មន្ត្រី​​សុខា​ភិបាល​​ខេត្ត​​ព្រះ​សីហនុ​អះ​អាង​​ថា ពលរដ្ឋ​១៤​នាក់​​បាន​​ឈឺ​​ដោយ​​សង្ស័យ​​ថា​​ឆ្លង​​ជំងឺ​​គ្រុន​​ឈី​ក​

ពលរដ្ឋដែលមានអាការក្ដៅខ្លួននិងមានកន្ទួលក្រហម សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (KPS)

មន្ត្រី​សុខាភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា ពលរដ្ឋ​ចំនួន១៤នាក់ ​ក្នុង​នោះ​មាន​ទាំង​កុមារ៦នាក់​ផង​ដែរ រស់នៅ​ក្នុង​សង្កាត់​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ បាន​ធ្លាក់ខ្លួន​ឈឺនិង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​កាលពី​ម្សិលមិញ បន្ទាប់ពី​មាន​អាកា​រ​ក្តៅ​ខ្លួននិង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក។

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ អ្នកស្រី លឹម សា​មាន ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ពលរដ្ឋ​ដែល​ឈឺ​ទាំង១៤នាក់ ក្នុង​នោះ​មាន​កុមារ៦នាក់ ហើយ​បច្ចុប្បន្នពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ អ្នកស្រី​បន្ត​ថា មន្ទីរ​សុខាភិបាល​បាន​យក​សំណាក​អ្នកជំងឺ​ចំនួន៨នាក់ មក​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ដោយ​សង្ស័យ​ថា អ្នក​ទាំងនោះមាន​ជំងឺ​គ្រុន​ឈី​ក។

អ្នកស្រី លឹម សា​មាន ប្រាប់​ថា៖ «យក​សំណាក​មក​ពិនិត្យ​ដោយ​សង្ស័យ​គ្រុន​ឈី​ក ហើយ​យើង​យក​សំណាក​អ្នក​ឈឺ​តែ៨នាក់។ អាហ្នឹងគេ​តម្រូវ​ឱ្យ​តែ​ប៉ុណ្ណឹង ដោយសារ​ពួក​គាត់​ទាំងអស់​ហ្នឹង បើ​អ្នកណា​មាន​មួយ ពួក​គាត់​អាច​ស្ថិតនៅ​ក្នុងចំណោម​ហ្នឹង យើង​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន»។

មន្ត្រី​សុខាភិបាល​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា មន្ត្រី​សុខាភិបាល​ខេត្ត​កំពុង​ចុះ​តាមដាន​សុខភាព​ប្រជាពលរដ្ឋ​ដទៃទៀត​នៅ​តាម​ភូមិ​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​នេះ។

តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ជំងឺ​គ្រុន​ឈី​ក (CHIK​) បណ្ដាលមកពី​វីរុស​ឈី​គុន​ហ្គុ​នយ៉ា (Chikungunya Virus =CHIKV​)។ ជំងឺ​នេះ​ឆ្លងតាម​រយៈ​មូស​ខាំ ហើយ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​ជាក់លាក់​ទេ ប៉ុន្តែគ្រូពេទ្យ​អាច​ព្យាបាល​អ្នកជំងឺ​ដោយដាក់ថ្នាំ​តាម​រោគសញ្ញា។

ខិត​បណ្ណ​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺ​គ្រុន​ឈី​កកើត​ឡើង​ដោយសារ​មូស​ខ្លាខាំ ដែល​ធ្វើ​ឱ្យ​អ្នកជំងឺ​គ្រុនក្តៅ​ពី ៣៩ ទៅ ៤០អង្សា​សេ។

អ្នកជំងឺ​គ្រុន​ឈី​កមានស្នាម​កន្ទួល​ក្រហម​លើ​ស្បែក អ្នកជំងឺ​អាច​ខ្សោះ​ជាតិទឹក​ដោយសារ​ក្អួត ហើយ​សាច់ដុំ​ចុះ​ខ្សោយ ហើម​ប្រអប់ដៃ​ប្រអប់ជើង ឈឺសន្លាក់​ម្រាមដៃ​ម្រាមជើង ឈឺក្បាល​ខ្លាំង ឈឺចង្កេះ អស់កម្លាំង​ខ្លាំង​ជាដើម។ គ្រុន​ឈី​កអាច​ធ្វើឱ្យ​អ្នកជំងឺ​ឈឺ​រយៈពេល​ពី ៥ថ្ងៃ ទៅ១សប្ដាហ៍ ទើប​ជា​ធូរស្បើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ