ខេត្តត្បូងឃ្មុំ៖ វត្តរកាធំ ឬវត្តឧទុម្ពរវនារាមរកាធំ នៅក្នុងភូមិរកា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបាត់បង់បន្ទប់ទឹកចំនួន៥រួចមកហើយចូលក្នុងផ្ទៃទន្លមេគង្គជាបន្តបន្ទាប់។ ចំណែកឯកុដិដែលព្រះសង្ឃគង់នៅក៏ត្រូវបានរំកិលជាច្រើនសារមកហើយដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែបាក់ច្រាំងដងទន្លេមេគង្គ ដែលអ្នកស្រុកបាននិយាយថាមានស្ថានភាពអាក្រក់ក្នុងឆ្នាំនេះ។
ដោយបានចង្អុលទៅបន្ទប់អនាម័យដែលរៀបនឹងបាក់ចូលទន្លេមេគង្គ អ្នកស្រី ពេជ្រ ស៊ន់ វ័យ៧០ឆ្នាំ ដែលជាគណៈកម្មការវត្តរកាធំ បានប្រាប់ថា៖ «គ្រាន់តែបន្ទប់អនាម័យ៥ហើយ […] អាពីរជាន់ក៏មាន។ អានេះក្រោយទេ ទើបតែធ្វើអស់២ពាន់ដុល្លារ ឥលូវទន់កហើយ»។
អ្នកស្រី ពេជ្រ ស៊ន់ អង្គុយផ្អែកសសរសាលាឆាន់និងពាក់ស្បែកជើងសង្រែក បាននិយាយបន្តដូច្នេះថា៖ «ដំបូងកុដិនៅនេះ រួចហើយរុញមកទីនេះ ហើយទើបនឹងទឹកស្រក រុញមកដាក់ហ្នឹង»។
អ្នកស្រីលើកឡើងបន្តទៀតថា សម្រាប់រោងដាក់ទូកប្រណាំងរបស់វត្តវិញ គឺនៅសល់តែប្រមាណជា៥ជំហានទៀតប៉ុណ្ណោះនឹងដល់ច្រាំងទន្លេដែលបានបាក់ហើយ។ អ្នកស្រីបានប្រាប់ថា មន្រ្តីធនធានទឹក និងឧតុនិយម ក៏បានដាក់បាវខ្សាច់ការពារកាលពីខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីកុំឱ្យបាក់ថែមទៀតដែរ ក៏ប៉ុន្តែគណៈកម្មការវត្តនៅតែមានការព្រួយបារម្ភខ្លាំងដដែល។
អ្នកស្រី ពេជ្រ ស៊ន់ ដែលមិនចេះហែលទឹក បានស្នាក់នៅវត្តរកាធំនេះរយៈពេល១០ឆ្នាំមកហើយជាមួយនឹងស្រ្តីម្នាក់ទៀតឈ្មោះ សាំ សុខុម អាយុ៧៥ឆ្នាំ ដើម្បីធ្វើចង្ហាន់ប្រគេនលោក។
ស្ថិតនៅក្បែរស្ពានគីហ្សូណា វត្តរកាធំដែលកសាងឡើងក្នុងឆ្នាំ១៩៥៧ នៅជាប់នឹងសាលារៀនផងនោះគឺមានសភាពស្ងប់ស្ងាត់ ហើយបច្ចុប្បន្ននេះមានព្រះសង្ឃតែ២អង្គទេ បន្ទាប់ពីព្រះសង្ឃ៥អង្គបានលាចាកសិក្ខាបទកាលពីខែមីនា ឆ្នាំ២០២០នេះ ដើម្បីទៅជួយក្រុមគ្រួសាររបស់ពួកគាត់ដែលមានជីវភាពក្រីក្រ។
អ្នកស្រី សាំ សុខុម អង្គុយលើស្បែកជើងសង្រែក ឱបក្បាលជង្គង់ បានរៀបរាប់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ច្រាំងទន្លេបានបាក់ប្រមាណប្រវែងជា១០០ម៉ែត្រ ហើយការព្រួយបារម្ភនៅតែមាន ខណៈដែលគណកម្មការវត្តបានស្វែងរកដីថ្មីដើម្បីបម្លាស់ទីវត្តនេះដែរ។
អ្នកស្រី សាំ សុខុម បានឱ្យដឹងថា ចៅអធិការវត្តបានកក់ទិញដីគេកាលពីបីខែមុននៅភូមិទួលកែវ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ មានទំហំជាង២ហិកតា ដែលមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីវត្តរកាធំនេះ ក្នុងតម្លៃ២ម៉ឺនដុល្លារ ក៏ប៉ុន្តែមិនមានថវិកាគ្រប់គ្រាន់នៅឡើយទេ។
អ្នកស្រី សាំ សុខុម បានអះអាងដូច្នេះថា៖ «លោក[ព្រះសង្ឃ] មុនគេមកទប់ច្រាំងហ្នឹង លោកភ័យពេក មិនដឹងទៅខាងណា បើបាក់អស់ទៅ មិនដឹងទៅខាងណា អញ្ចឹងលោកទិញដីគេនៅភូមិទួលកែវ [..] អត់មានពីណាជួយទេ […] កក់គេ អត់ទាន់មានលុយដុំ ចេះតែរកឱ្យគេបន្ត ១០០ , ២០០អញ្ចឹងទៅ ហើយគេយល់ដែរថារកអីអត់បាន»។
ក្រៅតែពីវត្តរកាធំដែលទទួលរងការបាក់ច្រាំងទន្លេនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងភូមិពីរជាប់គ្នាគឺភូមិព្រែកតូចនិងភូមិរកាធំដែលនៅមិនឆ្ងាយប៉ុន្មានពីវត្តនេះ ក៏បានទទួលរងគ្រោះផងដែរ។
បណ្តើរកង់ ស្លៀកខោពណ៌ត្នោត អត់អាវ មានតែក្រមាបង់កមួយ លោក ម៉ៃ វ័យ៧៦ឆ្នាំ គឺជាអាចារ្យប្រចាំនៅវត្តរកាធំនេះ បានប្រាប់អ្នកសារព័ត៌មានថា គាត់បានរុះរើផ្ទះរបស់គាត់២ដងហើយដោយសារការបាក់ច្រាំងទន្លេ។
លោក ម៉ៃ រៀបរាប់ថា៖ «ខ្លះសែងទាំងយប់ក៏មានដែរ សែងៗរលំផ្ទះទៀត។ អាណាសែងៗ អាណាដាក់ទូកៗ។ បាក់ច្រាំងនេះមិនស្រួលទេ។»
បើទោះជាប្រឈមនឹងគ្រោះថ្នាក់បាក់ច្រាំងយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅទីនោះមិនមានជម្រើសក្នុងការបម្លាស់ទីនោះទេ។ នេះបើយោងតាមអតីតមេភូមិរកាធំ លោក ប៉ុន ឈន អាយុ៦៥ឆ្នាំ។
លោក ប៉ុន ឈន បាននិយាយដូច្នេះថា៖ «បើនិយាយពីរឿងភ័យហ្នឹង វាភ័យហើយ ប៉ុន្តែគ្រាន់តែថា ចុះបើភ័យម៉េចក៏មិនរត់ ម៉េចក៏មិនរកកន្លែងផ្សេងទៀត អ្នកខ្លះគ្នាគ្មានជម្រើស ដូចខ្ញុំក៏គ្មានជម្រើសដែរ គ្រាន់តែកើតមកនៅនេះ ចោលស្រុក ចោលទេស វាអត់កើត»។
ប្រជាពលរដ្ឋជាច្រើននាក់ដែលត្រូវបានសម្ភាស អះអាងថា ពួកគាត់មិនដឹងពីមូលហេតុចម្បងនៃការបាក់ច្រាំងទន្លេនេះទេ។
ក៏ប៉ុន្តែអ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកធនធានទន្លេ និងបរិស្ថាន លោក ហែម ឧត្តម បានលើកឡើងថា បណ្តាខេត្តដែលនៅជាប់បឹងទន្លេមេគង្គបានទទួលរងការបាក់ច្រាំងគួរឱ្យព្រួយបារម្ភក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការកើនឡើងនូវទំនប់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេនៅខាងប្រទេសចិននិងឡាវ។
លោក ហែម ឧត្តម និយាយថា៖ «នៅពេលដែលភក់ល្បាប់មានជីជាតិទាំងអស់ហ្នឹង ត្រូវបានរាំងខ្ទប់ដោយ reservoir [អាងស្តុកទឹក] នៃទំនប់វារីអគ្គិសនីនៅផ្នែកខាងលើហ្នឹង ឃើញថា ខ្វះភក់ល្បាប់នេះ ដូច្នេះទឹកហ្នឹងវាហូរមកមានល្បឿនខ្លាំង ហើយវាអាចធ្វើឱ្យបាក់ច្រាំងទន្លេហ្នឹង គេហៅថាជា hungry water ដោយសារវាខ្វះអាភក់ល្បាប់មានជីជាតិហ្នឹង»។
អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា បានទទួលស្គាល់ថា វត្តរការធំនេះពិតជារងការប៉ះពាល់ពីការបាក់ច្រាំង ដោយថា វាបានបាក់ចូលដល់ចំនុចពាក់កណ្តាលវត្តហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីវិធានការនោះទេ ដោយទុកវិធានការដោះស្រាយឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំវិញ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ លោក យា វឿន បាននិយាយថា ការបាក់ច្រាំងជារឿងធម្មតា ហើយខាងក្រសួងបានចេញវិធានការដោយដាក់បាវខ្សាច់ដើម្បីទប់រួចហើយ។ ទោះយ៉ាងណាក៏ដោយ លោកមិនច្បាស់ថា អាចទប់ជាប់ឬអត់ទេ ប៉ុន្តែលោកអះអាងថា ប្រហែលជាលែងបាក់ទៀតហើយ។
លោក យា វឿន មានប្រសាសន៍ថា៖ «ឥលូវខាងក្រសួងធនធានទឹក មកទប់បាវប៉ុណ្ណឹងហើយ ប្រហែលជាលែងបាក់ហើយ តាមមើលនៅទីតាំងហ្នឹង។ វិធានការដាក់បាវ បានន័យថា អាហ្នឹងជួយកុំឱ្យបាក់ច្រាំង វិធានការរបស់យើង»៕