អ្នក​ស្រាវ​ជ្រាវ​រដ្ឋា​ភិបាល​និយាយ​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​«ធុង​សំរាម​ចិន​»​បើ​រៀប​ចំ​ខ្លួន​មិន​ទាន់​ពេល​

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជានិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នឹង​ធ្វើឱ្យក​ម្ពុ​ជា​ក្លាយជាធុងសំរាមចិន បើមិនបានត្រៀមខ្លួនទាន់ពេលសម្រាប់ប្រកួតទីផ្សារមួយនេះ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច និយាយក្នុងកិច្ចពិភាក្សាតុមូលស្តីពី «តើអ្វីជាសារប្រ​យោ​ជន៍​​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន?» នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារម្សិលមិញថា FTA នឹងធ្វើឱ្យកម្ពុជាក្លាយជាធុងសំរាមចិន បើក្រសួងពាក់ព័ន្ធ រួមទាំងក្រសួងការងារផង នៅតែមិនអាចបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋ សូម្បីអនាម័យពេលរត់តុនិងធ្វើសំណង់ដូចបច្ចុប្បន្ននោះ។

លោកថា៖ «ត្រូវទទួលយកការពិត បើមិនទទួលយកការពិតទេ កាលបើវិនិយោគជាមួយចិន កម្ពុជានឹ​ង​ក្លាយជាធុងសំរាមរបស់ចិន ព្រោះកាលណាគេធ្វើពាណិជ្ជកម្ម គេត្រូវការចំណេញ កុំអាដែងពេលរៀ​បឥដ្ឋ ជក់បារីរួចបានរៀប។ ចិនអត់អ៊ីចឹងទេ យួនអត់អ៊ីចឹងទេ គេជក់ផងគេរៀបផង។ យើងអត់អ៊ីចឹងទេ បើ​កប្រាក់ខែហើយ ផឹកអត់ទាន់អស់ អត់ទាន់មកទៀត អាណាគេត្រូវការកម្មករបែបហ្នឹង»។

លោកបណ្ឌិត សុខ ទូច និយាយទៀតថា តម្លៃអគ្គិសនី ការចំណាយលុយក្រៅផ្លូវការ និងសេវាដឹកជញ្ជូនថ្លៃជាងប្រទេសជិតខាង ក៏ជាឧបសគ្គរបស់កម្ពុជាដែរ។

លោកថា៖ «ខ្ញុំជម្រាបថា យើងមិនអាចប្រកួតប្រជែងឈ្នះគេទេ បើសិនជារដ្ឋមន្ត្រីទាំងអស់មិនព្រមអង្គុ​​យជុំគ្នា មិនព្រមគិតគូរពិចារណាជាមួយគ្នា ភ្លើងផ្សេងទៅ អាទូរគមនាគមន៍ផ្សេងទៅ កសិកម្មផ្សេងទៅ​​​ តើ​យើងរកចំណុចរួមបានទេ? អត់បានទេ! ភ្លើងយើង៧៥០រៀល ខ្ញុំធ្វើទឹកដោះគោ ខ្ញុំដឹង! ហើ​យ​អ្ន​ក​ជិតខាង គេ១៥០រៀល ទៅប្រកួតឯណាឈ្នះ»។

ប្រធានមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាជំនាញផ្នែកសេដ្ឋកិច្ច លោក គី សិរីវឌ្ឍន៍ និ​យា​យថា FTA ជាភាពវ័យឆ្លាតរបស់រដ្ឋាភិបាល ព្រោះវាបានបញ្ចៀសកម្ពុជាពីគំនាបសេដ្ឋកិច្ច មហាអំណាចលោកសេរី ដោយបង្កើតឱ្យមានប៉ូលផ្សេងទៀត ក្រៅពីអាមេរិកនិងសហភាពអឺរ៉ុប។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះនិយាយទៀតថា បើធៀបទំហំពាណិជ្ជកម្មជាមួយចិន ការនាំចេញរបស់កម្ពុជាមានទំហំតូច ខណៈការនាំចូលរបស់ចិនមានទំហំដល់ទៅ៧ពាន់លានដុល្លារ ដោយសារតែកម្ពុជាមិនទាន់បានត្រៀមខ្លួន ។

លោក គី សិរីវឌ្ឍន៍ អះអាងទៀតថា បើក្រសួងពាក់ព័ន្ធរបស់កម្ពុជាមិនកែច្នៃបញ្ហានេះជាជំនាញដើម្បីចាប់យកឱកាសនេះទេ លោកថា កម្ពុជានឹងក្លាយជាទីផ្សាររបស់ចិន។

លោកថា៖ «នៅពេលដែលកិច្ចព្រមព្រៀងនេះចាប់ផ្តើម មានន័យថា ដករបាំងពាណិជ្ជកម្មមួយចំនួនដកចេញធ្វើឱ្យពាណិជ្ជកម្មមួយចំនួនមានលំនឹងនៃការនាំចេញសមមាត្រគ្នាឡើងវិញ។ ប្រសិនបើយើ​​ងចេះចាប់យកឱកាសនេះ ហើយនិងកែច្នៃធនធានរបស់យើងឱ្យទៅជាឧត្តមភាពប្រៀបធៀប បើ​យើ​ង​មិនអាចកំណត់យកឧត្តមភាពចេញទេ មានន័យថា យើងនៅតែជាកន្លែងបង្ហូរទំនិញចិនដដែ​ល​»។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់VODតាមបណ្តាញសង្គម Telegram ថាក្រសួងមានគោ​លនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឆ្នាំ២០១៦-២០២៥ ហើយថា៖

«ក្រសួ​ង​​មានផែនការមេរបស់យើងក្នុងការអភិវឌ្ឍ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្កើនថ​វិកា​វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស ពលករជំនាញផងដែរ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល លោក វុចទ័រ ហ្សូនា និយាយថា តម្លៃអគ្គិសនីនេះ រដ្ឋាភិបាលបានបញ្ចុះថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ និងថានឹងបញ្ចុះថែមទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកថា៖ «រឿងថ្លៃអគ្គិសនីវាអាស្រ័យលើប្រភព[…]គឺទាល់តែការរកស៊ីហ្នឹងមានផលចំណេញអា​ច​ដើរ​ទៅមុខបាន។ បើយើងនាំគ្នាចង់បញ្ចុះថ្លៃ​  រហូតអគ្គិសនីខាត នៅពេលហ្នឹង យើងដួលទាំងអស់គ្នា»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី និយាយថា កិច្ចព្រមព្រៀងសេរីនេះ បើមើលទៅជ្រុងមួយនៃបញ្ហារបស់កម្ពុជា វាអាចជាទិកនិកក្នុងការលាងបញ្ហា កុំឱ្យពលរដ្ឋមើលឃើញថា ការបាត់បង់EBAជាកំហុសដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល។

លោកថា៖ «អ្វីដែលសំខាន់ បើសិនជាយើងមានទាំងពីរហ្នឹងកាន់តែល្អ ផលិតផលកសិកម្មយើងនាំទៅខាងចិនទៅ ហើយផលិតផលកាត់ដេរយើងនាំទៅអឺរ៉ុបទៅ បើសិនជាមានមួយ ជំនួសមួយមិនមែនជាគំនិតល្អទេ»។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា កសិករខ្មែរធ្វើស្រូវមួយហិកតា ចំណាយអស់ចន្លោះពី១លាន៧សែនរៀលទៅ២លានរៀល ព្រោះថា កសិករខ្មែរ៤០ភាគរយជាមនុស្សចាស់ ហើយដំណើរការដាំដុះគឺពួកគាត់ជួលគេចាប់ពីភ្ជួររហូតដល់ប្រមូលផល។

ប៉ុន្តែកសិករវៀតណាមវិញ ចំណាយតែ៤០ម៉ឺនរៀលប៉ុណ្ណោះក្នុង១ហិកតា ការផលិតធ្វើដោយខ្លួនឯង រួមទាំងថ្លៃអគ្គិសនីថោកនិងមានជំនាញបច្ចេកទេស។

ទំហំពាណិជ្ជកម្មកម្ពុជា-ចិនវិញ ឆ្នាំ២០១៩ មានទំហំជាង៨ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារចិនក្នុងចំនួនតិចតួចនៅឡើយ ​មានប្រមាណ១ពាន់លានដុល្លារ ខណៈចិននាំទំនិញចូលមកកម្ពុជាក្នុងទំហំពាណិជ្ជកម្មជាង៧ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ