រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីរាជការចំណុះឲ្យក្រសួង ដែលបំពេញមុខងារពីរ ជាអ្នករាជការសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ត្រូវជ្រើសរើសយកមុខងារតែមួយប៉ុណ្ណោះ។
ការណែនាំនេះ បានធ្វើឡើងក្រោយពីក្រសួងបានរកឃើញ មានមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខ្លះ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងសេចក្តីណែនាំនោះថា ការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង របស់មន្ត្រីរាជការដែលចំណុះឲ្យក្រសួងនេះ គឺផ្ទុយទៅនឹងបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពី ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
ករណីនេះ លោកបានណែនាំថា ក្នុងករណីជ្រើសរើសយកការបំពេញការងារជាអ្នករាជការសាធារណៈ មន្ត្រីរាជការជាតិ និងថ្នាក់ក្រោមជាតិ ដែលប្រកបវិជ្ជាជីវៈជាមេធាវី ត្រូវធ្វើសំណើរទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំស្ថិតក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈមេធាវី ប៉ុន្តែបើជ្រើសរសើយកមុខងារជាអ្នកប្រកបវិជ្ជាជីវៈជាមេធាវី ត្រូវដាក់ពាក្យស្នើសុំលាឈប់ពីអ្នករាជការសាធារណៈ។
លោកថា៖ «ក្នុងករណី មិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាម៉ីខ្លួនអាចដាក់ពាក្យស្នើសុំស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងច្បាប់ជាធរមាន»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានណែនាំដល់គ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះឱក្រសួង ត្រូវចាត់ឱ្យមានការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីៈជាមេធាវី ខណៈកំពុងធ្វើការក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ហើយត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕