អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​ពលរដ្ឋ​២​នាក់​ដោយ​ចោទ​ថា​ទន្រ្ទាន​កាន់​កាប់​ដី​រដ្ឋ​

ប៉ូលីសខេត្តព្រះសីហនុ ចុះអន្តរាគមន៍ ព្រឹត្តិការណ៍ ពលរដ្ឋតវ៉ា ដោយដុតកង់ឡាន​រារាំងកំលាំងសមត្ថកិច្ច វាស់ដីរដ្ឋគម្របព្រៃឈើឆ្នាំ២០០២ ទៅឲ្យឧកញ៉ា នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩។ (រូបភាព៖ VD7NEWS)

អាជ្ញាធរស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ បាន​ចាប់ខ្លួន​ពលរដ្ឋ​២នាក់​ដោយចោទប្រកាន់​ថា​ពួកគេ​បាន​ចូល​ទន្រ្ទានកាន់កាប់​ដីរដ្ឋ​។

សេចក្តី​ប្រកាសព័ត៌មានរបស់​មន្ទីរបរិស្ថាន​ខេត្តព្រះសីហនុដែល​ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឱ្យដឹង​ថា​ក្នុង​ពេលថ្មីៗនេះមានសកម្មភាព​ចូលទន្រ្ទាន​ដីរដ្ឋ​កំពុងកើតឡើងនៅ​ចំណុចភូមិ​សាស្ត្រ​ភ្នំ​ត្រង៉ោល ភូមិចំណោម​រាម ឃុំ​បិទត្រាង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពដដែ​លឱ្យដឹងថា​កាលពីម្សិលមិញ​ អាជ្ញាធរស្រុក​ព្រៃនប់ បានជួបប្រទះជាមួយពលរដ្ឋមួយក្រុម​មាន​គ្នា​៣០នាក់​ធ្វើសកម្មភាព​កាប់ទន្រ្ទាន ឆ្ការព្រៃ ដាំដំណាំថ្មីៗ សង់ខ្ទម ទិញ-លក់ដី និង​ធ្វើ​របងហ៊ុំព័ទ្ធ​យកដី​នៅទីតាំងនោះ។

ប្រភពដដែលបាន​បន្ថែម​ថា​បន្ទាប់ពីបាន​ជួបពលរដ្ឋទាំងនោះ អាជ្ញាធរនិងមន្រ្តី​ឧទ្យាននុរក្ស បាន​ធ្វើ​ការ​​​ណែនាំ ប៉ុន្តែ​ប្រជាពលរដ្ឋចំនួន៣០នាក់បានធ្វើការរារាំងតវ៉ា ទើបអាជ្ញាធរស្រុកព្រៃនប់​ឃាត់​ខ្លួនពលរដ្ឋ២នាក់ បញ្ជូនទៅ​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បដិសេធមិនធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហានេះទេ។

លោកបានប្រាប់​ថា៖«រឿងរ៉ាវហ្នឹងដោះស្រាយចប់ហើយ ចប់តាំងពីម្សិលមិញម្ល៉េះ​។ខ្ញុំមិនអាច​ឆ្លើយ​​បាន​ទេ​សូមយោងតាមលិខិតចុះផ្សាយទៅ»។

អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ លោក​ សេង ចំរើន បានប្រាប់វីអូឌីនៅព្រឹក​ថ្ងៃសៅរ៍នេះ​ថា​លោក​​​​មិនអាចឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៍មានបានទេព្រោះ​លោកមិនទាន់បាន​ទទួល​បានព័ត៌មានទាក់ទងនឹង​​បញ្ហានេះទេ​។

អ្នកសម្របសម្រួល​សមា​គម​អាដ​ហុក​ (ADHOC​) ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី​ ជៀប​ សុធា​រី​ ឱ្យ​ដឹង​ថាអ្នកស្រីមិនទាន់បានចុះទៅពិនិត្យផ្ទាល់នោះទេ ដោយសារអ្នកស្រីមានភារកិច្ចមកភ្នំពេញ។ ក៏ប៉ុន្តែអ្នក​ស្រីបញ្ជាក់ថាតំបន់មួយចំនួនក្នុងភូមិសាស្ត្រខាង​លើប្រជាពលរដ្ឋកាន់កាប់ដីនេះតាំងពី​យូរមកហើយ ដោយមិនមានការគ្រប់គ្រងពីក្រសួងបរិស្ថាននោះទេ។

លោកស្រី សុធាវី ថ្លែងថា៖« ខ្ញុំមិនទាន់បានជួបជនរងគ្រោះទេ។ ប៉ុន្តែខ្ញុំនឹងអាចសាកសួរគាត់​នៅក្នុង​តុលាការបាន ព្រោះនៅតុលារអង្គការសង្គមស៊ីវិលមានសិទិ្ធសួរជនរងគ្រោះផ្ទាល់»៕

គិតត្រឹមម៉ោង៥រសៀលថ្ងៃនេះ វីអូឌី មិនទាន់អាចសុំ​ការឆ្លើយតបពីក្រុមពលរដ្ឋដែលមាន​រងការចោទប្រកាន់ពីអាជ្ញាធរបាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ