មន្ត្រីខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តំណាងពលរដ្ឋជម្លោះដីធ្លីម្នាក់ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ ស្ថិតនៅឃុំត្រពាំងព្រីង ក្នុងស្រុកតំបែរ។
កាលពីម្សិលមិញនេះ អ្នកភូមិ២០នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលអាជ្ញាធរចុះអនុវត្តដីការក្សាការពារដីធ្លីជូនក្រុមហ៊ុន ស្ថិតក្នុងភូមិស្រែប្រាំងនិងភូមិបុស្សស្នោរ។
នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រោយឃុំមួយយប់និងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តរួចមក សមត្ថកិច្ចបានបញ្ជូនតំណាងពលរដ្ឋម្នាក់ លោក ហឿន ស៊ីនាថ ទៅតុលាការនៅព្រឹកថ្ងៃនេះ ហើយពលរដ្ឋផ្សេងទៀតបន្តស្ថិតក្រោមការសាកសួរបន្ថែម។
មន្ត្រីសាលាខេត្តរូបនេះ អះអាងថា ពលរដ្ឋរូបនេះត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការទៅតាមដីកាចាប់ខ្លួនចេញដោយតុលាការពាក់ព័ន្ធនឹងការចោទថា បានដឹកនាំពលរដ្ឋតវ៉ានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
លោក ម៉ៅ ឌុង បន្ថែមថា៖ «គាត់មានដីកាចាប់ខ្លួនពីតុលាការ [ឱ្យ]តែមានដីកា គឺគេបញ្ជូនទៅហើយ។ ដីកាគាត់ហ្នឹង គេប្តឹងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌដែលគាត់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនពេលកន្លងមក»។
ពលរដ្ឋនៅភូមិស្រែប្រាំង លោក សែម ចំណាន ដែលកំពុងរត់គេចពីភូមិដោយបារម្ភពីការចាប់ខ្លួនរូបលោកផងដែរនោះ បានឱ្យដឹងថា លោក ហឿន ស៊ីនាថ ជាតំណាងពលរដ្ឋម្នាក់ដែលសកម្មចេញមុខតវ៉ាដីធ្លីជាមួយប្រជាពលរដ្ឋប្រឆាំងនឹងការឈូសឆាយដីធ្លីពីសំណាក់ក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន។
អ្នកភូមិរូបនេះ អះអាងថា ការចាប់ខ្លួនលោក ហឿន ស៊ីនាថ បញ្ជូនទៅតុលាការនិងការចាប់ខ្លួនអ្នកភូមិផ្សេងទៀត ត្រូវបានធ្វើឡើងដោយគ្មានដីការបស់តុលាការនោះឡើយ។
លោក សែម ចំណាន និយាយថា៖ «ករណីអាជ្ញាធរចាប់ខ្លួនពលរដ្ឋនេះ ទី១ អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លី ដោយអាជ្ញាធរមិនដោះស្រាយតាមច្បាប់ អាជ្ញាធររំលោភសិទ្ធប្រជាពលរដ្ឋ តាមតែបញ្ជារបស់ក្រុមហ៊ុន។ ខ្ញុំសុំឱ្យសម្តេចជួយអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកចាប់មុននិងអ្នកចាប់ក្រោយ។ ហើយទម្លាក់ចោលការចោទប្រកាន់រាល់បណ្តឹងដែលក្រុមហ៊ុនបានប្តឹងមកលើពួកខ្ញុំ។ ហើយសុំដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដោយស្របច្បាប់»។
មន្ត្រីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន ដែលតាមដានករណីនេះ មានប្រសាសន៍ថា អាជ្ញាធរមិនគួរណាចាប់និងចោទប្រកាន់ពលរដ្ឋដោយសារមានរឿងជម្លោះដីធ្លីនោះទេ។ លោកថា អាជ្ញាធរគួរតែសម្របសម្រួលដោះស្រាយបញ្ហាវិវាទដីធ្លីនេះតាមនីតិវិធី ដោយគ្មានការចាប់ខ្លួនពលរដ្ឋរូបណានោះឡើយ។
លោក ឡេង សេងហាន និយាយថា៖ «អាជ្ញាធរមិនគួរណាចាប់ពលរដ្ឋនោះទេ ពីព្រោះពលរដ្ឋខ្លួនឯងទេ។ គួរណាតែអាជ្ញាធរខ្មែរយើងហ្នឹងយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋខ្មែរឯងច្រើនជាងបរទេស ព្រោះប្រជាពលរដ្ឋខ្មែរយើងមិនសូវចេះដឹងអំពីច្បាប់ប៉ុន្មានទេ។ អ៊ីចឹង ពួកគាត់មានកំហុសឆ្គងតិចតួច លើកលែងទៅ»។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះដែរ តំណាងសហគមន៍ស្រែប្រាំង លោក សែម សាង ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំសម្រេចកាត់ទោសកាលពីដើមខែមិថុនាកន្លងមក ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទថា បានកំហែងយកដោយមានអាវុធ។ អ្នកភូមិរូបនេះត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ខ្លួននៅឯភូមិស្រែប្រាំងកាលពីខែតុលាឆ្នាំមុន នៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះ។
ក្នុងញត្តិដាក់ទៅសាលាខេត្តត្បូងឃ្មុំកាលពីពាក់កណ្ដាលខែកក្កដា ក្រុមពលរដ្ឋបានទាមទារយកដីសហគមន៍ទំហំ១២៣០ហិកតាពីក្រុមហ៊ុនចិនមកវិញ និងទាមទារទៅអាជ្ញាធរឱ្យបានច្បាស់លាស់នូវទីតាំងដីទំហំ៤២១.៧០ហិកតាដែលត្រូវបានអាជ្ញាធរទទួលស្គាល់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុននេះ៕