ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ឬ UDG នៅក្នុងខេត្តកោះកុង បានសម្រេចបោះតង់ដេកនៅមុខសាលាខេត្តមួយនេះ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិវាទដីធ្លីអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ។
អ្នកស្រី សាំង ពុយ ដែលអះអាងថាជាតំណាងពលរដ្ឋមានជម្លោះដីធ្លី បានប្រាប់វីអូឌីថា អ្នកភូមិជិត១០០នាក់ តំណាងឱ្យពលរដ្ឋ២៥១គ្រួសារ មកពីឃុំកោះស្ដេច ឃុំភ្ញីមាសនិងឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ បាននាំគ្នាបោះតង់ដេកមុខសាលាខេត្តកោះកុងរយៈពេល៦ថ្ងៃហើយ ដើម្បីរង់ចាំដំណោះស្រាយដីធ្លីពីអាជ្ញាធរ។
តំណាងពលរដ្ឋរូបនេះឱ្យដឹងថា អ្នកភូមិដែលប្រដាប់ដោយឆ្នាំងចាននិងអង្ករសម្រាប់ចម្អិនម្ហូបអាហារនោះ ប្ដេជ្ញាបន្តការតវ៉ានៅទីនោះរហូតដល់ពួកគេទទួលបានដំណោះស្រាយ។
អ្នកស្រី សាំង ពុយ ប្រាប់ថា៖ «យើងតវ៉ានៅសាលាខេត្តនេះរហូតទទួលបានដំណោះស្រាយ។ អ៊ីចឹង សុំឱ្យក្រសួងរៀបចំដែនដីនិងក្រសួងដែលពាក់ព័ន្ធ ត្រូវដោះស្រាយដោយកាត់ឆ្វៀលដីជូនពួកយើងដូចប្រសាសន៍សម្តេច ហើយពួកយើងមិនដើរចេញពីមុខសាលាខេត្តទេ ប្រសិនបើគ្មានដំណោះស្រាយ»។
ពលរដ្ឋម្នាក់ អ្នកស្រី ទិត្យ តេន និយាយថា អ្នកភូមិស៊ូប្រឈមមុខនឹងកម្ដៅថ្ងៃនិងខ្យល់ភ្លៀងផ្គរ ដើម្បីទាមទារដីស្រែដីចម្ការរបស់ពួកគេមកវិញ ប៉ុន្តែអ្នកស្រីថា ពុំមានអាជ្ញាធរណាចុះមកជួបនិងនិយាយរកដំណោះស្រាយជាមួយប្រជាពលរដ្ឋឡើយ។
អ្នកស្រី ទិត្យ តេន ប្រាប់ថា៖ «ពួកយើងគេងនៅទីនេះ គឺយើងមានបញ្ហាខ្លះដែរ ពីព្រោះបងប្អូនយើងខ្លះឈឺក្បាល កើតខ្យល់ ពិបាករកកន្លែងបត់ដៃបត់ជើងដែរ ហើយការហូបចុកក៏ពិបាកដែរ ប៉ុន្តែយើងត្រូវតស៊ូ ព្រោះយើងបាត់បង់ដីភូមិអាកររបស់យើងអស់ហើយ»។
អ្នកភូមិរូបនេះបានឱ្យដឹងថា ដីធ្លីទំហំជាង២,៥០០ហិកតា ស្ថិតនៅក្នុងឃុំទាំងបី បានធ្លាក់ក្នុងជម្លោះជាមួយក្រុមហ៊ុន UDG ក្នុងគម្រោងសម្បទានសេដ្ឋកិច្ចផ្ដល់ដោយរដ្ឋាភិបាល។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានប្រាប់ថា រដ្ឋបាលខេត្តមិនមានសិទ្ធិសម្រេចក្នុងការដោះស្រាយទំនាស់ដីធ្លីរវាងពលរដ្ឋនិងគម្រោងវិនិយោគធំៗនោះឡើយ។
ប៉ុន្តែអភិបាលខេត្តរូបនេះប្រាប់ថា រដ្ឋបាលខេត្តបានទទួលសំណើរបស់ពលរដ្ឋ និងបានបញ្ជូនទៅគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដីរួចហើយ ដោយរង់ចាំការសម្រេចពីក្រសួងមួយនេះ។
អ្នកស្រី មិថុនា ភូថង ប្រាប់ថា៖ «សម្រាប់អាជ្ញាធរខេត្ត គឺយើងបានរៀបចំរបាយការណ៍សុំគោលការណ៍ពីគណៈកម្មាធិការដោះស្រាយដីធ្លីរបស់ក្រសួងរៀបចំដែនដី ដើម្បីដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនិងក្រុមហ៊ុនញូញៀននេះ។ យើងដាក់របាយការណ៍នេះរួចរាល់ហើយ យើងរង់ចាំតែការសម្រេចថា យើងអាចដោះស្រាយវិវាទហ្នឹងបាន។ យើងកំពុងព្យាយាមទាក់ទងជំរុញការងារនេះ»។
វីអូឌីបានសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដែរ ប៉ុន្តែលោកមិនបានឆ្លើយតបនោះឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ប្រាប់ថា អាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិ ហាក់មិនទទួលខុសត្រូវលើពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីក្រោមគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនទៅក្រុមហ៊ុន UDG នោះឡើយ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះបន្តថា ការពន្យារពេលមិនដោះស្រាយនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបន្តរងទុក្ខលំបាក និងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។
លោក ប៉ែន វុទ្ធា ប្រាប់ថា៖ «ជាសំខាន់ ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជូនគាត់ឱ្យដឹកនាំប្រទេស។ អ៊ីចឹងអ្វីដែលគាត់ជាម្ចាស់ឆ្នោត ហើយគាត់អត់ទទួលបានការដោះស្រាយឱ្យបានឆាប់ទេ វានឹងធ្វើពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាល»។
កាលពីសប្តាហ៍មុន ពលរដ្ឋមួយក្រុមទៀតដែលអះអាងថាតំណាងឱ្យអ្នកភូមិ១២៨គ្រួសារ ស្ថិតក្នុងឃុំតានូន ស្រុកបុទុមសាគរ ក៏បាននាំគ្នាឡើងមកស្នាក់នៅវត្តសាមគ្គីរង្សី ដើម្បីស្វែងរកដំណោះស្រាយពីក្រសួងរៀបចំដែនដីនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ នៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន UDG នេះផងដែរ។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ៣ម៉ឺន៦ពាន់ហិកតា ស្ថិតនៅក្នុងស្រុកបុទុមសាគរនិងស្រុកគិរីសាគរ ទៅដល់ក្រុមហ៊ុនចិន ញូញៀន ដើម្បីអភិវឌ្ឍជាមណ្ឌលពាណិជ្ជកម្មនិងរមណីយដ្ឋានទេសចរណ៍។
របាយការណ៍សិក្សាដោយសង្គមស៊ីវិលកាលពីឆ្នាំ២០១២ បានរកឃើញថា គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិន ញូញៀន (UDG) បានធ្វើឱ្យប្រជាពលរដ្ឋ១ ១៤៣គ្រួសារ ត្រូវបង្ខំឱ្យបោះបង់ចោលដីធ្លីប្រមាណជាង១ម៉ឺនហិកតា និងផ្ទះ១ ៥០០ខ្នងត្រូវបង្ខំឱ្យរុះរើនិងឈូសឆាយ៕