ក្រសួងសង្គមកិច្ចបានបើកប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះដោយសារជំងឺកូវីដ១៩ក្នុងដំណាក់កាលទី១ បានជាង៥៣ម៉ឺនគ្រួសារគិតត្រឹមថ្ងៃម្សិលមិញ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ការបើកប្រាក់ឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងអ្នកងាយរងគ្រោះសម្រាប់ខែមិថុនា ត្រូវបានបិទបញ្ចប់ត្រឹមម៉ោង៦យប់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។
សេក្តីប្រកាសដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ក្រសួងបានបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ មានចំនួន៥៣០ ៨៣៨គ្រួសារ គិតជាសមាជិកមានចំនួន ២ ១៥៣ ១១៤នាក់។ ក្នុងនោះគ្រួសារក្រីក្រកម្រិត១ មានចំនួន ១៩៨ ៦៣១ គ្រួសារ ស្មើនឹងប្រមាណ ៧៥៨ ៩៨១នាក់ និងគ្រួសារក្រីក្រកម្រិត២ មានចំនួន ៣៣២ ២០៧គ្រួសារ ស្មើនឹងប្រមាណ ១ ៣៩៤ ១៣៣នាក់។
ប្រភពដដែលបញ្ជាក់ថា ថវិការបស់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភជូនមានទឹកប្រាក់សរុបចំនួន ៩៤ ៥៥១ ៨៧៦ ០០០រៀល (កៅសិបបួនប៊ីលាន ប្រាំរយហាសិបមួយលាន ប្រាំបីរយចិតសិបប្រាំមួយពាន់រៀលគត់) ស្មើនឹងជាង ២៣លានដុល្លារអាមេរិក។
កាលពីថ្ងៃទី២៤ ខែមិថុនា រដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់ពលរដ្ឋចំនួនជាង៥៦ម៉ឺនគ្រួសារ៕