តុលាការសម្រចឃុំខ្លួនលោក រ៉ុង ឈុន ជា​បណ្តោះ​អាសន្ននៅពន្ធនាគារព្រៃស

លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាបុគ្គលិកក្រសួងអប់រំម្នាក់ក្នុងចំណោមគ្រូបង្រៀន១១នាក់ ដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញកាលពីឆ្នាំមុន។ រូបភាព៖ សូត សុខប្រាថ្នា

​ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបាន​សម្រេចឃុំខ្លួនលោក រ៉ុង ឈុន ជា​បណ្តោះ​អាសន្ន​នៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់ឱ្យមានការប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍។​

លោក រ៉ុង ឈុន ​ដែលជាប្រធាន​សហភាពសហជីពកម្ពុជានិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់កាលពីម្សិលមិញ បន្ទាប់ពីលោកបាន​បញ្ចប់នូវបទសម្ភាសជាមួយនឹងវិទ្យុអាស៊ីសេរីជុំវិញបញ្ហាព្រំដែន។ លោកត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីត្រូវបានសាកសួរអស់ជាច្រើនម៉ោងនៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ។

លោក សំ សុខគង់ មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន បានឱ្យដឹងថា លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរកូនក្តីរបស់លោក​ជុំវិញការចុះទៅមើលបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំនិងសេចក្តីថ្លែងការណ៍​ដែលលោកបានធ្វើកាលពីថ្ងៃទី​២១ ខែកក្កដា បន្ទាប់ពីលោកចុះទៅតំបន់នោះ។

លោក សំ សុខគង់ បានបន្ថែមថា៖ «ការចោទប្រកាន់នេះគឺជា​រឿងមួយដែល​ថាមិនអាច​ទទួល​យក​បានទេ ដោយសារ​កូនក្តីរបស់ខ្ញុំបាទនេះគាត់បានទៅធ្វើការងារសង្គម​ហើយអ្វីដែលគាត់​បានលើក​ឡើងក្នុង​បណ្តាញហ្វេសប៊ុករបស់គាត់នេះគឺជាការរកឃើញរបស់គាត់ និងជាការ​បញ្ចេញ​មតិ​ដែលការពារដោយរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ»

យោងតាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ មាត្រា​៤៩៥ បទញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍ អាច​ប្រឈម​នឹង​​​ទោស​ដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ ៤លានរៀល។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចុះហត្ថលេខាដោយលោក រ៉ុង ឈុន ដែល​ចេញ​កាលពីថ្ងៃទី២១ ខែកក្កដាបាន​លើកឡើងថា ​ក្រុមការងាររបស់ខ្លួនចុះទៅពិនិត្យ​បង្គោល​ព្រំដែនលេខ១១៤ដល់១១៩ ក្នុងភូមិសាស្រ្តឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំ​កាល​ពីថ្ងៃទី២០ ខែកក្កដា​។ លោករ៉ុង ឈុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា​ការបោះ​បង្គោលព្រំដែនពីលេខ១១៤ដល់១១៩នោះមានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីអាស្រ័យ​ផល​របស់ពលរដ្ឋនៅភូមិសាស្រ្តនោះជាច្រើនរយហិកតាបាត់បង់ទៅខាងភាគីវៀតណាម។

លោក រ៉ុង វិជ្ជា ដែល​ជាក្មួយប្រុស​លោក រ៉ុង ឈុន បានអះអាងថា នៅយប់កើតហេតុនៃការឃាត់ខ្លួនលោក រ៉ុង ឈុន ​​អាជ្ញាធរមានគ្នាប្រមាណ៣០នាក់បានគំរាម​ពួកលោកដែលពេលនោះមានគ្នា៤នាក់​ឱ្យសហការ ដោយថាបើមិនសហការបើកទ្វារ​ឱ្យទេ សមត្ថកិច្ចនឹងគាស់ទ្វារ​ចូលតែម្តង។

លោក រ៉ុង វិជ្ជា បានហៅការចោទប្រកាន់និងសម្រេច​ឃុំ​ខ្លួន​ពូរបស់លោកថាជារឿងអយុត្តិធម៌ ដោយលោកថាសកម្មភាព​ដែល​លោក រ៉ុង ឈុន បាន​ធ្វើ​កន្លងមកគឺដើម្បីផលប្រយោជន៍ជាតិ។ លោកស្នើសុំតុលាការឱ្យដោះលែងនិងទម្លាក់ចោលបទចោទប្រឆាំងនឹងពូរបស់លោក​ផងដែរ។​

លោកបានបន្ថែមថា៖ «ស្អែក ពួកខ្ញុំនឹងនៅតែបន្តតវ៉ាឱ្យមានការដោះលែងលោកគ្រូ រ៉ុង ឈុន ទៀត​»

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត បានបង្ហាញការសោកស្តាយ​ចំពោះ​ការឃុំខ្លួនលោក រ៉ុង ឈុន និងស្នើ​តុលាការឱ្យ​ពិនិត្យករណីនេះឡើងវិញ។

លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថាចៅក្រមលោកនឹងពិនិត្យនិងពិចារណាលើរឿងនេះ ហើយ​នឹងអាច​ធ្វើការដោះលែងលោកឱ្យនៅក្រៅឃុំ​បណ្តោះអាសន្នក្នុងពេលឆាប់ៗ»

ក្រោយការចាប់ខ្លួនលោក រ៉ុង ឈុន ទាំងអតីតបក្សប្រឆាំងនិងគណបក្សក្រៅរដ្ឋាភិបាល​មួយ​ចំនួន​​បាន​បង្ហាញ​​ការខកចិត្តចំពោះសកម្មភាពរបស់សមត្ថកិច្ចកម្ពុជានិងបានស្នើសុំ​ឱ្យដោះលែង​ប្រធាន​សហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​រូបនេះជាបន្ទាន់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គមប)បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួន​នៅ​ថ្ងៃនេះ​ថា​ការចាប់ខ្លួនលោក រ៉ុង ឈុន ជាការកំហិតសិទ្ធិសេរីភាពរបស់ពលរដ្ឋដែល​ហ៊ាននិយាយ​រឿងព្រំដែន​របស់ជាតិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសរសេរថា៖ «គមប យល់ថា​ ក្នុងនាមរាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន​របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺនិងប្រាប់ការពិត​កុំឱ្យ​ប្រជាពលរដ្ឋយល់ច្រលំ​ករណីព្រំដែននេះ គឺគ្រប់ហើយ មិនចាំបាច់ចាប់ចងនិង​ចោទប្រកាន់​ដូច្នេះ​ទេ»

គណបក្សឆន្ទៈខ្មែរក៏បានទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងឥតលក្ខខណ្ឌផងដែរ។

គណបក្សនេះលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលចេញនៅថ្ងៃនេះថា៖«​សូម​​អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជានិងសហគមន៍អន្តរជាតិជួយ​អន្តរាគមន៍ឱ្យបញ្ឈប់ការ​គំរាមកំហែង គាបសង្កត់ រឹតត្បិតលើសេរីភាពជាមូលដ្ឋានរបស់​ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជា​ពិសេស​ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន​ ជាបន្ទាន់និងឥតលក្ខខណ្ឌ»។

ចំណែកឯអតីតគណបក្សសង្រ្គោះជាតិ​ក៏បាន​បង្ហាញ​ការសោកស្តាយចំពោះការចាប់ខ្លួន​ប្រធាន​សហភាពសហជីពកម្ពុជានិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន នេះដែរ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញនៅថ្ងៃនេះអតីតបក្សប្រឆាំងដែលត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ បានលើកឡើងថា៖ «ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាទង្វើរំលោភបំពាន​យ៉ាងកម្រោល​លើច្បាប់ជាតិនិងអន្តរជាតិ ជាពិសេស​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ដែល​ធានាការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឆ្លើយតបថា ករណីលោក រ៉ុង ឈុន គឺ​សមត្ថកិច្ចបានរកឃើញថាមានបទល្មើសកើតឡើងនិងមានមូលដ្ឋានច្បាស់លាស់​ដោយផ្អែក​លើអង្គហេតុនិងច្បាប់ដែលមានជាធរមាន ដោយថាសំណុំរឿងកំពុងដំណើរការ​តាមនីតិវិធី​តុលាការ។

លោកបានបន្ថែមថា៖ «​អ៊ីចឹងទេប្រសិនបើសាច់ញាតិឬក៏សាមីខ្លួនយល់ថាខ្លួនមិន​បានប្រព្រឹត្ត​បទ​​ល្មើស​ទៅតាមការចោទហ្នឹងទេ គឺត្រូវចូលរួម​ក្នុងដំណើរការនីតិវិធីរបស់តុលាការ ហើយ​ធ្វើការការពារខ្លួនតាមផ្លូវច្បាប់​»

ខណៈដែលតុលាការ​កំពុងសាកសួរលោក រ៉ុង ឈុន នៅថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋដែលគាំទ្រលោកប្រហែល៥០នាក់ បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ហើយបាននាំគ្នាស្រែកនិងឈរកាន់ក្រដាសទំហំA4 ដោយ​សរសេរអក្សរទាមទារដោះលែង លោក រ៉ុង ឈុន ឱ្យ​មាន​សេរី​ភាព​វិញ ដោយថា​ការចោទប្រកាន់លោក រ៉ុង ឈុន ជារឿងអយុត្តិធម៌។

សន្តិសុខនិងកងកម្លាំងសមត្ថកិច្ចរាប់សិបនាក់ក៏ត្រូវបានដាក់ពង្រាយនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញផងដែរ។ នៅពេលឈរកាន់ក្រដាសទំហំA4 និងស្រែកទាមទារឱ្យដោះលែង លោក រ៉ុង ឈុន នោះ ក្រុមសន្តិសុខខណ្ឌ៧មករាបានឈរនៅពីមុខក្រុមអ្នកតវ៉ានិងឆក់យកក្រដាសនោះ​ពីដៃ​ហែក​ចោល។ ​ ស្របពេលជាមួយគ្នានោះក៏មាន​អ្នក​នៅក្នុងរថយន្តខណ្ឌ៧មករា​ស្រែក​តាម​ឧគ្ឃោសនសព្ទឱ្យ​ប្រជាពលរដ្ឋកុំជឿលើ “ការញុះញង់” របស់លោក រ៉ុង ឈុន ដោយថា​លោកបាននិយាយបំភ្លៃខុសពីការពិតដែល​ថា​កម្ពុជាធ្វើឱ្យបាត់បង់ទឹកដីមួយចំនួនទៅឱ្យ​ភាគីវៀតណាម។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ដែល​ចូលរួម​តវ៉ានៅមុខសាលា​ដំបូងរាជធានីទាំងនៅពេលកំពុងភ្លៀងផងនោះបាន​និយាយថាលោក រ៉ុង ឈុន មិនបានធ្វើ​ខុស​ដូច​​ការចោទប្រកាន់នោះទេ។

លោកស្រីមានប្រសាសន៍ថា៖ «គ្រាន់តែគាត់[លោក រ៉ុង ឈុន]ឈឺឆ្អាលរឿងកម្មកររោងចក្រ ឈឺឆ្អាល​រឿង​ព្រំដែនដែលប្រទេសជិតខាងទន្ទ្រានយក ជារឿងអយុត្តិធម៌ចំពោះលោក រ៉ុង ឈុន ណាស់ គឺលោក រ៉ុង ឈុន មិនមានកំហុសទេ សុំឱ្យ​អន្តរជាតិជួយលោក រ៉ុង ឈុន ផង។កម្ពុជា​វេទនាណាស់»

រាយការណ៍បន្ថែមដោយ៖លោក ណាត សុភាព

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered