​ល្ងាច​ថ្ងៃអាទិត្យ​ ទី១៩ ខែកក្កដា​នេះ ក្រុម​ឪពុកម្ដាយ​មិនទាន់​ទទួល​បាន​ចម្លើយតប​ពី​ក្រសួងសុខាភិបាល​នៅឡើយ។ ញត្តិ​នោះ​ត្រូវ​បាន​ផ្តិត​មេដៃ​ដោយ​មាតាបិតា​របស់​កុមារ​ជាង ២០នាក់។

ទារកឈ្មោះ ហារី កំពុងគេងសម្រាកព្យាបាលជំងឺស្លេកស្លាំងដោយខ្វះជាតិដែកធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកុមារជាតិថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ និង​ជា​ម្ដាយកូន​ដំបូង​ផង​នោះ ស្ត្រី​​ស្ថិត​ក្នុងវ័យ​ម្ភៃ​ឆ្នាំ​ប្លាយ អ្នកស្រី​ គង់ ចាន់​ម៉ា​លីស បានសម្រេច​ចិត្ត​ផ្ដិតមេដៃ​នាំ​យក​ញត្តិ​ស្នើ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឱ្យ​ស៊ើបអង្កេត​សំណុំរឿង​នេះ។

ថ្លែង​ទាំង​អួល​ដើមក​ស្ទើរ​ស្រក់​ទឹកភ្នែក អ្នកស្រី​ គង់ ច័ន្ទម៉ា​លីស រំលឹក​ថា កូនប្រុស​អាយុ ៨ខែ​របស់​គាត់​ធ្លាក់ខ្លួន​ឈឺធ្ងន់​នៅ​អំឡុង​ខែមេសា។ អ្នកស្រី​បន្ត​ថា ដំបូង​ឡើយ​ពេទ្យ​ឯកជន​ពិនិត្យ​ឃើញ​កូន​គាត់​ស្លេកស្លាំង លុះដល់​ពិនិត្យ​ឈាម​ទើប​ដឹង​ថា​ខ្វះ​គ្រាប់​ឈាម ​និង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ។ អ្នកស្រី​បន្ថែម​ថា ពេទ្យ​បង្គាប់​ឱ្យ​គាត់​ដូរ​ទឹកដោះគោ ​និង​ឱ្យ​កូន​ញ៉ាំ​ថ្នាំ​ជាតិ​ដែក តែ​អាការ​មិនបាន​ធូរ​ទើប​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​តែម្ដង។

អ្នកស្រី ​គង់ ច័ន្ទម៉ា​លីស ប្រាប់​ថា៖ «កូន​ខ្ញុំ​ប៉ោង​បង្ហើយ​ដូច​ត្រី​ឡហាន​អីចឹង ពេទ្យ​(ឯកជន​)ថា​អត់​កើត​ទេ ​ត្រូវ​បញ្ជូន​ទៅពេទ្យ​កុមារ​ជាតិ​បន្ទាន់។ ពេទ្យ​ឱ្យ​កូន​ខ្ញុំ​អេកូ​ និង​អ៊ិ​ចរេ (ឆ្លុះ​កាំរស្មីអ៊ិច​) ឃើញ​ទឹកដក់​ក្នុង​បង្ហើយ​កូន​ខ្ញុំ​ គ្រូពេទ្យ​គាត់​ថា​កូន​ហ្នឹង​បី​ថ្ងៃ​ទៅ​មួយ​អាទិត្យ បើសិន​ទឹកដក់​អត់​ស្រក​ទេ​ កូន​ហ្នឹង​ត្រូវ​មក​ជួប​គាត់​ចោះ​បង្ហើយ​បង្ហូរទឹក​! ខ្ញុំ​យំ​នៅមុខ​ពេទ្យ​រហូត»។

អ្នកស្រី ​ម៉ា​លីស បន្ត​ថា រូប​គាត់​ និង​ម្ដាយ​ឪពុក​មួយចំនួន​ទៀត​សម្រេចចិត្ត​ដាក់​ញត្តិ​ទៅ​ក្រសួងសុខាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះតែ​មិន​ចង់ឱ្យ​កុមារ​ដ​ទៃ​ទៀត​រងគ្រោះ​ដូ​ចកូនៗ​របស់​ខ្លួន។

អ្នកស្រី គង់ ច័ន្ទ​ម៉ា​លីស មានប្រសាសន៍​ថា៖ «យើងខ្ញុំ​ពិតជា​អន្ទះ​សាណាស់។ អ្វី​ៗក៏ដោយ​ពាក់ព័ន្ធ​នឹង​សុខភាព គឺ​ឆ្លងកាត់​ក្រសួងសុខាភិបាល​ទាំងអស់​ យើងខ្ញុំ​រង់ចាំ​ការ​ឆ្លើយតប​ពី​ខាង​ឯកឧត្តម​រដ្ឋមន្ត្រី​សុខាភិបាល។ ចង់​ដឹង​ថា​មាន​វិធានការ​យ៉ាងម៉េច? រឿង​ហ្នឹង​ទាក់ទង​នឹង​អាយុជីវិត​កុមារ​អីចឹង​? ពួក​គាត់​គួរតែ​ចាត់វិធានការ​ឱ្យ​បាន​លឿន។»

ប្ដី​ប្រពន្ធ​មួយគូ​ទៀត​រស់នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ គឺលោក សុខ សុ​ភ័ក្ដ្រ​ និង​អ្នកស្រី ជា រតនា ក៏បាន​ឱ្យ​កូន​របស់​ខ្លួន​អាយុ ១១ខែ ​បៅ​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍​នេះ​ដែរ។ ​ពួក​គាត់បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ដោយសារ​កូន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ស្លេកស្លាំង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នក​ទាំងពីរ​ទំនងជា​លំបាក​ជាង​គ្រួសារ​ដទៃ ព្រោះតែ​គាត់​មានកូន​ស្រី​ដល់ទៅ ២នាក់ ​(កូនភ្លោះ) ធ្លាក់ខ្លួន​ឈឺ និង​មិនទាន់​ជាសះស្បើយ​នៅឡើយ។ 

លោក ​សុខ សុ​ភ័ក្ត្រ ឱ្យ​ដឹង​ថា លោក​ចង់ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា​ និងធ្វើការងារ​លើ​រឿង​នេះ​ឱ្យ​មាន​តម្លាភាព។ 

លោក សុខ សុ​ភ័ក្ត្រ លើកឡើង​ថា៖ «ក្រសួងសុខាភិបាល​មាន​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ហ្នឹង​ គាត់​គួរណាស់តែ​ស៊ើបអង្កេត​បើ​ពិតជា​អីចឹង​មែន ​[កើតជំងឺ​ដោយសារ​ទឹកដោះគោ​] គាត់​គួរណាស់តែ​បញ្ឈប់​ការ​លក់​ទឹកដោះគោ​ ព្រោះ​បើ​នៅ​លក់​ អាច​ប៉ះពាល់​ដល់​ក្មេង​ក្រោយ​ៗទៀត​ដែល​ឪពុកម្ដាយ​មិនបាន​ដឹង។ បើសិន​មិន​អីចឹង​ទេ ​ក្មេង​ឈឺ​មក​អី​ផ្សេង ​ពួក​ខ្ញុំ​ជា​ពលរដ្ឋ​នេះ​ក៏​ចង់​ដឹង​ដែរ។ កូន​ខ្ញុំ​ទាំងពីរ​ហ្នឹងដេកពេទ្យ ១១យប់​ បាន​ពេទ្យ​ឱ្យ​ចេញ ពួក​វា​មាន​ទឹកដក់​ក្នុង​ខួរក្បាល សព្វថ្ងៃ​ភ្នែក​ពួក​វា​នៅ​តូច​ម្ខាង»។

ប្រធាន​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល លោក​ឱសថការី អាំង ហុក​ស្រ៊ុ​ន បាន​ថ្លែងប្រាប់​វី​អូ​ឌី​ថា លោក​អាច​ពន្យល់​អ្នកសារព័ត៌មាន ​និង​ផ្ដល់​ចម្លើយ​ជុំវិញ​សំណួរ​ទាក់ទង​នឹង​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍​ទៅ​បាន ល្គឹកណា​មានការ​ឯកភាព​យល់ព្រម​ពី​អ្នកនាំពាក្យ ឬបញ្ជា​ពី​ថ្នាក់លើ។

លោក អាំង ហុក​ស្រ៊ុ​ន ប្រាប់​ថា៖ «បង​អាច​ទៅ​ទាក់ទង​រដ្ឋមន្ត្រី​ ឬអ្នកនាំពាក្យ​ទៅ ​បើ​ពួក​គាត់​ចារ​មក​ឱ្យ​ខ្ញុំ​និយាយ​ ទើប​ខ្ញុំ​អាច​បំភ្លឺ​បាន»។

រដ្ឋលេខាធិការ​ និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​កម្ពុជា លោក​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត ​ធា គ្រុយ បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ទឹក​ដោះ​គោ​នុ​តទ្រី​លែ​តស៍​តាម​ទូរសព្ទ​ទេ​ កាលពី​ថ្ងៃទី១៧ ខែកក្កដា ។

​ចំណែក​ឯអ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី​ ឱ វ​ណ្ណ​ឌីន ក៏​មិន​តប​ចំពោះ​សំណួរ​តាម​សារ​តេឡេក្រាម​ដែរ​រហូតមកដល់​ថ្ងៃទី២០ ខែកក្កដា។

ញត្តិ​របស់​ក្រុម​គ្រួសារ​ទារក​កើតជំងឺ​ស្លេកស្លាំង​ទាំងនោះ បាន​លើកឡើង​ពី​ហេតុការណ៍​ទារក​ឈឺ​និង​ដេកពេទ្យ​ដោយសារ​ខ្វះ​ជាតិ​ដែក ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព។ បន្ទាប់ពី​រង់ចាំ​នៃ​ការ​ដាក់​ញត្តិ​ទៅកាន់​ក្រសួងសុខាភិបាល​មិនទាន់​បានផល ក្រុម​មាតាបិតា​កុមារ​ទាំងនោះ​ក៏បាន​ប្ដឹង​ទៅកាន់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​វិញ​ម្ដង។

អ្នកស្រី ​គង់ ច័ន្ទ​ម៉ា​លីស ថ្លែងប្រាប់​វី​អូ​ឌី​ថា៖ «ពួក​ខ្ញុំ​បាន​ទៅ​ជួប​កាំកុងត្រូល​រួចហើយ ​និង​សរសេរ​ប្រវត្តិ​ជំងឺ​ជូន​ពួក​គាត់។ ពួក​គាត់ ​[មន្ត្រី​កាំកុងត្រូល​] សាកសួរ​យើង​ និង​យក​ផលិតផល​ទៅ​តេ​ស្ត ពួក​ខ្ញុំ​រង់ចាំ​ចម្លើយ​ពី​ខាង​ជំនាញ​កាំកុងត្រូល​នេះ​ដែរ»។

អគ្គនាយក អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ថ្លែងប្រាប់​វី​អូ​ឌី​កាលពី​ថ្ងៃទី១៧ ខែកក្កដា ថា​អង្គភាព​ជំនាញ​មួយ​នេះបាន​ស្ដាប់​ពាក្យបណ្ដឹង​របស់​ម្ដាយ​ឪពុក​កុមារ​កើតជំងឺ ស្ដាប់ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រុមហ៊ុន ព្រមទាំង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ត្រួត​ពិ​និ​ត្យរួចហើយ។ លោក​បន្ដ​ថា នីតិវិធី​បន្ទាប់ ​ក្រុម​ជំនាញ​បាន​ប្រមូល​យក​សំណាក​ផលិតផល​ទឹកដោះគោ​ទាំងនោះ​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ប្រទេស​សឹង្ហ​បុរី។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានរៀបចំកិច្ចប្រជុំរវាងអគ្គនាយក ក.ប.ប. និងមាតាបិតាកុមារដែលរងគ្រោះពីការបំបៅកូនដោយម្សៅទឹកដោះគោម៉ាក Nutrilatt។ (អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

លោក ផាន អូន មានប្រសាសន៍​ថា៖ «យើង​នឹង​បញ្ជូន​តេ​ស្ត​ហ្នឹង​ទៅ ​ប្រហែល​អាច​សាំងហ្គាពួរ តើ​កម្រិត​ជាតិ​ដែក​វា​យ៉ាងម៉េច ព្រោះ​ធម្មតា​ទឹកដោះគោ​បើ​កម្រិត​ជាតិ​ដែក​មិន​គ្រប់ ​ក្មេង​បៅ​ទៅ​វា​នឹង​លឿង​[ស្លេក​]។ អាច​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ឬយ៉ាងម៉េច បើសិន​បាន​លទ្ធផលជាក់​លាក់​ យើង​នឹង​ចាត់វិធានការ​វិភាគ ​និង​សម្រេច​តាម​ក្រោយ»។

ក្រុម​ហ៊ុន​ម្សៅទឹក​ដោះ​គោ ​នុ​តទ្រី​លែ​តស៍ ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយកាលពី​ថ្ងៃទី០៧ ខែកក្កដា ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​យក​ទឹក​ដោះ​គោ ​នុ​តទ្រី​លែ​តស៍​ ទៅ​ពិនិត្យ​គុណភាព​រួចហើយ ដោយ​លទ្ធផល​សុទ្ធតែ​បង្ហាញថា គុណភាព​ទឹក​ដោះ​គោ ​នុ​តទ្រី​លែ​ត ល្អ​ប្រសើរ​ និង​មិន​មាន​សារធាតុ​ប៉ះពាល់​ដល់​សុខភាព​ទារក​ទេ។

កាលពី​ខែឧសភា ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នេះ បាន​ប្រាប់​វី​អូ​ឌី​ថា​ ខ្លួន​បាន​យក​ទឹកដោះគោ​ទៅ​ពិនិត្យ​គុណភាពនៅ​ស្ថាប័ន​ចំនួន៤ រួមមាន មន្ទីរពិសោធន៍​ក្រសួងសុខាភិបាល វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល។

ក្នុង​ខែឧសភា​ដដែល​ ក្រុមហ៊ុន​បាន​ផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​ពិសោធន៍​រក​បាក់តេរីលើ​ម្សៅ​ទឹក​ដោះ​គោ​ នុ​តទ្រី​លែ​តស៍ ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​ស្ថាប័ន​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ស្ថាប័ន​ទាំងពីរ​នោះ​រក​ឃើញថា ​ទឹក​ដោះ​គោ ​នុ​តទ្រី​លែ​តស៍​ គ្មាន​បាក់តេរី។

ទោះជាយ៉ាងណា​ក្ដី​ វេជ្ជបណ្ឌិត​ឯកទេស​គ្រាប់​ឈាម​ និង​ព្រឹត្តិ​បត្រ​វេជ្ជសាស្ត្រ​មួយចំនួន បង្ហាញថា ជំងឺ​ស្លេកស្លាំង​ដោយសារកង្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​បណ្ដាល​ពី​ការ​បរិភោគ​ចំណីអាហារ​ឬផឹក​ដោះ​គោ​ដែល​មិន​មាន​ជាតិ​ដែក​គ្រប់គ្រាន់ មិនមែន​បណ្ដាលមកពី​ញ៉ាំ​អាហារ​មាន​បាក់តេរី​ឡើយ។

កាលពី​ចុងខែ​មិថុនា អង្គការ​អន្តរជាតិ​ចំនួន​បួន​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដោយ​កត់សម្គាល់​ថា ក្រុមហ៊ុន​ចែកចាយ​ទឹកដោះគោ​កុមារ​ចំនួន៤ បាន​បំពានអនុក្រឹត្យ​លេខ១៣៣ ដែល​ល្មើស​បម្រាម​ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​ទឹកដោះគោ។ ក្នុង​នោះ ​ក្រុមហ៊ុន​លក់​ផលិតផល​ទឹក​ដោះ​គោ​ នុ​តទ្រី​លែ​តស៍​ ក៏​ស្ថិត​ក្នុង​បញ្ជី​ក្រុមហ៊ុន​បំពាន​អនុក្រឹត្យ​លេខ១៣៣នេះ​ដែរ។

ទោះ​យ៉ាងណាក្ដី​ មន្ត្រី​ផ្នែក​អាហារូប​ត្ថ​ម្ភរ​បស់​អង្គការ​ យូនី​សេ​ហ្វ លោក អ៊ុន សំ​អឿន បាន​បញ្ជាក់​ថា​ លោក​មិន​អាច​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​កុមារ​ដែល​កើតជំងឺ​ស្លេកស្លាំង​នោះ​បានទេ។

លោក​សរសេរ​ចម្លើយ​តាម​អ៊ី​ម៉ែ​លក្នុ​ងន័យ​ដើម​ថា៖ «អង្គការ​យូនី​សេ​ហ្វ អង្គការសុខភាព​ពិភពលោក និង​ហេ​ឡែ​នខេ​លល័រ​អន្តរជាតិ ពុំ​មាន​ធ្វើការ​ស្រាវជ្រាវ​ [ទាក់ទង​នឹង​ទារក​កើតជំងឺ​ស្លេកស្លាំង​] អ្វី​ទេ​ ហើយ​ជា​កិច្ចការ​ស្ថិតនៅ​ក្រៅ​វិសាលភាព​របស់​ខ្លួន​ដែរ។ លោក​អាច​សាកសួរ​ក្រសួងសុខាភិបាល​សម្រាប់​វិធានការ​បន្ត»។

ប្រធាន​ផ្នែក​គ្រាប់​ឈាម​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ជាន សុផល ថ្លែងប្រាប់​វី​អូ​ឌី​ដោយ​ខ្លី​ថា កុមារ​កើតជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​នេះ​មាន​ចំនួន​កើនឡើង បើ​គិត​ត្រឹម​ឆមាស​ទី១នៃ​ឆ្នាំ២០២០នេះ។

លោ​ក ជាន សុផល៖ «មកដល់​ថ្ងៃនេះ ​អត់មាន​អ្នក​សម្រាក​ពេទ្យ​ទេ​ តែ​មាន​អ្នក​ឈឺ​ហើយ​មក​ជួប​ពេទ្យ​តាម​ពេល​ណាត់។ ខ្ញុំ​កំពុង​សរុប​តួលេខ​អ្នកជំងឺ គ្រាន់តែ​ប្រាប់​ថា តាំងពី​ខែ​មិនា​មក​មាន​ក្មេង​ឈឺ​ជំងឺ​ស្លេកស្លាំង​ខ្វះ​ជាតិ​ដែក​ហ្នឹង​ច្រើន ច្រើនជាង​ឆ្នាំ​មុន​ៗ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ