អ្នកស្រី ភៀន ផល មករកត្រី លៀស ខ្ចៅ នៅបឹងធំ ស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន២ឆ្នាំហើយ ដោយក្តីរំពឹងថា ជីវិតនិងគ្រួសារគាត់នឹងមានភាពប្រសើរជាងមុនបន្ទាប់ពីបរាជ័យពេលធ្វើជាពលករចំណាកស្រុកអស់រយៈពេលជាច្រើនឆ្នាំ។ ក្តីរំពឹងរបស់ស្រ្តីវ័យ៤៥ឆ្នាំរូបនេះមិនបានដូចបំណងនោះទេដោយសារអ្នកស្រីក៏មានបំណុលថ្មីផង ហើយការងារនេសាទនេះក៏មិនទទួលបានលទ្ធផលល្អនោះដែរដោយសារតែបឹងមានទឹកតិចជាងរាល់ឆ្នាំ។
បឹងធំមានសភាពស្ងួតហួតហែងក្តៅនិងដីបែកក្រហែង ហើយរមណីយដ្ឋាននៅជិតបឹងដែលមានកញ្ចុះញុាំអីសម្រាប់ភ្ញៀវទេសចរក៏មានភាពស្ងាត់ខ្លាំងណាស់ដែរនៅពេលអ្នកសារព័ត៌មានចុះទៅនាពេលថ្មីៗនេះ។

ចម្ងាយប្រហែលជា១៤គីឡូម៉ែត្រពីក្រុងកំពង់ចាម បឹងធំបានទទួលទឹកពីទន្លេមេគង្គនារដូវវស្សាក៏ប៉ុន្តែអ្នកនេសាទជាច្រើននាក់បានអះអាងក្នុងកិច្ចសម្ភាសន៏នាពេលថ្មីៗនេះ ទឹកនៅបឹងមានកម្រិតទាបនៅឆ្នាំនេះដែលជាកត្តាមួយនៃការលំបាកខ្លាំងដល់ការនេសាទ ដោយសារត្រីមិនសូវមានដូចកាលពីឆ្នាំដែលមានទឹកច្រើននោះទេ។
កម្រិតទឹកទន្លេមេគង្គចាប់ពីខែមិថុនាដល់ខែកក្កដាគឺស្ថិតក្នុងចំណោមកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ប៉ុន្តែគេរំពឹងថា ស្ថានការណ៍នឹងធូរស្រាលនៅចុងខែកក្កដា។ នេះបើយោងតាមគណៈកម្មការទន្លេមេគង្គ (MRC)។ MRC បានអះអាងថា បញ្ហានេះគឺដោយសារមិនមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់និងទឹកហូរចេញពីផ្នែកខាងលើនៅខាងប្រទេសចិនក៏មិនគ្រប់គ្រាន់ដែរ។
អ្នកស្រី ភៀន ផល បានចាប់ផ្តើមជំពាក់ថ្លៃដីនិងផ្ទះដែលគាត់ទិញពីអ្នកភូមិក្តីបឹងកាលពីខែតុលា ឆ្នាំ២០១៩។ អ្នកស្រីបានឱ្យដឹងថា ដើម្បីមានប្រាក់សងត្រលប់ទៅម្ចាស់បំណុលវិញចំនួន៣០០ដុល្លារក្នុងមួយខែ ខណៈដែលការនេសាទមិនសូវបានផលនោះ អ្នកស្រីត្រូវដើរខ្ចីលុយពីអ្នកភូមិជាមួយគ្នាបង្វិលសងទៅម្ចាស់បំណុលផ្សេង ក៏ដូចជារកលៀសឬខ្យងខ្ចៅបន្ថែមទៀត។

ជាមួយនឹងទឹកមុខនឿយហត់ អ្នកស្រី ភៀន ផល បានបន្តថា៖ «ឆ្នាំទៅ វាដូចថាបាន៩០ភាគរយឆ្នាំនេះបានតែ១០ភាគរយទេ […] គិតជាលុយមួយថ្ងៃសល់បាន១ម៉ឺន ១ម៉ឺនជាងអីហ្នឹង ជិត ២ម៉ឺនអីហ្នឹងឆ្នាំហ្នឹង។ បើឆ្នាំទៅ យើងទាំងជំនួញទាំងរកខ្លួនឯងបាន១០ម៉ឺន ១០ម៉ឺនជាងអីអញ្ចឹងដែរ […] យើងរកដល់២ទូក ២នាក់ឪកូន អញ្ចឹងដល់ពេលឆ្នាំហ្នឹងមកត្រឹម៥ទៅ៦ខែនេះ ប៊ិះនឹងរកអង្ករបបរហូបអត់បាន»។
អ្នកស្រី ភៀន ផល បានបន្ថែមថា ប្រាក់ដែលរកបានប្រហែល១ម៉ឺនទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ ត្រូវចំណាយលើសមាជិកគ្រួសារ៦នាក់ ដោយអ្នកស្រីថា ជាមធ្យមត្រូវចំណាយប្រហែលជាង២ម៉ឺនរៀលលើថ្លៃអង្ករនិងម្ហូប។
មុនការនេសាទនេះ អ្នកស្រី ភៀន ផល គឺជាពលករចំណាកស្រុកនៅប្រទេសថៃក្នុងអំឡុង ឆ្នាំ២០០៨ និងបានដើរធ្វើជាកម្មករសំណង់និងធ្វើតាមចម្ការគេនៅបណ្តាខេត្តនានា រួមមាន ខេត្តមណ្ឌលគិរីនិងរតនគិរី។ នៅឆ្នាំ២០១៨ អ្នកស្រី ភៀន ផល បានលក់ផ្ទះរបស់គាត់នៅភូមិក្តីបឹង ដដែល បានតម្លៃ៥៧០០ដុល្លារ ដើម្បីក៏បានយកលុយចំនួនភាគច្រើននោះមកសងបំណុលមីក្រូហិរញ្ញវត្ថុមួយនៅខេត្តកំពង់ចាមដែលគាត់បានខ្ចីពេលកូនគ្រោះថ្នាក់ចរាចរណ៍ ហើយមិនមានលទ្ធភាពសងបន្តបាន។
ទើបឡើងពីទូកនេសាទក្រោមកម្ដៅថ្ងៃដ៏ក្តៅ មកអង្គុយក្នុងរោងក្បែរមាត់បឹង អ្នកស្រី ភៀន ផល បានបន្តថា ប្រសិនបើត្រីនៅតែមិនសូវមានដោយសារតែមិនមានទឹកឡើងចូលបឹងដូចរាល់ឆ្នាំទេនេះ ជីវភាពអ្នកស្រីក៏ដូចជាពលរដ្ឋនឹងកាន់តែពិបាកព្រោះត្រូវប្រឈមទាំងបញ្ហាបំណុលនិងម្ហូបអាហារប្រចាំថ្ងៃ។
អ្នកស្រីបានអះអាងថា គាត់ធ្លាប់បានស្នើម្ចាស់បំណុលគាត់ឱ្យពន្រយាពេលសងប្រាក់ដែរ ប៉ុន្តែអ្នកលក់ដីឱ្យអ្នកស្រីនោះប្រាប់ថា គាត់ក៏ជំពាក់លុយធនាគារមួយដែរ ហើយភាគីធនាគារក៏មិនព្រមពន្យារពេលសងដែរ។ អ្នកស្រីថា ដូច្នេះហើយបានជាម្ចាស់ដីមិនព្រមតាមការស្នើរបស់គាត់។
គាត់បាននិយាយបន្ថែមថា៖ «តែសឹងតែគេយក [ដីនិងផ្ទះ] វិញហើយ គ្រូអើយ! បើរកអត់បាន បង់ឱ្យគេបានតែប៉ុន្មានខែ»។
ស្លៀកតែខោខ្លីត្រឹមជង្គង់អត់អាវ លោក ភៀន ភៃ អាយុ៥៣ឆ្នាំ ដែលបានប្រកបរបរនេះតាំងពីអាយុ១៥ឆ្នាំ បាននិយាយថា ដោយសារការរកត្រីពិបាកខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកក៏បានងាកមករកកំពឹសនិងលៀសបន្ថែម ដោយថ្ងៃខ្លះសល់លុយ៧ពាន់រៀល ហើយថ្ងៃខ្លះជំពាក់សំាងគេទៀត។

លោក ភៀន ភៃ បាននិយាយដូច្នេះថា៖ «ឆ្នាំនេះទឹករាំងយូរ […] រាល់ឆ្នាំខែហ្នឹងទឹកហូរកាត់តាមហ្នឹងមកហើយ។ [ទឹកភ្លៀង]មកឆ្នាំហ្នឹងរាងយូរ សូម្បីតែដើមឈើក៏ងាប់តាមៗផ្ទះដែរ»។
ជាមួយនឹងការលំបាករកចំណូល លោក ភៀន ភៃ និងភរិយារបស់គាត់គឺអ្នកស្រី សុខ ទូច អាយុ៦០ឆ្នាំ មានការព្រួយបារម្ភខ្លាំងពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំនួនទឹកប្រាក់៤ពាន់ដុល្លារ ដែលត្រូវបង់ត្រលប់ទៅវិញ៥០ម៉ឺនរៀលក្នុងមួយខែ។
អ្នកស្រី សុខ ទូច បាននិយាយដូច្នេះថា៖ «ខ្ញុំរកនៅនឹងបឹងហ្នឹងខ្លះៗ ហើយដូចថាខ្ចីគេបន្តលិចបន្តកើតអញ្ចឹងទៅណា […] ខ្ចីដូចថាជាលុយអាទិត្យគេអញ្ចឹង ទៅបង់លិចបង់កើតអញ្ចឹង បង់ឯណេះ បង់ឯណោះ […] បើថ្ងៃណាអស់ដីអស់ផ្ទះអស់ទៅ បើមិនដឹងធ្វើម៉េចផង»។
អ្នកស្រី សុខ ទូច បានបន្តថា រាល់ថ្ងៃគ្រួសារដែលមានគ្នា៤នាក់របស់អ្នកស្រី ត្រូវចំណាយមួយថ្ងៃប្រហែល១ម៉ឺនរៀលលើថ្លៃម្ហូបនិងអង្ករ។ បើទោះបីជាគ្រួសារអ្នកស្រីរកចំណូលបានតិចតួចក៏ដោយរហូតមកដល់ពេលនេះ អ្នកស្រី សុខ ទូច មិនបានដាក់ពាក្យសុំពន្យារពេលសងប្រាក់កម្ចីទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះវិញទេ។

ប្រជានេសាទម្នាក់ទៀតនៅបឹងធំនេះដែរ អ្នកស្រី ស៊ឹម ហុង បាននិយាយថា ដោយសារតែទិន្នផលត្រីមានការធ្លាក់ចុះខ្លាំងឆ្នាំនេះ អ្នកស្រីក៏បានប្តូរពីការរកត្រីមករកកំពឹសនិងលៀសវិញ គ្រាន់បានចិញ្ចឹមជីវិត។ ស្ត្រីវ័យ៣៦ឆ្នាំរូបនេះបានបន្តថា កាលពីមុនគាត់អាចរកចំណូលបានពី៥ម៉ឺនរៀលទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ក៏ប៉ុន្តែឆ្នាំនេះក្នុងមួយថ្ងៃចុះមកត្រឹមតែ១ម៉ឺនរៀលតែប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា៖ «ឆ្នាំហ្នឹង ឲដូចខ្សត់ខ្សោយខ្លាំងណាស់ត្រីនោះ អត់ដូចឆ្នាំទៅ។ ឆ្នាំទៅ យើងគ្រាន់បានរាយមងបានអី តែឆ្នាំហ្នឹងមងដូចគ្មានអ្នកណារាយបានទេ ផ្អើលតែម្នាក់ៗរកកំពឹស»។
ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានបញ្ជាក់ថាយោងតាមសារាចររបស់ធនាគារជាតិដែលចេញកាលពីខែមីនា ឆ្នាំ២០២០ ការរៀបចំឥណទានឡើងវិញធ្វើឡើងចំពោះតែអ្នកដែលរងផលប៉ះពាល់ដោយសារកូវីដ១៩។ លោកថា អ្នកនេសាទដែលរកចំណូលមិនសូវបាន មិនចូលក្នុងលក្ខខណ្ឌដែលមានក្នុងសារាចរនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗមានគោលការណ៍ក្នុងការសម្របសម្រួលចំពោះអតិថិជនដែលចំណូលរបស់ពួកគេធ្លាក់ចុះ ប៉ុន្តែការសម្របសម្រួលនោះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន បើពុំដូច្នេះទេវានឹងប៉ះពាល់ដល់វិន័យឥណទាន។
លោកបានបន្ថែមថា៖ «ករណីអ្នកនេសាទនេះ អាចទៅនិយាយជាមួយគ្រឹះស្ថានបាន គឺផ្តោតទៅលើករណីជាក់ស្តែងចឹងណាស់។ ហើយបងជឿថា បើគេរកឃើញគាត់ពិតជារងផលប៉ះពាល់ ហើយគាត់ពិតជាអត់មានប្រភពចំណូលអីផ្សេងទៀត ប្រហែលជាគ្រឹះស្ថានហ្នឹងគេនឹងអាចសម្របសម្រួលឱ្យកូនបំណុលរបស់គាត់ដែរ។ […] តែដូចបងថាអញ្ចឹងថា គេធ្វើដោយការប្រុងប្រយ័ត្ន»។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ត្រីមានការថយចុះគឺដោយសារតម្រូវការទីផ្សារនិងការកែច្នៃងៀតនិងវេចខ្ចប់ផ្សេងៗមានការកើនឡើង។
លោក អ៊ុន ចាន់ដា បានអះអាងដូច្នេះថា៖ «អញ្ចឹងទេគឺតម្រូវការខ្ពស់ បរិមាណត្រីមិនអាចឆ្លើយតបដល់តម្រូវការហ្នឹងបានទេ។ ជាវិធានការគឺយើងមានតែខិតខំប្រឹងប្រែងទប់ស្កាត់នៅរដូវវស្សា រដូវហាមនេសាទ គឺទប់ស្កាត់កុំឱ្យបងប្អូននេសាទត្រី ព្រោះជារដូវខែត្រីពង។ យើងមានវិធានការដោះស្រាយហើយ ទប់ស្កាត់កុំឱ្យមានការនេសាទត្រីខុសច្បាប់»។
វិធានការមួយទៀតដែលលោកអភិបាលខេត្តរូបនេះបានអះអាងគឺការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម ដោយប្រជាពលរដ្ឋដែលគាត់មានលទ្ធភាពក្នុងការជីកស្រះចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ទីផ្សារ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ករណីទឹកឡើងយឺតនេះបណ្តាលមកពីភ្លៀងធ្លាក់តិចតួច។
លោក ចាន់ យុត្ថា បាននិយាយដូច្នេះថា៖ «យើងឃើញមានភាពរអាក់រអួលបន្តិច[ករណី]ភ្លៀង ជាពិសេសនៅក្នុងដើមខែ៧នេះ។ ប៉ុន្តែចាប់ពីសប្តាហ៍កន្លងមក ឃើញចុងពាក់កណ្តាលសប្តាហ៍កន្លងមក ហើយនិងសប្តាហ៏នេះ ភ្លៀងបានបន្តធ្លាក់រាយប៉ាយឡើងវិញ ហើយវាមានការប៉ះពាល់ប៉ុន្តែអត់មានការខូចខាតទេ»។
លោក ចាន់ យុត្ថា ថាក្រសួងបានធ្វើអន្តរាគមន៍ជាបន្តបន្ទាប់រួចហើយចំពោះបញ្ហាខ្វះទឹកនេះ រួមមាន ការប្រើគ្រឿងចក្រកាយប្រឡាយនាំទឹកបន្ថែមសម្រាប់ការប្រើប្រាស់ជាដើម៕