សកម្មជនព្រៃឈើមួយរូបនៅខេត្តរតនគិរី លោក ឆន ផល្លា បានឱ្យដឹងថា លោកបានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងមន្ត្រីមូលដ្ឋាននិងពលរដ្ឋសរុប១៦នាក់នៅក្នុងស្រុកលំផាត់ ដោយចោទពួកគេថា បានប្រើអំពើហិង្សា អំពើមនុស្សឃាតដោយអចេតនា និងការគំរាមកំហែងមកលើរូបលោក។
លោក ឆន ផល្លា ឱ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីរបស់សមាគមអាដហុកទៅសាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី២០ ខែកក្កដានេះ ហើយបានប្ដឹងមនុស្ស១៦នាក់ រួមមាន អាជ្ញាធរមូលដ្ឋានចាប់ពីអនុប្រធានភូមិរហូតដល់អភិបាលស្រុក ប្រធានសហគមន៍ ប្រជាការពារភូមិ កម្មករ ឈ្មួញលក់ដូរដី និងឈ្មួញឈើ។
សកម្មជនព្រៃឈើរូបនេះ អះអាងថា លោកបានសម្រេចដាក់ពាក្យបណ្ដឹងប្រឆាំងមនុស្សទាំងនេះ ក្រោយពីលោករងការវាយដំនិងគំរាមកំហែងនៅក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃ៨ ខែកក្កដា ព្រមទាំងគំរាមសម្លាប់លោកប្រសិនបើលោកមិនព្រមដកពាក្យបណ្តឹងនៅតុលាការដែលលោកប្តឹងទៅក្រុមអាជ្ញាធរស្រុក ជុំវិញការបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើកន្លងមក។
លោក ឆន ផល្លា បន្ថែមថា៖ «ដូច្នេះហើយបានជាខ្ញុំសម្រេចដាក់ពាក្យប្តឹងទៅតុលាការហ្នឹង ហើយរឿងដែលគាត់[តុលាការ]ដោះស្រាយឬមិនដោះស្រាយ អាហ្នឹងជាស្ថាប័នឬភារកិច្ចរបស់គាត់ទេ ព្រោះគាត់កាន់តួនាទីជាស្ថាប័នឯករាជ្យ ជាស្ថាប័នដែលយុត្តិធម៌ ដើម្បីឱ្យជនរងគ្រោះទទួលបាននូវសំណង នូវភាពល្អប្រសើរឡើងវិញ»។
ក្នុងពាក្យបណ្តឹង លោក ផល្លា ក៏បានទាមទារឱ្យតុលាការផ្តន្ទាទោសអ្នកប្រព្រឹត្ត និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ចំនួន១២០លានរៀល។
អនុប្រធានភូមិសាមុត្រក្រោម លោក ប៊ុន ធានសឿន ដែលមានឈ្មោះនៅបណ្ដឹងរបស់លោក ផល្លា នោះ បានច្រានចោលការចោទប្រកាន់នេះ។
លោក ប៊ុន ធានសឿន ប្រាប់ថា៖ «បាទ! អត់មានគំរាមកំហែងគាត់ទេ ខ្ញុំប្រាប់ត្រង់។ ខាងនេះជាជនជាតិ ដូចដឹងហើយ អត់ចេះភូតភរអីទេ។ បាទ! បានហើយពូអើយ អរគុណច្រើន»។
ប្រធានសហគមន៍សាមុត្រក្រោម លោក ថាន ម្លែល បដិសេធការឆ្លើយតបបញ្ហានេះ ខណៈមន្ត្រីនគរបាលប៉ុស្តិ៍សេដា លោក ឆោម ចំរើន និងមេឃុំសេដា លោក អង់ ប៊ុនធៀង ដែលមានឈ្មោះក្នុងពាក្យបណ្តឹងនោះ វីអូឌីមិនអាចទាក់ទងបានឡើយនៅថ្ងៃនេះ។
អភិបាលស្រុកលំផាត់ លោក នូ ថេ ដែលមានឈ្មោះនៅក្នុងបណ្ដឹងរបស់លោក ឆន ផល្លា ផងដែរនោះ បានប្រាប់ថា ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្ដឹង ប៉ុន្តែសំខាន់លើការស្រាវជ្រាវរបស់តុលាការ ។
លោក នូ ថេ ប្រាប់ថា៖ «ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ប្តឹងពីណាប្តឹងទៅ ដល់ពេលសំខាន់ខាងតុលាការស្រាវជ្រាវ»។
ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បញ្ជាក់ថា ខាងលោកបានទទួលពាក្យបណ្តឹងរបស់ លោក ឆន ផល្លាហើយ ប៉ុន្តែ លោកមិនចាំថ្ងៃទទួលនោះទេ។
នៅពេលសាកសួរអំពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើមនីតិវិធីនៃបណ្ដឹងនេះ លោក កែវ ពិសុទ្ធ មិនបានបញ្ជាក់ច្បាស់លាស់នោះទេ ដោយគ្រាន់តែប្រាប់ថា «មិនយូរ»ទេ។
លោក កែវ ពិសុទ្ធ បន្ថែមថា៖ «ប្រហែលជាមិនយូរទេលូវ ព្រោះខាងឯកឧត្តមរដ្ឋមន្ត្រី គាត់ឱ្យពន្លឿការងារកុំឱ្យកកស្ទះ។ មិនយូរទេៗ ប៉ុន្តែ បើកំណត់ពេលវេលា ខ្ញុំមិនអាចបញ្ជាក់ក្រមនីតិវិធីព្រហ្មទណ្ឌថា ដាក់[បណ្តឹង]ប៉ុន្មានថ្ងៃត្រូវចាត់ការអ៊ីីចឹង ប៉ុន្តែ ខ្ញុំជឿជាក់ថា មិនយូរទេ»។
ក្រោយពីរងអំពើហិង្សាហើយនោះ លោក ឆន ផល្លា ប្រាប់ថា រោងចាំចម្ការរបស់លោក ត្រូវបានជនមិនស្គាល់មុខដុតបំផ្លាញចោលកាលពីថ្ងៃទី១៩ ខែកក្កដា។ លោក ផល្លា ប្រាប់ថា លោកបានគេចចេញពីផ្ទះសម្បែងនៅក្នុងភូមិ មកស្នាក់នៅកន្លែងមានសុវត្ថិភាព។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក ស៊ឹង សែនករុណា បានជំរុញទៅតុលាការឱ្យផ្ដល់យុត្តិធម៌ដល់សកម្មជនព្រៃឈើរូបនេះ ដើម្បីធានាដល់សុវត្ថិភាពដល់លោក និងអ្នកភូមិផ្សេងទៀត ដែលកំពុងគេចចេញពីផ្ទះសម្បែងរបស់ពួកគេទៅរកកន្លែងសុវត្ថិភាព។
លោក ស៊ឹង សែនករុណា បន្តថា៖ «កាលណាផ្តល់យុត្តិធម៌ដល់រូបគាត់[លោកឆន ផល្លា] គាត់អាចវិលត្រឡប់ទៅដល់ភូមិឋានគាត់វិញហើយ គឺមិនជាបញ្ហាទេ។ ក៏ប៉ុន្តែ បើសិនជាចំណាត់ការតាមផ្លូវច្បាប់ដោយមិនរកយុត្តិធម៌ឱ្យគាត់បាន អ៊ីចឹងលោក ផល្លា និងប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងភៀសខ្លួនចេញពីភូមិហ្នឹង នៅតែមិនអាចចូលទៅភូមិបានទេ ដោយសារជនប្រព្រឹត្តទាំងអស់ហ្នឹង នៅក្រៅសំណាញ់ច្បាប់ដដែល បាទ»។
ក្រៅពីប្តឹងទៅតុលាការ លោក ឆន ផល្លា ក៏បានស្នើទៅប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យចាត់វិធានការស៊ើបអង្កេតលើករណីហិង្សា និងគំរាមកំហែងលើរូបគាត់ ត្បិតលោកគ្រាន់តែចូលរួមការពារព្រៃឈើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ប៉ុន្តែ ត្រូវក្លាយជាជនរងគ្រោះ។
មានវ័យ ៤២ឆ្នាំ លោក ឆន ផល្លា បានចូលរួមការពារព្រៃឈើតាំងពីឆ្នាំ២០១៦។ ចាប់តាំងពីឆ្នាំ២០១៧មក លោកអះអាងថា បានដាក់ពាក្យប្តឹងដល់ទៅ ៨ករណីទៅតុលាការប្រឆាំងនឹងមន្ត្រីមួយចំនួន និងពលរដ្ឋមួយចំនួនទៀត ប៉ុន្តែ លោកថា ប្រមាណ ៤ឆ្នាំមកនេះ គ្មានអ្នកជាប់បណ្តឹងណាម្នាក់ ត្រូវបានចាត់វិធានការផ្លូវច្បាប់ទេ៕