ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បានឲ្យដឹងថា ក្នុងកំឡុងពេលជួបវិបត្តិកូវីដ-១៩ រដ្ឋាភិបាលថៃ បានសម្រេចបន្តសុពលភាពឲ្យពលករខ្មែរចំនួន ៤ក្រុម អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន ចាប់ពីដើមខែសីហា ឆ្នាំ២០២០ ដល់ចុងខែមីនា ឆ្នាំ២០២២។
ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហានេះ បានលើកឡើងថា ពលករខ្មែរទាំង៤ក្រុម ដែលរដ្ឋាភិបាលថៃ បានសម្រេចបន្តសុពលភាពស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននោះ រួមមាន អ្នកចូលធ្វើការក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MOU)ចប់កិច្ចសន្យាការងារ៤ឆ្នាំ, អ្នកចូលធ្វើការក្រោម MOU ដែលអស់សុពលភាពស្នាក់នៅនិងធ្វើការ ដោយសារនិយោជកចាស់ឈប់ជួល ហើយមិនអាចធ្វើការប្តូរនិយោជកបានទាន់ពេលតាមច្បាប់កំណត់, អ្នកដែលនិយោជកមិនបាននាំទៅដំណើរការចុះបញ្ជីឈ្មោះតាមប្រព័ន្ធអនឡាញបានទាន់ពេលវេលា និងអ្នកដែលចូលទៅធ្វើការព្រឹកវិលល្ងាចនិងតាមរដូវ តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
ក្រសួងបន្តថា ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការបណ្តោះអាសន្នបន្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២នោះ រដ្ឋាភិបាលថៃ បានតម្រូវឲ្យនិយោជក ឬតំណាងនិយោជករបស់ពលករខ្មែរទាំង៤ក្រុមនេះ ត្រូវនាំពលកររបស់ខ្លួនទៅដាក់ពាក្យសុំបន្តទិដ្ឋការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារឲ្យបានរួចរាល់ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២០។
របាយការណ៍របស់ក្រសួងការងារដែលចេញផ្សាយនៅដើមឆ្នាំមុន បញ្ជាក់ថា មានពលករខ្មែរប្រមាណជាង ១លាននាក់ បានទៅធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ក្រសួងមិនបានបង្ហាញពីតួលេខនៃអ្នកដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃនៅឡើយទេ៕