របាយ​ការណ៍​៖ បឹង​ និង​ជីវភាព​ពលរដ្ឋ​នៅ​ភ្នំពេញ​រង​ការ​គំរាម​កំហែង​ពី​ការ​អភិវឌ្ឍ​

បុរសម្នាក់កំពុងតែដោះត្រីពីមងនៅបឹងទំពុន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ (រូបភាពដោយ ស៊ាវ ម៉េង)

លោក ធឿង ថេង និង​ប្រពន្ធ​គាត់ បាន​ប្រកបរបរ​នេសាទ​ត្រី​នៅ​បឹងទំពុន ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ អស់​រយ:ពេល​ជាង១០ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗនេះ មាន​អ្នក​មក​ប្រាប់​គាត់​ឱ្យ​ចាកចេញ​ពី​បឹង​នោះ​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​គិតថា​តើ​គាត់​នឹង​ត្រូវ​ធ្វើអ្វី​បន្ត​ទៀត។

លោក ថេង ដែល​ទើបតែទៅ​ដោះ​ត្រីចេញពីមងរបស់គាត់ បាននិយាយ​ថា៖ «មើល៍! លុបបឹងអស់រលីង ចេញសុទ្ធតែខុនដូរ អគារ​ធំៗ​​អស់ហើយ លែងមាន​បឹងរកត្រី​បានហើយ» ។

ចំនួន​ត្រី​នៅក្នុង​ធុង​របស់​គាត់ គឺ​មាន​ចំនួន​តិច​ជាង​ពីមុន ហើយ​គាត់​ក៏​មិនដែល​គិតថា ការ​នេសាទ​របស់​គាត់​នៅក្នុង​បឹង​នេះ នឹង​មាន​ប្រសើរ​ឡើង​នោះ​ដែរ។

លោក ថេង បានបន្ថែម​ថា៖ «នៅបឹងនេះ បរិយាកាស​សព្វថ្ងៃវាល្អ វាបរិសុទ្ធ។ បើសិនជាមានសុទ្ធតែខុនដូរបែបនេះ វាប៉ះពាល់ដូចថា ផ្សែងឡាន អត់មានកន្លែងណាវាអាចចេញចូល វានៅវិលវល់ បាំងអគារជិតឈឹងទាំងអស់។ ទីមួយ បង្ហូរទឹកស្អុយជាច្រើន សុទ្ធតែជាគីមីជាច្រើន បើសិនជាមានបឹងជាច្រើន អត់សូវមានគីមីច្រើនទេ។ បើសិនជាមានខុនដូរច្រើន សុទ្ធតែគីមី ថ្នាំច្រើន បរិយាកាស​ល្អក៏លែងមានហើយ។ យើងបាត់បងច្រើន ធ្វើឱ្យមនុស្សឈឺ។ អ្នកខ្លះអត់មានលុយទិញថ្នាំសង្កូវ ដេកចាំតែស្លាប់តែម្ដង»។​

ក្រោម​ហេតុផល​អភិវឌ្ឍ បុគ្គល​មានអំណាច និង​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន បាន​នឹង​កំពុង​ចាក់​លុប​បឹង​នៅ​ភាគ​ខាងជើង ​និង​ខាងត្បូង​រាជធានី​ភ្នំពេញ។ ស្រប​ពេល​ដែល​រដ្ឋាភិបាល​មិនសូវ​អើពើ​នឹង​ការ​ព្រួយបារម្ភ​ជុំវិញ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ផង​នោះ ប្រជាពលរដ្ឋ​ដែល​នៅ​អាស្រ័យ​បឹង​ និង​អ្នក​តស៊ូ​មតិ​បាន​ធ្វើការ​ព្រមាន​ពី​ផល​ប៉ះពាល់​នៃ​ការ​លុប​បឹង​ដល់​ជីវ​ភា​ព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ការគ្រប់គ្រង​ទឹក​ស្អុយ។

(លោក ធឿន ថេង បង្ហាញពីចំនួនត្រីកំភ្លាញប្រហែលបួនទៅប្រាំក្បាល ដែលគាត់រកបានពីការនេសាទនៅបឹងទំពុនកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)។ រូបភាព៖ ស៊ាវ ម៉េង)

របាយការណ៍ថ្មីមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី ចំនួន ៤ រួមមាន​អង្គការ​លី​កាដ​ូ បណ្តាញ​យុវជន​កម្ពុជា អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សមាគម​ធាងត្នោត បានឱ្យ​ដឹង​ថា​ជាង៩០ភាគរយ​នៃ​បឹង​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​លុប​បើសិនជា​ការ​អភិវឌ្ឍ​នៅតែ​បន្ត​កើតមានឡើង។ របាយការណ៍​ដដែល​ថា បញ្ហា​នេះ​នឹង​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យផល​បឹង​និង​ពឹងផ្អែក​ដោយ​ការ​ធ្វើការ​នៅ​ទីនោះ​នឹង​ត្រូវ​ចាកចេញ ហើយ​វា​នឹង​មានផល​ប៉ះ​ពាល់​ផ្សេង​ៗទៀត​ដល់​រាជធានី ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ការបាត់បង់​ប្រាក់ចំណូល និង​អសន្តិសុខ​ស្បៀង។

បឹងទំពុននិ​ងបឹងជើងឯក មានផ្ទៃសរុបចំនួន១៥០០ហិកតា ក៏ប៉ុន្តែបឹងនេះ ត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន​ ING Holdings (ក្រុមហ៊ុន អាយ អិន ជី) ដែលមានទំនាក់ទំនងនឹង ឧកញ៉ា​ អ៊ឺង ប៊ុន​ហ៊ូវ​ ដែលក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៣ ​ក៏មានឈ្មោះក្នុងគម្រោងអភិវឌ្ឍបឹងទំពុននេះ គឺ​ ផ្សារ AEON Mall, Chip Mong Land villas and mall, and ខុនដូរ Urban Village។

យោងតាមរបាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សដែលមានចំណងជើងថា «ការបាត់បង់បឹងទំពុន» បានលើកឡើងពីអនុក្រឹត្យផ្សេងៗចាប់ឆ្នាំ២០១៧ និង២០១៨ ស្តីពីការកាត់ដីបឹងនេះទៅឱ្យបុគ្គល និងក្រុមហ៊ុនឯកជន​ធ្វើការ​អភិវឌ្ឍ។​ បើយោងតាមរបាយការណ៍នេះ មួយភាគបីនៃបឹង គឺត្រូវបានលុបទាំងស្រុង ដោយបន្សល់ទុកត្រឹមតែ ១០០០ហិកតាប៉ុណ្ណោះ។

តាម​របាយការណ៍​នេះ ក្រៅពី​អត្ថ​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ កសិករ និង​អ្នកនេសាទ ដែល​បាន​រស់នៅ និង​អាស្រ័យផល​បឹង​អស់​រាប់​ទសវត្ស បឹង​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ទឹកជំនន់​ដោយ​ទឹកភ្លៀង និង​ទឹក​ស្អុយ​ប្រមាណ ៧០ភាគរយ​បាន​ហូរ​ចូលក្នុង​បឹង​នេះ។

របាយការណ៍​ដដែល​ក៏បាន​លើកឡើង​ផង​ដែរ​ថា គុណភាព​ជីវិត​របស់​ពលរដ្ឋ​ប្រមាណ​ពី ១លាន​ទៅ២លាន​នាក់ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​តាម​បណ្តោយ​ច្រាំងទន្លេ​មេគង្គ និង​ទន្លេបាសាក់ អាច​នឹង​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​លុប​បឹង​ទាំងនេះ។ តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ថា ពលរដ្ឋ​ទាំងនោះ​អាច​នឹង​រងគ្រោះ​ដោយ​ទឹកជំនន់ ការ​បំពុល​ទឹក ការបំផ្លាញ​ជម្រក​សត្វ និង​ការបាត់បង់​ជីវភាពរស់នៅ​របស់​ពួក​គាត់។

ការសិក្សា​មួយ​ដែល​មានកិច្ច​សហការ​ណ៍ពីសា​លា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ​យ៉ាងហោចណាស់​ផ្ទៃ​បឹងទំពុន ឬជើងឯក ចំនួន ៤៨០ហិ​កតា ត្រូវ​រក្សាទុក​ដើម្បី​ការពារ​ពី​ទឹកជំនន់ ​និង​ទឹក​កខ្វក់។ មួយវិញទៀត ទឹក​ចំនួន ២៥ទៅ៣០លាន​ម៉ែត្រគូប​ ជា​រៀងរាល់​ឆ្នាំ ដែល​ត្រូវការ​ការគ្រប់គ្រង ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ទឹកជំនន់​នៅ​តំបន់​ទំនាប​នៃ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ។

ការ​ផ្លាស់​ប្ដូរ​ការរស់នៅលើបឹង

លោក សឿង សា​រ៉ន នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត បានឱ្យ​ដឹង​ថា ការ​លុប​បឹង គឺ​មាន​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ ដូចជា​ ការ​ប្រឈម​នឹង​ការដេញចេញ​ បាត់បង់​ចំណូល​ប្រចាំថ្ងៃ​ពី​ការ​លក់​បន្លែ ​និង​របរ​នេសាទត្រី​នៅ​ទីនោះ។ លោក​បន្ថែម​ថា ​ការ​អភិវឌ្ឍ​បែបនេះ វា​មិនសូវ​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​នោះ​ទេ ពោល​គឺ​ភាគច្រើន​ផលប្រយោជន៍​បាន​ទៅ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​អ្នកមាន​ចំណូល​ខ្ពស់។

លោក សឿង សា​រ៉ន មានប្រសាសន៍ថា៖ «អ្នកដែលមានលទ្ធភាពទិញនៅកន្លែង​ទាំងនោះ សុទ្ធតែអ្នកមានចំណូលខ្ពស់ សុទ្ធតែមានតម្លៃថ្លៃៗ​។ បឹងភាគច្រើន​ស្ថិតនៅចំ​កណ្ដាលរាជធានី ដែលធ្វើឱ្យវាមានតម្លៃខ្ពស់។»

នៅក្នុងការស្ទង់មតិក្នុងរបាយការណ៍​ «ការបាត់បង់បឹងទំពុន»​ ៦២ភាគរយ​នៃប្រជាពលរដ្ឋបឹងទំពុន និងបឹងជើងឯកចំនួន ៤៦៩នាក់ ​មានជាប់បំណុល ដែលក្នុងនោះ​មានតិចជាង ៥០ភាគរយប៉ុណ្ណោះមានសមត្ថភាពអាចសងបំណុលបាន។

កំពុងតែ​ជួសជុល​ទូក​របស់​ខ្លួន​នៅ​មាត់បឹង​ទំពុន​ បន្ទាប់ពី​ឡើង​មក​ពី​បេះ​បន្លែ​នា​ពេលរសៀល លោក យ៉ាន់ ចន្ថា ដែល​មាន​អាយុ ៣១ឆ្នាំ មានកូន​ពីរ​នាក់​ក្នុង​បន្ទុក បានឱ្យ​ដឹង​ថា គាត់​ និង​ប្រពន្ធ​គាត់​រក​មួយថ្ងៃ​បាន​ប្រហែល ១០ម៉ឺនរៀ​ល ពី​ការ​បេះ​ត្រកួន ដែល​តម្លៃ​នេះ ​វា​តិច​ជាង​ពីមុន ដោយសារតែ​បន្លែ​ និង​ត្រី​មានការ​ថយ​ចុះ បើ​ប្រៀបធៀប​ជាមួយនឹង​កាលពី​របី​ឆ្នាំមុន។ គាត់​បាន​បន្ត​ឱ្យ​ដឹង​ថា ដោយសារតែ​មានផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​លុប​បឹង រក​ត្រី​មិនសូវ​បាន​ដូច​ពីមុន អ្នកខ្លះ​គាត់​ទៅ​ធ្វើការ​សំណង់​បាត់​ហើយ។

លោក ចន្ថា មានប្រសាសន៍ថា៖ «ឥឡូវរកអត់សូវបានច្រើនទេ ដោយសារគេចាក់ដី។ រកនេះបានបន្តិច ទៅរកកន្លែងផ្សេងបានបន្តិច។ ច្រើនកន្លែងតែបានតិច។ […] ៣០ទៅ៤០ភាគរយ បានបោះចោលមុខរបរនៅបឹងនេះ។ អ្នកខ្លះគេទៅធ្វើការសំណង់។ ចំណែកខ្ញុំវិញ ខ្ញុំអត់ទាន់ដឹងទេថាខ្ញុំនឹងធ្វើអីទេ។ ចាំដល់ពេលហ្នឹងចាំគិតទៀត!»

សកម្មភាពចាក់ដី​បំពេញបឹងអាចមើលឃើញនៅបឹងតាមោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ (រូបថត៖ ស៊ាវម៉េង)

បើ​តាម​របាយការណ៍​ដដែលនេះ ការ​លុប​បឹង​នៅ​តំបន់​​នឹង​មានផល​ប៉ះពាល់​ដល់​ជីវិត​ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សត្វស្លាប ត្រី​ និង​បរិស្ថាន។ របាយការណ៍​បានឱ្យ​ដឹង​ថា ប្រជា​នេសាទ​បាន​រាយការណ៍​ថា ពួក​គាត់​នេសាទ​បាន​ត្រី​កាន់តែ​តិច​ជាង​មុន និង​មានការ​លំបាក​ក្នុង​ការ​រក​ប្រភេទ​ត្រី​ចំនួន ៥២ប្រភេទ​ដែល​រស់នៅ​ក្នុង​បឹង​នេះ។ លើស​ពីនេះ​ទៅទៀត នៅក្នុង​របាយការណ៍ ក៏បាន​ប៉ាន់ប្រមាណ​ថា ដើម្បី​លុប​បឹង​នេះ​បានវា​តម្រូវ​ឱ្យ​មាន​ខ្សាច់​ចំនួន ៧លាន​ម៉ែត្រគូប ដែល​ខ្សាច់​នេះ​នឹង​ត្រូវ​បូម​ចេញពី​ទន្លេមេគង្គ​ និង​ទន្លេបាសាក់។ ក៏ប៉ុន្តែ​ការ​បូម​ខ្សាច់ វា​នឹង​មាន​ផល់​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​នោះ​មានការ​បាក់​ស្រុត​មាត់ទន្លេ ហានិភ័យ​ទឹកជំនន់ ត្រី​ស្លាប់ និងការបាត់បង់​ទីជម្រក​ជាដើម។

កញ្ញា ឡុង គន្ធា សកម្មជនបរិស្ថានមាតាធម្មជាតិ ក៏បានឱ្យដឹងដែរថា ការលុបបឹងធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ ដល់ជីវៈចម្រុះ សត្វស្លាប និងបណ្ដាលឱ្យលិចរាជធានីភ្នំពេញពេលភ្លៀងធ្លាក់។

កញ្ញា មានប្រសាសន៍ថា៖ «នៅពេលដែលលុបបឹង នៅពេលភ្លៀងខ្លាំងម្ដងៗ គឺលិចស្ទើរតែគ្រប់កន្លែងនៅរាជធានីភ្នំពេញ។ មួយទៀត គឺប្រជាពលរដ្ឋ ដែលគាត់រស់នៅអាស្រ័យផលទៅលើបឹង ត្រូវបាត់បង់ទីកន្លែងដែលគាត់ធ្លាប់អាស្រ័យ ដែលប្រជាពលរដ្ឋខ្លះ គាត់មិនមានលទ្ទភាពសម្រាប់ទៅរកទីលំនៅថ្មី។»  

កញ្ញា បានបន្ថែមថា បឹងគឺជាសម្បត្តិសាធារណ:របស់រដ្ឋ។ ប៉ុន្ដែការលុបបឹងភាគច្រើនដែលថាដើម្បីអភិវឌ្ឍរាជធានី ផ្ដល់ផលប្រយោជន៍ទៅឱ្យតែអ្នកមានលុយប៉ុណ្ណោះ។

ការលុបនៅភាគ​ខាងជើង

ការលុបបឹងនៅរាជធានីភ្នំពេញ ដើម្បីការអភិវឌ្ឍទីក្រុង​រណប គម្រោងសាងសង់បុរី និងខុនដូរ​នានា មានសភាពរីកដូចផ្សិត។ សកម្មភាពលុបទាំងអស់នេះ មានតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយរហូតមកដល់សព្វថ្ងៃ បឹងនៅរាជធានីភ្នំពេញចំនួន ១៦ក្នុងចំណោមបឹង២៦ ត្រូវបានលុបទាំងស្រុង ខណៈបឹងចំនួន​១០ទៀត ​កំពុងត្រូវបានលុបបណ្ដើរៗ ដែលក្នុងនោះ គឺមានបឹងសំរោង និងបឹងតាមោក ឬបឹងកប់ស្រូវ នេះបើយោងតាមឯកសាររបស់សមាគមធាងត្នោត ដែលចេញកាលពីចុងខែធ្នូ ឆ្នាំ២០១៩។

មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ​ និងស្ថិតនៅតាមបណ្ដោយផ្លូវបឹងកប់ស្រូវដែលពោរពេញទៅដោយឡានធំៗជាពិសេសឡានដឹកដី បឹងតាមោក ដែលស្ថិតនៅខណ្ឌព្រែកព្នៅ គឺជាបឹងដ៏ធំផុតក្នុងចំណោមបឹងធំផុតដែលស្ថិតនៅភាគ​ខាងជើងរាជធានីភ្នំពេញ​ ដែលមានទំហំរហូតដល់​ ៣២៤០ហិកតា។

ប៉ុន្តែបឹងនៃភាគ​ខាងជើងនៃ​រាជធានីភ្នំពេញនេះ កំពុងក្លាយជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍថ្មីៗ ហើយផ្ទៃបឹង​ជាង ៥០០ហិកតា ត្រូវបានកាត់ឱ្យ និងផ្ដល់ឱ្យគម្រោងអភិវឌ្ឍរបស់​រដ្ឋ និងឯកជនតាំងពីឆ្នាំ២០១៨។

កាលពីខែមុន[ខែមិថុនា ឆ្នាំ២០២០] លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានចុះហត្ថលេខា​លើ អនុក្រឹតមួយ​ក្នុងការផ្ដល់ដីចំនួន ៣០០ហិកតា ផ្ដល់ឱ្យ ក្រសួងការពារជាតិ ដើម្បីសាងសង់មូលដ្ឋានបញ្ជាការយុទ្ធសាស្រ្តយូរអង្វែងនៃកងយោធពលខេមរភូមិន្ទ។ អនុក្រឹតមួយទៀតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ផ្ទៃបឹងចំនួន ៣០ហិកតាត្រូវបានកាត់ទៅឱ្យអ្នកស្រី គឹម ហ៊ាង ភរិយា លោក​ លី យ៉ុងផាត់ ដែលជា សមាជិកព្រឹទ្ធសភា​គណបក្សប្រជាជនកម្ពុជា ក្នុងការដោះដូរនឹង​ដីនៅរាជធានីភ្នំពេញ ៩,៨ហិកតា។ បើយោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស អ្នកស្រី គឹម ហ៊ាង គឺប្រធានក្រុមហ៊ុន Hero King Ltd., ដែលក្រុមនេះ គឺពាក់ព័ន្ធនឹងការផ្ដល់ខ្សាច់ដើម្បីចាក់លុបបឹង។

«បើអត់ទីជម្រក វាដូចអន់ជាងសត្វទៅទៀត!» នេះគឺជាការលើកឡើងរបស់អ្នកស្រី ប្រាក់ សុភា កំពុងតែស្ថិតនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសុទ្ធតែស្រ្ដីប្រហែល ៨នាក់ និងតំណាងឱ្យ​សហគមន៍​ដែលរងផលប៉ះពាល់​ពីការលុបបឹង​តាមោក ឬបឹងកប់ស្រូវ។

រស់នៅ​ភូមិសំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គ្រួសារអ្នកស្រី ប្រាក់ សុភា និង៩៦គ្រួសារទៀត បានរស់នៅជិតបឹងតាមោកតាំងពីឆ្នាំ១៩៩០មក។ ពួកគាត់​​បាន​សម្ដែងការព្រួយបារម្ភចំពោះការលុបបឹងដ៏ធំនេះ និងបារម្ភខ្លាច​បាត់បង់ទីជម្រករបស់ពួកគាត់ទៅថ្ងៃអនាគត។

អ្នកស្រី សុភា បាននិយាយថា៖ «វាប៉ះពាល់ដល់ខ្លួនខ្ញុំ និងសហគមន៍ខ្ញុំជាទីបំផុត ផ្ទះសម្បែងរបស់នាងខ្ញុំ និងប្រជាពលរដ្ឋទាំងមូល។ ពួកខ្ញុំរកស៊ី និងអាស្រ័យផល រស់រានមានជីវិតដោយសារបឹងនេះ។»

អ្នកស្រី អ៊ីម ផល្លា មានវ័យ៧០ឆ្នាំ ហើយក៏ជាប្រជាពលរដ្ឋម្នាក់រស់នៅជិតបឹងតាមោកនេះ តាំងពីឆ្នាំ១៩៩០ដែរ បានសម្ដែងការព្រួយបារម្ភដូចគ្នាដែរ។ អ្នកស្រីយល់ថា កាលពីមុនប្រជាពលរដ្ឋនៅបឹងតាមោកនេះ បង្កបង្កើនផល និងដាំដំណាំដើម្បីចិញ្ចឹមតែក្រពះប៉ុណ្ណោះ ពេលខ្លះ​រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកក៏មានដែរ។

អ្នកស្រីបានឱ្យដឹងថា៖ «ប៉ុន្តែឥឡូវ សូម្បីខ្ញុំសុំធ្វើតែបង្គន់ សរសរ ឬជញ្ជាំងបាក់បែក ក៏គេអត់ឱ្យខ្ញុំធ្វើដែរ។»

«អភិវឌ្ឍខ្លះ ទុកខ្លះ»

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានឱ្យដឹងថា បឹងនៅរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺមិនមែនត្រូវបានលុបទេ ប៉ុន្ដែបឹងទាំងអស់នេះ គឺកំពុងត្រូវបានស្ដារដើម្បីស្ដុកទឹកពេលភ្លៀងធ្លាក់វិញទេ ដោយសារនៅរាជធានីនេះ មានទឹកជំនន់ធំគឺទឹកភ្លៀង។

លោកមានប្រសាសន៍ថា៖ «នៅក្នុងរាជធានីភ្នំពេញ វាជាបាតខ្ទះដែលយើងត្រូវ​បូម។ បូមទឹកចេញពីរាជធានីភ្នំពេញនេះទៅតាមស្ថានីយបឹងទំពុន តាមស្ថានីយ​បឹងត្របែក ហើយនិងស្ថានីយនៅកប់ស្រូវ។ ហើយបឹងដែលយើងឃើញថាមានរាល់ថ្ងៃនេះ គឺយើងកំពុងតែស្រង់ទិន្នន័យដើម្បីស្ដារបឹង។ »

លោក វណ្ណា បានបន្តឱ្យដឹងថា នៅបឹងតាមោក មិនទាន់មានការចាក់ដីលុបបឹងរបស់ឯកជន ឬក្រុមហ៊ុនឯកជនណានោះទេ។ បើតាមការស្រង់ព័ត៌មានរបស់គាត់ មានតែករណីរំលោភបឹងដោយប្រជាពលរដ្ឋប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា មានតែការចាក់ដីមួយករណីប៉ុណ្ណោះ​ គឺការចាក់ដី បង្កើតផ្សារដើមគរជំនួសផ្សារដើមគរសព្វថ្ងៃ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងជួយកាត់បន្ថយបរិស្ថានមិនល្អ។

លោកមានប្រសាសន៍ថា៖ «ដីសាធារណ:របស់រដ្ឋ រដ្ឋជាអ្នកមានសិទ្ធិកំណត់ចាត់ចែង ដើម្បីសុវត្ថិភាព ការពារបរិស្ថាន និងការស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ មានន័យថា វាជាប្រយោជន៍សារធារណ: មិនមានការលុបបឹងណា​មួយ​ជាប្រយោជន៍ឯកជននោះទេ!»

រថយន្តដឹកដី ចាក់បំពេញផ្ទៃបឹង ក្បែរផ្ទះពលរដ្ឋ ដើម្បីបង្កើតផ្លូវឆ្លងកាត់តំបន់ដីសើមក្បែរបឹងជើងឯក ក្នុងឆ្នាំ២០២០។ (រូបថត៖ អង្គការសមាគមធាងត្នោត)

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឱ្យដឹងថា ការលុបបឹង គឺជាការអភិវឌ្ឍ ដែលវាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

លោកមានប្រសាសន៍ថា៖ «ការលុបបឹង គឺជាចំណែកមួយនៃការអភិវឌ្ឍក្រុង។ […] វាតែងតែមានការសិក្សា ការរៀបចំ ស្របទៅតាមផែនការរបស់យើង។ រាល់​គម្រោងនៃការអភិវឌ្ឍ យើងតែងតែមានគម្រោងសិក្សាទៅលើផលប៉ះពាល់ និងទៅលើគុណសម្បតិ

ឆ្លើយតបទៅនឹងសំណួរថា តើការលុបបឹងមានគុណសម្បតិ្តយ៉ាងណាខ្លះលោក មាសភក្ដី បានបញ្ជាក់ថា៖ «នៅពេលដែលមានការរៀបចំអភិវឌ្ឍស្រួលបួល ពួកគាត់រស់នៅក្នុងតំបន់ ឬក៏កន្លែងដែលមានការរៀបចំជូនពួកគាត់បានល្អប្រសើរ អាទីតាំងចាស់ក៏ត្រូវបានធ្វើការអភិវឌ្ឍ។ វាសុទ្ធតែចេញជាកត្តាមួយដែលចំណេញទាំងអស់ ជាផលប្រយោជន៍រួមច្រើន»

បឹងកក់មានទំហំ​៩០ហិកតា​ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវបានកាត់ និងលុបទាំង​ស្រុង​ដើម្បីអភិវឌ្ឍជាទីក្រុង​រណបទៅឱ្យក្រុមហ៊ុនឯកជនមួយ។ លោក សឿង សា​រ៉ន នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត មានប្រសាសន៍ថា បន្ទាប់ពីបញ្ហាដ៏ចម្រូងចម្រាស់ ទោះបីជាប្រជាពលរដ្ឋគាត់បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អក៏ពិតមែន ក៏ប៉ុន្តែពួកគាត់នៅតែជួបបញ្ហាជីវភាព និងផ្លូវអារម្មណ៍។

កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភា បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ឈប់លុបបឹងហើយទុក និងកែច្នៃបឹងដែលនៅសេសសល់ ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍វិញ។ លោកថា ​បើសិនជាបន្តលុបបឹងទៀត រាជធានីភ្នំពេញនឹងបន្តលិចពេលភ្លៀងធ្លាក់ ដោយសារតែទឹកអស់កន្លែងហូរចូល​។

លោក Saber Masoomi អ្នកសម្របសម្រូលប្រចាំប្រទេសរបស់អង្គការ Wildfowl and Wetlands Trust (WWT) បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាគួរតែមាន គម្រោងសន្តិសុខទឹក ដើម្បីកុំឱ្យមានទឹកជំនន់ដូចនៅរាជធានីបាងកក។

លោក Saber មានប្រសាសន៍ថា៖ «រាជធានីភ្នំពេញគឺត្រូវការគម្រោងសន្តិសុខទឹក។ គម្រោងនេះ វាបង្ហាញថា តើទឹកស្អាតនឹងធ្វើឡើងនៅកន្លែងណា ទឹកជំនន់នឹងត្រូវហូរទៅទីណា ហើយទឹកស្អុយនឹងត្រូវគ្រប់គ្រងបែបណា?»

បឹងអាចអភិរក្សទុកជា បេតិកភណ្ឌរបស់រាជធានី ហើយទុកបឹងទាំងអស់ដែលនៅសល់សម្រាប់កន្លែងសម្រាក និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

សម្រាប់ប្រជាពលរដ្ឋដែលអាស្រ័យផលបឹងដូច លោក ធឿង ថេង ពួកគាត់នឹងជួបបញ្ហាដូចជាការបាត់បង់ទីលំនៅ និងជីវភាព។

លោក ថេង បានធ្វើការអំពាវនាវកុំឱ្យមានការលុបបឹងទំពុនបន្តទៀត ដើម្បីប្រជាពលរដ្ឋដែលអាស្រ័យលើបឹងនេះ អាចប្រកមមុខរបរចឹញ្ចឹមជីវិតបាន ហើយកាត់បន្ថយជាតិពុលនៅរាជធានីពីការកសាងអគារ និងខុនដូរខ្ពស់ៗ។

លោក ធឿង ថេង មានប្រសាសន៍ថា៖ «បើមានការអភិវឌ្ឍខ្លះទុកខ្លះ វាគ្រាន់បើ សម្រាប់​អាគ្នាអ្នកអត់។ ដល់ពេលអភិវឌ្ឍអស់ចឹង គ្នាអ្នកអត់ មិនដឹងទៅរកអីបាន។ […] ខ្ញុំសំណូមពរឱ្យគាត់ទុកខ្លះទៅ ទុកឱ្យគ្នារកស៊ីខ្លះ លុបអស់ខ្លាំងពេកក៏ពិបាក គ្នាមិនដឹងទៅរកឯណាឯណីទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ