គណៈកម្មការទន្លេមេគង្គ (MRC) ជំរុញឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គ រួមទាំងកម្ពុជា ចូលរួមដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈអាងទន្លេមេគង្គក្រោមមានលំហូរទឹកទាបនារយៈពេល២ឆ្នាំចុងក្រោយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC នៅថ្ងៃសុក្រនេះ បានលើកឡើងថា របាយការណ៍ពីស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គក្រោម ក្នុងរយៈពេល៧ខែឆ្នាំនេះ បានកំណត់នូវបុព្វហេតុបឋមជាច្រើនដែលអាចបង្កឱ្យមានលំហូរទឹកទាបនិងគ្រោះរាំងស្ងួតនៅឆ្នាំនេះ ក្នុងនោះមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអែលនីណូ ស្ថានភាពលំហូរទឹកទាបរយៈពេលយូរដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។
MRC បានបន្តថា បញ្ហានេះអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផលនិងធារាសាស្ត្រ ខណៈប្រទេសវៀតណាមអាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើដីសណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវនិងថៃក៏អាចនឹងរងផលប៉ះពាល់ផងដែរ។
MRC បញ្ជាក់ថា៖ «ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះ ដោយសារការបាត់បង់នូវតំបន់លូតលាស់នានា ដែលប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ គេព្យាករថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើតមានឡើង ដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់»។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ បានអំពាវនាវដល់ប្រទេសតាមដងទន្លេមេគង្គទាំង៦ បង្កើនការចែករំលែកទិន្នន័យនិងព័ត៌មានពីប្រតិបត្តិការទំបន់និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ីប្រទេសជាមួយនឹង MRC ឱ្យបានរហ័សនិងប្រកបដោយតម្លាភាព។
លោកថា៖ «វាដល់ពេលហើយដែលប្រទេសទាំងអស់ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាងនិងធ្វើសកម្មភាពដើម្បីប្រយោជន៍រួម សម្រាប់អាងទន្លេមេគង្គទាំងមូលនិងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់»។
ប្រតិបត្តិការនៃទំនប់នានាតាមទន្លេមេក្នុងអាងទន្លេមេគង្គលើនិងទំនប់តាមដៃទន្លេផ្សេងៗក្នុងអាងទន្លេមេគង្គក្រោម អាចនឹងជះឥទ្ធិពលលើស្ថានភាពលំហូរទឹកទាបនេះដែរ ប៉ុន្តែលេខាធិការដ្ឋាន MRC មិនមានទិន្នន័យនិងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពីផលប៉ះពាល់ដែលអាចកើតមាននៃប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើទេ។
អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក សូ សុភ័ទ្ទ បានមានប្រសាសន៍ប្រាប់វីអូឌីតាមតេឡេក្រាមថា គិតមកដល់បច្ចុប្បន្ន ក៏ដូចជាទៅថ្ងៃអនាគត កម្ពុជាបាននិងត្រៀមចូលរួមនិងផ្តល់កិច្ចសហការជាមួយគណៈកម្មការទន្លេមេគង្គ ទាំងការផ្តល់ទិន្នន័យនិងព័ត៌មាន។
លោកបានបន្ថែមថា ស្ថិតក្នុងស្ថានភាពបែបនេះ គឺមានភាពចាំបាច់ណាស់ដែលប្រទេសតាមដងទន្លេមេគង្គត្រូវសហការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៃគ្រោះរាំងស្ងួតក្នុងអាងទន្លេមេគង្គដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ន។
លោកថា៖ «ការចែករំលែកទិន្នន័យនិងព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីបម្រើនិងគំាទ្រដល់ការរៀបចំផែនការ ការពិនិត្យតាមដាន ការធ្វើសេចក្តីសម្រេចចិត្ត ក៏ដូចជាដើម្បីអាចកាត់បន្ថយនិងត្រៀមបង្ការហានិភ័យនានាដែលអាចកើតមាន»។
លោក ម៉ក់ ប៊ុនធឿន អ្នកសម្របសម្រួលបណ្តាញវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ថា នេះជាតួនាទីរបស់ MRC ក្នុងការជំរុញឱ្យបណ្តាប្រទេសតាមទន្លេមេគង្គ ត្រូវធ្វើការរួមគ្នានិងត្រូវបើកចំហព័ត៌មាន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានិរន្តរភាពទន្លេមេគង្គ។
លោកបន្តថា៖ «ទឹក[ទន្លេមេគង្គ]មិនត្រឹមតែនាំត្រី ចិញ្ចឹមត្រី ត្រីធ្វើបំលាស់ទីទៅបឹងទន្លេសាប ហែលចុះហែលឡើងនោះទេ ប៉ុន្តែទឹកក៏ជាប្រភពនៃការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ និងដៃទន្លេមួយចំនួន គឺពួកគាត់ពឹងលើទឹកមកពីហ្នឹងដើម្បីបង្កបង្កើនផល ដូច្នេះទឹកប្រែប្រួលអត់ទៀងទាត់ ធ្វើឲ្យពួកគាត់រងចាំមិនច្បាស់ថាតើគួរធ្វើឬមិនគួរធ្វើ ដូច្នេះវាធ្វើឲ្យខូចផែនការកសិកម្មរបស់ពួកគាត់»។
លោក គង់ ចាន់ធី ប្រជាសហគមន៍នេសាទភូមិរុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបង្ហាញការគាំទ្រឱ្យមានការដោះស្រាយរួមលើបញ្ហានានាលើដងទន្លេមេគង្គនិងមិនគួរឱ្យមានការអភិវឌ្ឍទំនប់វារីអគ្គិសនីបន្ថែមទៀតទេ ដើម្បីឱ្យការប្រើប្រាស់ធនធានក្នុងទន្លេមេគង្គមាននិរន្តរភាព។
លោកថា៖ «ខ្ញុំគាំទ្រ បើ MRC ស្នើសុំឱ្យប្រទេសតាមដងទន្លេមេគង្គរកដំណោះស្រាយ[លើបញ្ហាលំហូរទឹកទាប]នេះ ប៉ុន្តែមិនគាំទ្រចំពោះការអភិវឌ្ឍទំនប់វារីអគ្គិសនីបន្ថែមទៀតទេ ព្រោះវាមានផលប៉ះពាល់ដល់លំហូរទឹក សំខាន់គឺរបបអាហារ»៕