ក្រសួងសុខាភិបាល បានប្រកាសពីរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន១នាក់ ដែលនាំឱ្យករណីកូវីដ-១៩នៅកម្ពុជាកើនដល់២៤៦នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែសីហានេះ បានលើកឡើងថា អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ដែលជាបុរសជនជាតិខ្មែរ ចំនួន០៣នាក់ រួមមាន អាយុ២៤ឆ្នាំ រស់នៅភូមិកងមាស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, អាយុ២៦ ឆ្នាំ រស់នៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាយុ ២៧ឆ្នាំ រស់នៅភូមិកាញចុង ឃុំក្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រសួងបន្តថា បុរសជនជាតិខ្មែរទាំង៣នាក់នោះ បានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ដោយពួកគេបានធ្វើតេស្តលើកទី២ រកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី០៧ ខែសីហា ក្នុងមណ្ឌលចត្តាឡីស័ករបស់ពួកគាត់ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កបុរី១០០ខ្នង ហើយបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ ដែលជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ រស់នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៤៦នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២១៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ៣១នាក់៕